អាជ្ញាធរចិនដីគោក តម្រូវឱ្យក្រុមហ៊ុនតៃវ៉ាន់ ដែលរកស៊ីនៅលើទឹកដីរបស់ ចិនដីគោក ត្រូវគូស «បន្ទាត់ខណ្ឌចែក» ជាមួយនឹងក្រុមអ្នកគាំទ្រឯករាជ្យរបស់ កោះតៃវ៉ាន់ បើសិនជាចង់រកប្រាក់នៅ ប្រទេសចិន។
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua កាលពីថ្ងៃទី 22 វិច្ឆិកា កន្លងទៅ បានចេញផ្សាយថា អាជ្ញាធរអនុវត្តច្បាប់របស់ ប្រទេសចិន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនតៃវ៉ាន់ Far Eastern Group ដែលរកស៊ីក្នុងវិស័យជាច្រើនដូចជា សណ្ឋាគារ និង គីមីប្រេង ជាដើម ក្រោមបទចោទទាក់ទិននឹងបញ្ហាពន្ធដារ សុវត្ថិភាពលើបញ្ហាផ្ទុះឆេះ។ ការស៊ើបអង្កេតកំពុងត្រូវបានធ្វើបន្ត។
ក្នុងការប្រកាសចុងក្រោយនៃថ្ងៃដដែលដើម្បីឆ្លើយតបនឹងសំនួរដែលសួរថា តើចំណាត់ការនេះអាចជាប់ទាក់ទងនឹងសកម្មភាពរបស់រដ្ឋាភិបាល សំដៅលើកងកម្លាំងដែល «ព្យាយាមគាំទ្រឯករាជ្យរបស់តៃវ៉ាន់» ដែរ ឬទេ ការិយាល័យទទួលបន្ទុកបញ្ហាកោះតៃវ៉ាន់ របស់ ប្រទេសចិន មិនបានអធិប្បាយផ្ទាល់ ដោយគ្រាន់តែលើកឡើងជាថ្មីនូវព័ត៌មានដែលបានចុះផ្សាយនៅលើទំព័រ Xinhua។
ប៉ុន្តែ ការិយាល័យខាងលើបានបង្កត់ធ្ងន់ថា ក្រុមអ្នកគាំទ្រឯករាជ្យរបស់ កោះតៃវ៉ាន់ «គំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងបង្កការខូចខាតផលប្រយោជន៍របស់ប្រជាជាតិចិន»។ ចិន ទទួលស្វគមន៍បណ្ដាក្រុមហ៊ុនតៃវ៉ាន់ ប៉ុន្តែ មិនអនុញ្ញាតឱ្យអ្នកគាំទ្រឯករាជ្យរបស់ តៃវ៉ាន់ មករកប្រាក់នៅ ប្រទេសចិន។
ចិនដីគោក តែងតែចាត់ទុក កោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលរង់ចាំតែការបម្រួបបង្រួមប៉ុណ្ណោះ ហើយថានឹងប្រើកម្លាំងបាយ បើសិនជាចាំបាច់៕