កម្លាំងសង្គ្រោះ ទើបតែបានរកឃើញសាកសពកម្មករចំនួន 19 នាក់ ដែលជាប់ក្រោមដីនៅក្នុងហេតុការណ៍បាក់ស្រុតអណ្ដូងរ៉ែកាលពីមួយខែមុន។
«គិតមកដល់ព្រឹកថ្ងៃទី 13 កញ្ញា បេសកកម្មសង្គ្រោះដំបូងត្រូវបានធ្វើឡើងរួចរាល់។ មនុស្សចំនួន 19 នាក់ដែលបានជាប់គាំង សុទ្ធតែត្រូវបានរកឃើញ និងមិនមានអ្នកណាម្នាក់នៅមានសញ្ញានៃការរស់រាននោះទេ» ស្ថានីយទូរទស្សន៍ជាតិចិន CCTV បានផ្សាយដូច្នេះ។
មនុស្សជាង 1,000 នាក់ បានចូលរួមបេសកកម្មជួយសង្គ្រោះដែលអូសបន្លាយពេលជិត 30 ថ្ងៃ នៅក្នុងស្ថានភាពលំបាក ដែលមានកម្ពស់ជាង 3,800 ម៉ែត្រពីផ្ទៃទឹកសមុទ្រ។ អណ្ដូងរ៉ែ Chaidaer ដែលបានបាក់ស្រុត ស្ថិតនៅក្នុងតំបន់ខ្ពង់រាប ឈីងហៃ (Qinghai)-ទីបេ ជាទីដែលត្រូវបានគេចាត់ទុកថាជា «ដំបូលផ្ទះរបស់ពិភពលោក» ជាមួយនឹងប្រជាជនរស់នៅតិចតួច និងអាកាសធាតុពិបាករស់នៅ។
ដំបូលរបស់អណ្ដូងរ៉ែ បានបាក់ស្រុតភ្លាមៗកាលពីថ្ងៃទី 14 សីហា ក្នុងគ្រាដែលមានមនុស្សចំនួន 21 នាក់ កំពុងធ្វើការនៅខាងក្នុង។ មនុស្សម្នាក់នៅមានជីវិត និងកម្មករអណ្ដូងរ៉ែម្នាក់បានស្លាប់ និងត្រូវបាននាំឡើងមកលើដី ក្រោយហេតុការណ៍កើតឡើងបានប៉ុន្មានថ្ងៃ។ នេះបើតាមសារព័ត៌មាន AFP។
គ្រោះថ្នាក់នៅអណ្ដូងរ៉ែក្នុងប្រទេសចិន កើតឡើងជាញឹកញាប់។ កាលពីខែមករា ករណីដូចគ្នានេះក៏បានកើតឡើងនៅឯខេត្តសានទុង ភាគខាងកើតប្រទេសចិន បណ្ដាលឱ្យមនុស្សចំនួន 22 នាក់ បាត់បង់ជីវិត។ ក្រោយការផ្ទុះដែលធ្វើឱ្យបាក់ស្រុតច្រកចេញ-ចូល បុគ្គលិករបស់អណ្ដូងរ៉ែក៏ត្រូវជាប់ក្រោមដីរយៈពេល 2 សប្ដាហ៍។ មនុស្ស 11 នាក់ ត្រូវបានសង្គ្រោះទាន់ពេល ខណៈ 10 នាក់បានស្លាប់ និងម្នាក់បាត់ខ្លួន។
កាលពីខែធ្នូ ឆ្នាំ 2020 កម្មករអណ្ដូងរ៉ែចំនួន 23 នាក់ បានស្លាប់ បន្ទាប់ពីបានជាប់ក្រោមដីនៅក្នុងទីក្រុងឆុងឈីង (Chongqing) ភាគខាងលិចប្រទេសចិន។ គ្រោះថ្នាក់នេះបានកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីករណីពុលឧស្ម័ននៅក្នុងឯអណ្ដូងរ៉ែមួយផ្សេងទៀតនៅក្នុងទីក្រុងជាមួយគ្នា ដែលបណ្ដាលឱ្យកម្មករ 16 នាក់ត្រូវបាត់បង់ជីវិត៕