Skip to content

តា​លី​បង់ រង​ការ​ចោទថា បានសម្លាប់​ស្ត្រី​មាន​ផ្ទៃពោះ​ជា​នគរបាល

ក្រុម​តា​លី​បង់ ថ្មីៗនេះ រង​ការចោទប្រកាន់ បន្ទាប់ពី​បាន​ចូល​គ្រប់គ្រង​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងនោះ​ក៏មាន​ទាំង​ករណី​សម្លាប់​ស្ត្រី​មាន​ផ្ទៃពោះ​ជា​នគរបាល​នៃ​រដ្ឋាភិបាល​ចាស់​ផងដែរ។

ស្ត្រី​ជា​នគរបាល ដែល​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា​ឈ្មោះ Banu Negar ត្រូវបាន​បាញ់សម្លាប់​នៅ​ចំពោះមុខ​សមាជិកគ្រួសារ នៅ​ខាងក្រៅ​ផ្ទះ​របស់​ពួកគេ ដែល​ស្ថិតក្នុង​ទីក្រុង Firozhah ជាទី​រួម​ខេត្ត​របស់​ខេត្ត Ghor នៅ​ភាគ​កណ្ដាល​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន នេះ​បើតាម​ការចុះផ្សាយ​ក្នុងថ្ងៃនេះ របស់ BBC។

សារព័ត៌មាន BBC ដកស្រង់​ប្រភពព័ត៌មាន​ចំនួន​បី ឱ្យដឹងថា សមាជិក​ក្រុម តា​លី​បង់ បាន​វាយតប់ និង​បាញ់សម្លាប់ Negar។ អ្នកផ្ទះ​របស់ Negar ក៏បានផ្ដល់​រូបថត​បង្ហាញ​អំពី​ស្នាម​ឈាម​ប្រឡាក់​ពាសពេញ​បន្ទប់ រួមមាន​ទាំង​សាកសព​ដែល​ផ្ទៃមុខ​ត្រូវ​ខ្ទេចខ្ទី​មើល​មិន​យល់។

អ្នក​ស្រី​ Banu Negar

សមាជិកគ្រួសារ​ស្ត្រី​រងគ្រោះ​និយាយថា Negar ធ្វើការ​នៅឯ​មន្ទីរឃុំឃាំង​ក្នុង​តំបន់ និង​កំពុងមាន​ផ្ទៃពោះ 8 ខែ។

តា​លី​បង់ បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ទាក់ទង​នឹង​ការស្លាប់​របស់ Negar និង​ថា ពួកគេ​កំពុង​ស្រាវជ្រាវ​លើ​រឿងនេះ។

ក្រុមមន្ត្រី​តា​លី​បង់ កាលពី​ខែ​មុន បាន​សន្យាថា​នឹង​គោរព​សិទ្ធិ​របស់​ស្ត្រី​នៅក្នុង​ក្របខណ្ឌ​ច្បាប់​សាសនា​អ៊ីស្លាម Sharia ដ៏​តឹងរ៉ឹង។ ពួកគេ​ក៏បាន​អំពាវនាវ​ឱ្យ​ក្មេងស្រី​ចូលរៀន និង​ស្ត្រី​ត្រលប់​ចូលធ្វើការ​វិញ​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *