កងទ័ពជើងទឹករបស់ សហរដ្ឋអាម៉េរិក បង្កើតក្រុមប្រយុទ្ធថ្មីមួយ ដែលរួមមានទាំងក្រុមនាវាពិឃាត ជំនាញខាងតាមប្រមាញ់នាវាមុជទឹករបស់ ប្រទេសរុស្ស៊ី ក្នុងបំណងការពារប្រទេសជាតិឱ្យបានល្អជាងមុន នៅចំពោះមុខការគំរាមកំហែងនានាផ្នែកសន្តិសុខលើផ្ទៃសមុទ្រ។
ក្រុមទទួលខុសត្រូវ Greyhound នឹងរួមមានទាំងនាវាពិឃាតដែលមានជំនាញខាងប្រមាញ់នាវាមុជទឹក មកពីកងនាវាអាត្លង់ទិក ដែលបោះទ័ពនៅឆ្នេរខាងកើតរបស់ សហរដ្ឋអាម៉េរិក ដោយមានលទ្ធភាពទប់ទល់នឹងការគំរាមកំហែងក្នុងរយៈពេលខ្លី។ នេះបើតាមការឱ្យដឹងពី ឧត្តមនាវីទោ Brendan McLane មេបញ្ជាការកងទ័ពជើងទឹកប្រចាំមហាសមុទ្រអាត្លង់ទិក។
ឧត្តមនាវីខាងលើបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានការបង្កើតក្រុមថ្មីនេះ ក៏ដោយសារតែ «គូប្រជែងសំខាន់របស់យើង បានដាក់ពង្រាយ និងបន្តធ្វើទំនើបកម្មប្រកបដោយភាពបត់បែន និងសក្ដានុពល នាំឱ្យប្រទេសជាតិរបស់យើង ប្រឈមនឹងគ្រោះថ្នាក់»។ លោកបន្តថា ក្រុម Greyhound នេះ នឹងពង្រីកសមត្ថភាពលេចធ្លោរបស់កងទ័ព ដោយការអភិវឌ្ឈជំនាញជាយុទ្ធសាស្ត្រក្នុងការប្រមាញ់នាវាមុជទឹក និងប្រើប្រាស់ក្រុមអ្នកជំនាញដើម្បីដឹកនាំសង្គ្រាមប្រមាញ់នាវាមុជទឹក។
លោក McLane ឱ្យដឹងថា បើសិនជានាវាបរទេសរុលចូលដល់តំបន់ធ្វើដែលក្រុម Greyhound កំពុងធ្វើសកម្មភាព ភ្លាមនោះនាវាពិឃាដ 2 គ្រឿងរបស់ក្រុមនេះនឹងត្រៀមជាស្រេចសម្រាប់ទប់ទល់។ នាវាពិឃាដ USS Thomas Hudner និង USS Donald Cook ត្រូវបានជ្រើសរើសឱ្យបំពេញភារកិច្ចនេះ ដោយសារមានបទពិសោធន៍ច្រើនក្នុងការប្រមាញ់នាវាមុជទឹក។ នាវាពិឃាដ USS Cole និង USS Gravely តាមផែនការ ក៏នឹងត្រូវចូលរួមជាមួយក្រុម Greyhound នេះដែរ។
កងទ័ពជើងទឹក អាម៉េរិក បានទទួលស្គាល់ថា នាវាមុជទឹករបស់ រុស្ស៊ី ច្រើនឆ្នាំមកនេះ កាន់តែធ្វើសកម្មភាពនៅក្នុងតំបន់សមុទ្រចន្លោះ ហ្គ្រីនឡែន-អ៊ីស្លង់-អង់គ្លេស ដែលស្ថិតនៅភាគខាងជើងនៃមហាសមុទ្រអាត្លន់ទិក៕