គណនី Twitter របស់អគ្គកុងស៊ុលចិន រួមនឹងមនុស្សជាង 550 នាក់ផ្សេងទៀត បានផ្សព្វផ្សាយព័ត៌មានដែលនិយាយថា COVID-19 មាននៅក្នុងទំនិញជាបង្កងដែលនាំពី សហរដ្ឋអាម៉េរិក ចូលមកកាន់ ទីក្រុងអ៊ូហាន របស់ ប្រទេសចិន កាលពីខែវិច្ឆិកា ឆ្នាំ 2019។
Marcel Schliebs ដែលជាអ្នកជំនាញផ្នែកស្រាវជ្រាវព័ត៌មានមិនពិតប្រចាំសាកលវិទ្យាល័យ Oxford របស់ ចក្រភពអង់គ្លេស បានតាមដានសារទាំងឡាយដែលក្រុមមន្ត្រីការបរទេស និងសារព័ត៌មានចិន បានបង្ហោះនៅលើបណ្ដាញសង្គម Twitter ក្នុងរយៈពេល 18 ខែកន្លង។ កាលពីខែកញ្ញា អ្នកជំនាញរូបនេះបានរកឃើញ សម្មតិកម្ម «ដ៏គួរឱ្យភ្ញាក់ផ្អើល» ស្ដីពីប្រភពរបស់ COVID-19 ដែលត្រូវបានក្រុមមន្ត្រីការទូតចិន ផ្សព្វផ្សាយ។
កាលពីថ្ងៃទី 21 ខែតុលា ឆ្នាំ 2021 Schliebs បានឱ្យដឹងថា អគ្គកុលស៊ុលចិន ប្រចាំ ប្រទេសឥណ្ឌា Zha Liyou បានបង្ហោះសារមួយនៅលើ Twitter ថា COVID-19 ដែលបានផ្ទុះឆ្លងរាលដាលនៅ ទីក្រុងអ៊ូហាន អាចមានប្រភពពីបង្កងដែលនាំចូលពី រដ្ឋម៉ែន (Maine) របស់ សហរដ្ឋអាម៉េរិក កាលពីខែវិច្ឆិកា ឆ្នាំ 2019។ នេះគឺជាសម្មតិកម្មថ្មីបំផុតស្ដីពីប្រភពរបស់ COVID-19 ដែលត្រូវបានគណនី Twitter នានាដែលទាក់ទងនឹង ប្រទេសចិន បានលើកឡើងក្នុងរយៈពេលពីរឆ្នាំកន្លងទៅ។
បន្ទាប់ពីការស្រាវជ្រាវស៊ីជម្រៅ Schliebs បានរកឃើញថា មានបណ្ដាញគណនី Twitter ជាង 550 បានចូលរួមផ្សព្វផ្សាយសារខាងលើ ដែលសារទាំងនេះត្រូវបានបកប្រែជាភាសាផ្សេងៗជាច្រើន ដូចជា អង់គ្លេស បារាំង ប៉ូឡូញ កូរ៉េ និង ភាសាឡាតាំង ជាដើម ហើយសារទាំងនេះត្រូវបានបង្ហោះយ៉ាងទៀតទាត់ជារៀងរាល់ថ្ងៃ ក្នុងអំឡុងពីម៉ោង 8 ព្រឹក ដល់ម៉ោង 11 (ម៉ោងនៅទីក្រុងប៉េកាំង)។
Schliebs បញ្ជាក់ថា ក្នុងចំណោមគណនីរាប់រយខាងលើ មានគណនីមួយចំនួនហាក់ដូចជាគណនីក្លូន (clone) ដោយវាមានអ្នកតាមដាន (follower) តិចបំផុត ឬគ្មានសោះតែម្ដង។ គណនីមួយចំនួនទៀតត្រូវបានបញ្ជាក់ពីភាពត្រឹមត្រូវ ប៉ុន្តែត្រូវបានគេហែកចូលគ្រប់គ្រងដើម្បីផ្សព្វផ្សាយសម្មតិកម្មខាងលើ។
«ពិតជាពិបាកធ្វើការសន្និដ្ឋាន ប៉ុន្តែ យើងអាចមើលឃើញថា សកម្មភាពទាំងនោះគឺជាយុទ្ធនាការឃោសនាព័ត៌មាន និងនាំមកនូវផលប្រយោជន៍សម្រាប់ ប្រទេសចិន» អ្នកជំនាញខាងលើអះអាងដូច្នេះ។
សារព័ត៌មានរបស់ ប្រទេសចិន កន្លងមកធ្លាប់បានផ្សាយច្រើនលើកអំពីការសម្មតិកម្មដែលថា COVID-19 អាចមានប្រភពពីអាហារបង្កក។ Schliebs ឱ្យដឹងថា អគ្គកុងស៊ុលចិន Zha Liyou កាលពីខែធ្នូ ឆ្នាំ 2020 បានបង្ហោះសារមួយឃ្លាដែលនិយាយថា COVID-19 អាចមកពីកន្លែងផ្សេង ចូលមកកាន់ អ៊ូហាន តាមរយៈទំនិញបង្កក ទន្ទឹមនឹងនេះក៏បានអំពាវនាវឱ្យមានការស្រាវជ្រាវលើសម្មតិកម្មមួយផ្សេងទៀតដែលយល់ថា កងទ័ពរបស់ សហរដ្ឋអាម៉េរិក ជាប់ទាក់ទិននឹងការចម្លង nCoV។
Schliebs បង្ហើបឱ្យដឹងដែរថា ខ្លួនបានចែករំលែកលទ្ធផលនៃការស្រាវជ្រាវនេះ ជាមួយ Twitter។ ក្រោយពីបានត្រួតពិនិត្យ បណ្ដាញសង្គមនេះក៏បានបិទគណនីទាំងឡាយខាងលើ ដោយយោងទៅតាមគោលការណ៍ទប់ស្កាត់ព័ត៌មានមិនពិត។
ដោយសារតែក្រុមស្រាវជ្រាវរបស់ Schliebs បានរកឃើញ និងស្រាវជ្រាវលើបណ្ដាញគណនីខាងលើយ៉ាងឆាប់រហ័ស ទើបឥទ្ធិពលរបស់វា «អាចមានតិចតួច» នៅពេលគណនីទាំងនោះត្រូវបានផ្អាកមុនពេលទាក់ទាញចំណាប់អារម្មណ៍បានច្រើន។ នេះបើតាមអ្នកជំនាញ Schliebs៕