ចន្ទ្រគ្រាសនេះនឹងកើតឡើងនៅថ្ងៃទី 18 ឬ 19 វិច្ឆិកា ហើយអាចមើលឃើញនៅតំបន់ជាច្រើនក្នុងពិភពលោក រួមមាន ទ្វីបអាម៉េរិក អូស្ត្រាលី អឺរ៉ុប និងទ្វីបអាស៊ី។
យោងតាមស្ថិតិនៃការស្រាវជ្រាវរបស់ទីភ្នាក់ងារអវកាសអាម៉េរិក NASA គិតពីឆ្នាំ 2001 ដល់ឆ្នាំ 2100 ចន្ទ្រគ្រាសដែលនឹងកើតឡើងនៅសប្ដាហ៍ក្រោយនេះនឹងជាចន្ទ្រគ្រាសមួយផ្នែកដែលយូរជាងគេបង្អស់ក្នុងរយៈពេលមួយសតវត្សរ៍ ដោយវានឹងអូសបន្លាយពេលរហូតដល់ 3 ម៉ោង 28 នាទី និង 23 វិនាទី។ វាក៏នឹងយូរជាងឆ្ងាយ បើធៀបនឹងចន្ទ្រគ្រាសទាំងស្រុងដែលយូរជាងគេបំផុតក្នុងមួយសតវត្សរ៍ ដែលបានកើតឡើងកាលពីឆ្នាំ 2018 ជាមួយពេលវេលា 1 ម៉ោង និង 43 នាទី។ យោងតាមស្ថានីយតារាសាស្ត្រ Holcomb នៅរដ្ឋ Indiana សហរដ្ឋអាម៉េរិក នេះក៏ជាចន្ទគ្រាសមួយផ្នែកដែលយូរជាងគេក្នុងអំឡុង 580 ឆ្នាំផងដែរ។
ចន្ទ្រគ្រាសនេះនឹងចាប់ផ្ដើមកើតឡើងនៅវេលាម៉ោង 14 និង 19 នាទី ហើយឡើងដល់កម្រិតកំពូលនៅវេលាម៉ោងប្រហែល 16 រួចបញ្ចប់នៅម៉ោង 17 និង 47 នាទី ថ្ងៃទី 19 វិច្ឆិកា (ម៉ោងនៅភ្នំពេញ)។ ក្នុងព្រឹត្តិការណ៍ចន្ទ្រគ្រាសលើកនេះ ស្រមោលរបស់ផែនដីនឹងគ្របដណ្ដប់លើព្រះចន្ទស្ទើរតែទាំងស្រុង (97%)។
អ្នកដែលចូលចិត្តវិស័យតារាសាស្ត្រនៅតំបន់ជាច្រើនក្នុងទ្វីបអាម៉េរិក អូស្ត្រាលី ទ្វីបអឺរ៉ុប និងទ្វីបអាស៊ី អាចគយគន់ចន្ទ្រគ្រាសលើកនេះនៅថ្ងៃទី 18 វិច្ឆិកា ឬ 19 វិច្ឆិកា ដោយពេលវេលាជាក់ស្ដែងគឺអាស្រ័យទៅតាមតំបន់។
ព្រឹត្តិការណ៍ចន្ទ្រគ្រាសកើតឡើងនៅពេលផែនដីគោចរទៅដល់ចន្លោះព្រះអាទិត្យ និងព្រះចន្ទ។ ពេលនោះ ស្រមោលផែនដីនឹងជះទៅលើព្រះចន្ទ។ ផែនដីអាចបាំងពន្លឺព្រះអាទិត្យដែលចាំងទៅលើព្រះចន្ទមួយផ្នែក ឬទាំងស្រុង ដែលបណ្ដាលឱ្យផ្ទៃព្រះចន្ទត្រូវងងឹត៕