ក្រុមហ៊ុន AstraZeneca គ្រោងនឹងប្រមូល «ប្រាក់ចំណេញតិចតួច» ពីកិច្ចសន្យាផ្គត់ផ្គង់វ៉ាក់សាំងបង្ការ COVID-19 ថ្មី ជំនួសឱ្យការរក្សារូបមន្ត «មិនស្វែងរកប្រាក់ចំណេញ»។
ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី 12 វិច្ចិកា ក្រុមហ៊ុនផលិតឱសថរបស់ អង់គ្លេស-ស៊ុយអែត AstraZeneca បានឱ្យដឹងថា ពួកគេកំពុងមានគម្រោងផ្លាស់ប្ដូរបណ្ដើរៗដើម្បីរកប្រាក់ចំណេញតិចតួចនៅពេលទទួលការបញ្ជាទិញវ៉ាក់សាំងថ្មី»។ ពួកគេបន្តថា ខ្ទង់ប្រាក់ចំណេញតិចតួចដែលបានមកពីការលក់វ៉ាក់សាំងក្នុងត្រីមាសទីបួន នឹងត្រូវបានប្រើប្រាស់ដើម្បីប៉ះប៉ូវលើខ្ទង់ចំណាយទាក់ទងនឹងសមាសធាតុនៃអង្គបដិប្រាណដែលត្រូវបានអភិវឌ្ឍសម្រាប់ការទប់ស្កាត់ និងព្យាបាលជំងឺ COVID-19។
នាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca លោក Pascal Soriot បានបញ្ជាក់ថា ពួកគេកំពុងលើកឡើងនូវតម្លៃទាបសមរម្យ និងទៅតាមកម្រិតផ្សេងៗ អាស្រ័យទៅលើលទ្ធភាពចំណាយរបស់ប្រទេសនីមួយ។ លោកថា ប្រភេទវ៉ាក់សាំងបង្ការ COVID-19 ដែល AstraZeneca សហការអភិវឌ្ឍ និងផលិតជាមួយសាកលវិទ្យាល័យ Oxford របស់ អង់គ្លេស នឹងមិនក្លាយជា «ប្រភពចំណូលធំនោះទេ»។
ប្រាក់ចំណូលពីវ៉ាក់សាំងបង្ការ COVID-19 របស់ AstraZeneca ក្នុងត្រីមាសទីបីគឺ 1.1 ពាន់លានដុល្លារ ទាបជាងឆ្ងាយធៀបនឹង 13 ពាន់លានដុល្លាររបស់ Pfizer និង 4.8 ពាន់លានដុល្លាររបស់ Moderna។ ក្រុមហ៊ុននេះថែមទាំងបានប្រកាសអំពីខ្ទង់ខាតបង់ 1.65 ពាន់លានដុល្លារក្នុងត្រីមាសទីបី ធៀបនឹងខ្ទង់ចំណេញក្រោយពន្ធ 651 លានដុល្លារក្នុងដំណាក់កាលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែការបង្កើនចំណាយទៅលើកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍជាច្រើន រួមទាំងវិធីសាស្ត្រព្យាបាលជំងឺ COVID-19 ផងដែរ។
AstraZeneca បានសន្យាលក់វ៉ាក់សាំងក្នុងតម្លៃដើមសម្រាប់អំឡុង COVID-19 រាតត្បាតសកល និងកំពុងគិតថ្លៃប្រហែល 5 ដុល្លារក្នុងមួយដូស។ ប៉ុន្តែ លោក Soriot យល់ថា គ្រប់គ្នាត្រូវទទួលស្គាល់ថា COVID-19 កំពុងតែក្លាយទៅជាជំងឺតាមតំបន់។ យើងនឹងត្រូវរៀនរស់នៅជាមួយជំងឺនេះ មានន័យថា ត្រូវការចាក់វ៉ាក់សាំងរំលឹកឱ្យបានទៀងទាត់» CEO របស់ក្រុមហ៊ុន AstraZeneca ថ្លែងដូច្នេះ។
គិតត្រឹមចុងខែកញ្ញា AstraZeneca បានផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ជាង 145 លានដូស ដល់បណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម តាមរយៈយន្តការ COVAX របស់អង្គការសុខភាពពិភពលោក (WHO) ពោលគឺស្មើនឹងពាក់កណ្ដាលនៃប្រភពវ៉ាក់សាំងរបស់ COVAX។ តួលេខនេះនឹងកើនឡើងដល់ 250 លានដូសនៅចុងឆ្នាំនេះ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន AstraZeneca ក៏នៅតែសន្យាថា ផ្គត់ផ្គង់វ៉ាក់សាំងក្នុងតម្លៃដើម ដល់បណ្ដាប្រទេសក្រីក្របំផុត៕