Skip to content

ហ្វ៊ី​លី​ពី​ន ចាប់ខ្លួន​ជនជាតិ​វៀតណាម ៣៧ នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​ លួច​បន្លំ​ឯកសារ

សមត្ថកិច្ច​នៃ ប្រទេស​ហ្វ៊ី​លី​ពី​ន បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម ចំនួន ៣៧ នាក់ ទាក់ទង​នឹង​ករណី​បន្លំ​ឯកសារ​ធនាគារ បន្ទាប់ពី​ការស្រាវជ្រាវ​នៅ ម៉ា​កា​ទី (Makati) ត្រូវបាន​ធ្វើឡើង។

ជនជាតិ​វៀតណាម ទាំង ៣៧ នាក់ ដែល​រួមមាន ស្ត្រី ២៣ នាក់ និង បុរស​ចំនួន ១៤ នាក់​នេះ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង ទីក្រុង​ម៉ា​កា​ទី នៃ រដ្ឋធានី​ម៉ានីល កាលពី​ថ្ងៃទី ៧ ធ្នូ។ នេះ​បើតាម​ការឱ្យ​ដឹង​របស់ Randy Glenn Silvio ប្រធាន​ក្រុម​ស៊ើបអង្កេត​ផ្នែក​ព្រហ្មទណ្ឌ​របស់​នគរបាល​រដ្ឋធានី (CIDG) នា​ថ្ងៃនេះ។

ក្រុមប៉ូលិស​បាន​ឆ្មក់​ចូល​ផ្ទះ​របស់​ក្រុម​ជនជាតិ​វៀតណាម បន្ទាប់ពី​បានទទួល​ព័ត៌មាន​ថា មាន​ជនជាតិ​ហ្វ៊ី​លី​ពី​ន ចំនួន ៧ នាក់ ត្រូវបាន​បង្ខាំង​ខ្លួន​ដោយ​ខុសច្បាប់​នៅទីនេះ។

ជនជាតិ​ហ្វ៊ី​លី​ពី​ន ទាំង ៧ នាក់ ដែល​សុទ្ធតែជា​ស្ត្រី ត្រូវបាន​គេ​ជឿថា បានធ្វើការ​ជា​អ្នក​បំប្លែង​ទិន្នន័យ​ឱ្យ​ក្រុម​ជនជាតិ​វៀតណាម។ ស្ត្រី​ម្នាក់​បាន​និយាយថា ខ្លួន​មិនត្រូវ​បានអនុញ្ញាត​ឱ្យចេញ​ពី​ផ្ទះ ជាទី​ដែល​ក្រុម​ជនល្មើសប្រើប្រាស់​ជា​ការិយាល័យ។

សមត្ថកិច្ច ក្រោយមក បាន​រឹបអូស​កុំព្យូទ័រ​ចំនួន ១៤ គ្រឿង, ប័ណ្ណឥណទាន​ចំនួន ៥០ បន្ទះ, ប័ណ្ណ ATM ចំនួន ៤៩ បន្ទះ, ទូរស័ព្ទ​ចល័ត ៤២ គ្រឿង, ម៉ាស៊ីន​ចម្លង​ប័ណ្ណ រួម​នឹង​អត្តសញ្ញាណប័ណ្ណ​ចំនួន ៨ បន្ទះ ពី​ក្រុម​នេះ។ CIDG ឱ្យដឹងថា ជនសង្ស័យ​ទាំងនេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​បន្លំ​ប័ណ្ណឥណទាន និង​អំពើ​ល្មើសច្បាប់​ជាច្រើន​ទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *