Skip to content

52 នាក់​បាន​បាត់​បង់ជីវិត​ក្នុង​​ហេតុ​ការណ៍​​ផ្ទុះ​អណ្ដូងរ៉ែ នៅ រ៉ុ​ស្ស៊ី

(រ៉ុ​ស្ស៊ី)-មនុស្ស 52 នាក់ ក្នុងនោះ​មាន បុគ្គលិក​សង្គ្រោះបន្ទាន់ 6 នាក់ បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ផ្ទុះ​អណ្ដូងរ៉ែ​ធ្យូងថ្ម​នៅ​តំបន់ ស៊ី​បេ​រី (Siberia)។

ករណី​ផ្ទុះ​ឧស្ម័ន​មេតាន នៅក្នុង​អណ្ដូង​រ៉េ​ធ្យូងថ្ម Listvyazhnaya ក្នុង​តំបន់ Kemerovo ភាគ​និរតី​នៃ​តំបន់ ស៊ី​បេ​រី បាន​កើតឡើង​កាលពី​ថ្ងៃទី 25 វិច្ឆិកា បណ្ដាលឱ្យ​ផ្សែង​រាលដាល​គ្រប់កន្លែង​នៅក្នុង​ផ្លូវ​រូង​ក្រោម​ដី​នៃ​អណ្ដូងរ៉ែ។ សមត្ថកិច្ច​ឱ្យដឹងថា មនុស្ស 52 នាក់ បាន​បាត់​បង់ជីវិត។

ប៉ុន្មាន​ម៉ោង​ក្រោយ​ការផ្ទុះ កងកម្លាំង​សង្គ្រោះបន្ទាន់​បាន​រកឃើញ​សាកសព​ចំនួន 14 នាក់ ប៉ុន្តែ ត្រូវ​ផ្អាក​សកម្មភាព​ស្វែងរក ដោយសារ​ផ្សែង​ពុល។ ក្រុម​សង្គ្រោះ បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស 239 នាក់ ក្នុងនោះ​មាន 49 នាក់ រងរបួស។

សមត្ថកិច្ច​ទទួលស្គាល់​ថា លែងមាន​ឱកាស​ក្នុងការ​សង្គ្រោះ​មនុស្ស​នៅក្នុង​ហេតុការណ៍​នេះហើយ។ មូលហេតុ​នៃ​ការស្លាប់​របស់​មនុស្ស 52 នាក់​ខាងលើ ត្រូវបាន​បញ្ជាក់ថា ដោយសារ​ពុល​ឧស្ម័ន​កាបូនឌីអុកស៊ីត (CO2)។

ទីតាំង​អណ្ដូង​រ៉ែ

សារព័ត៌មាន​រុស្ស៊ី បាន​អះអាងថា តំបន់​អណ្ដូងរ៉ែ​នេះ បំពាក់​អុកស៊ីសែន​គ្រប់​គ្រាន់​ដល់​បុគ្គលិក​ដើម្បី​រក្សា​ជីវិត​បាន 6 ម៉ោង ហើយ​បើសិន​កែសម្រួល​នឹង​អាច​អូសបន្លាយ​បានតែ​ប៉ុន្មាន​ម៉ោង​បន្ថែមទៀត​ប៉ុណ្ណោះ។

នេះ​គឺជា​ករណី​ផ្ទុះ​ក្នុង​អណ្ដូងរ៉ែ​ដែល​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​ច្រើន​បំផុត​នៅ រុស្ស៊ី ចាប់តាំងពី​ឆ្នាំ 2010 បន្ទាប់ពី​ហេតុការណ៍​ផ្ទុះ និង​ករណី​អគ្គិភ័យ​នៅឯ​អណ្ដូងរ៉ែ Raspadskaya ដែល​បាន​នាំឱ្យ​មនុស្ស 91 នាក់ បាត់បង់​ជីវិត។

អណ្ដូងរ៉ែ​ធ្យូងថ្ម Listvyazhnaya ធ្លាប់​កើត​មាន​ហេតុ​ការណ៍​ផ្ទុះ​ឆេះ​កាលពី​ឆ្នាំ 2004 ម្ដង​រួចមកហើយ ដែល​ទាក់ទិន​នឹងផ្សែង​ពុល​នៃ​​ឧស្ម័ន​មេតាន និង​បាន​បណ្ដាលឱ្យ​ពលករ 13 នាក់​ត្រូវស្លាប់។ ឆ្នាំ 2007 ករណី​ផ្ទុះ​មួយ​ក៏បាន​កើតឡើង​នៅឯ​អណ្ដូងរ៉ែ Ulyanovskaya ក្នុង​តំបន់ Kemerovo ធ្វើឱ្យមាន​មនុស្ស​ស្លាប់​រហូតដល់ 110 នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *