Skip to content

ជនជាតិ​អាស៊ី ដំបូង​គេ ដែល​ធ្វើជា​ចៅក្រម​តុលាការ​សហព័ន្ធ នៅ សហរដ្ឋ​អាម៉េរិក

Tana Lin ដែលជា​ពលរដ្ឋ​អាម៉េរិក ដើមកំណើត​អាស៊ី ត្រូវបាន​សភា​ជាន់ខ្ពស់​របស់ អាម៉េរិក អនុម័ត​ឱ្យ​កាន់តំណែង​ជា​ចៅក្រម​តុលាការ​សហព័ន្ធ​នៅ ទីក្រុង Seattle រដ្ឋ​វ៉ា​ស៊ី​ង​តោន។

លោកស្រី Lin ដែលជា​ប្រធាន​ក្រុមប្រឹក្សា​សម្ព័ន្ធ​សេរី​ស៊ីវិល​សហរដ្ឋ​អាម៉េរិក នៅក្នុង​រដ្ឋ វ៉ា​ស៊ី​ង​តោន នឹង​ក្លាយជា​ជនជាតិ​អាម៉េរិក​ដើមកំណើត​អាស៊ី ដំបូង​គេ ដែល​ក្លាយជា​ចៅក្រម​តុលាការ​សហព័ន្ធ​នៅ វ៉ា​ស៊ី​ង​តោន នេះ​បើតាម Patty Murray តំណាងរាស្ត្រ​នៅ​សភា​ជាន់ខ្ពស់​របស់​គណៈបក្ស​ប្រជាធិបតេយ្យ។

«ជនជាតិ​អាម៉េរិកស័ក្ដិសម​មាន​ប្រព័ន្ធយុត្តិធម៌​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់រូប។។ ការកសាង​ប្រព័ន្ធតុលាការ​ដែលមាន​យុត្តិធម៌​ជាង ចាប់ផ្ដើម​ដោយ​ការតែងតាំង​បណ្ដា​មេធាវី​ស​ធារ​ណៈ និង​មេធាវី​សិទ្ធិមនុស្ស ដូចជា​លោកស្រី Lin ជាដើម ឱ្យធ្វើជា​ចៅក្រម» Murray ថ្លែង​ដូច្នេះ។

លោកស្រី Lin ត្រូវបាន​ប្រធានាធិបតី Joe Biden ជ្រើសរើស​ជា​បេក្ខភាព​សម្រាប់​តំណែង​ចៅក្រម​តុលាការ​សហព័ន្ធ នៅក្នុង​ខណ្ឌ​វ៉ា​ស៊ី​ង​តោន​ខាងលិច កាលពី​ខែមេសា។ រដ្ឋ​វ៉ា​ស៊ី​ង​តោន មាន​តុលាការ​សហព័ន្ធ​ចំនួន​ពីរ រួមមាន​តុលាការ​ស្រុក​​ខាង​កើត​​ (United States District Court for the Eastern District of Washington) និង​តុលាការ​ស្រុក​​ខាងលិច (United States District Court for the Western District of Washington)។

លោកស្រី​ Tana Lin

លោកស្រី Lin អាយុ 55 ឆ្នាំ គឺជា​មេធាវី​សម្រាប់​ពលករ​ក្នុងករណី​រើសអើង​ក្នុង​ការងារ ក្នុងនោះ​ក៏មាន​ពលករ​អន្តោប្រវេសន៍​មកពី​ខាងក្រៅ នៅក្នុង រដ្ឋ​វ៉ា​ស៊ី​ង​តោន។

សភា​ជាន់ខ្ពស់​អាម៉េរិក ថ្មីៗនេះ​ក៏បាន​យល់ព្រម​ឱ្យ Lauren King ដែលជា​មេធាវី​ឯកទេស​ខាង​ការពារ​កុលសម្ព័ន្ធ ធ្វើជា​ចៅក្រម​តុលាការ​សហព័ន្ធរដ្ឋ​វ៉ា​ស៊ី​ង​តោន ហើយ​នេះ​ក៏​ជា​​ជនជាតិដើម​អាម៉េរិក​ដំបូង ដែល​បាន​ធ្វើ​ជា​ចៅក្រម​តុលាការ​សហព័ន្ធ​។ David Estudillo អតីត​មេធាវី​អន្តោប្រវេសន៍ និង​ជា​ចៅក្រម​តុលាការ​ស្រុក Grant ត្រូវបាន​ជ្រើសតាំង​ជា​ជា​ចៅក្រម​តុលាការ​សហព័ន្ធ​ នៅ​ ​វ៉ា​ស៊ី​ង​តោន​ខាងលិច។

លោកស្រី Lin បានចាប់ផ្ដើម​ការងារ​ជា​មេធាវី​ស​ធា​រណៈ​នៅក្នុង រដ្ឋធានី​វ៉ា​ស៊ី​ង​តោន មុនពេល​ក្លាយជា​មេធាវី​សាកល្បង​ការងារ​ទទួលបន្ទុក​ការពារ​ក្ដី​ទាក់ទង​នឹង​បញ្ហា​ការងារ ស្ថិតក្រោម​ឱវាទ​នៃ​អង្គភាព​សិទ្ធិ​ពលរដ្ឋ​របស់​ក្រសួងយុត្តិធម៌។

លោកស្រី Lin គឺជា​ជនជាតិ​ចិនតៃវ៉ាន់ ដែល​បានមក​រស់នៅ​លើទឹក​ដី​សហរដ្ឋ​អាម៉េរិក តាំងពីរ​អាយុ 3 ឆ្នាំ។ មុនពេល​បាន​ទៅ​សិក្សា លោកស្រី​ចេះ​និយាយ​តែ​ភាសា​ចិន​កុក​ងឺ​ប៉ុណ្ណោះ។ លោកស្រី បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ Cornell និង​មហាវិទ្យាល័យ​ច្បាប់​នៃ​សាកលវិទ្យាល័យ​នី​វ​យ៉ក៕

Leave a Reply

Your email address will not be published. Required fields are marked *