ចក្រភពអង់គ្លេស នឹងទទួលយកជនភៀសខ្លួន អាហ្វហ្គានីស្ថាន ចំនួន 20,000 នាក់ ទៅតាមផែនការរយៈពេល 5 ឆ្នាំ ក្នុងគ្រាដែលពលរដ្ឋជាច្រើន បានរត់គេចពីក្រុម តាលីបង់។
«អង់គ្លេស មានបំណុលមនោសញ្ចេតនាចំពោះមនុស្សគ្រប់គ្នាដែលបានធ្វើការជាមួយយើង ដើម្បីប្រែក្លាយ អាហ្វហ្គានីស្ថាន ទៅជាទីកន្លែងល្អប្រសើរជាងមុន ក្នុងអំឡុង 20 ឆ្នាំកន្លង។ មនុស្សជាច្រើនក្នុងចំណោមពួកគេ ពិសេសគឺស្ត្រី កំពុងត្រូវការជំនួយជាបន្ទាន់របស់យើង។ ខ្ញុំមានមោទកភាពណាស់ ដោយ អង់គ្លេស អាចអនុវត្តដំណាក់កាលនេះដើម្បីជួយពួកគេ និងគ្រួសារ រស់នៅដោយសុវត្ថិភាពនៅប្រទេស អង់គ្លេស» នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានថ្លែងដូច្នេះកាលពីថ្ងៃទី 17 សីហា នៅពេលប្រកាសអំពីគម្រោងទទួលជនភៀសខ្លួន អាហ្វហ្គានីស្ថាន។
ក្នុងឆ្នាំដំបូង ជនភៀសខ្លួន 5,000 នាក់ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ រួមមានស្ត្រី និងកុមារី រួមនឹងក្រុមសាសនិកភាគតិច នឹងទទួលបានអាទិភាព។
ក្រសួងមហាផ្ទៃ អង់គ្លេស ឱ្យដឹងថា «ផែនការទទួលជនភៀសខ្លួននេះ នឹងត្រូវបានពិនិត្យមើលបន្តទៀតក្នុងបណ្ដាឆ្នាំបន្ទាប់ ដោយមនុស្សចំនួន 20,000 នាក់ នឹងត្រូវបានទទួលយកក្នុងរយៈពេលយូរ»។
លោកស្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង់គ្លេស Priti Patel ក៏បានអំពាវនាវដល់បណ្ដាប្រទេស ឱ្យជួយដល់ជនភៀសខ្លួន អាហ្វហ្គានីស្ថាន។ លោកស្រីបញ្ជាក់ថា៖ «យើងខ្ញុំមិនអាចធ្វើរឿងនេះតែម្នាក់ឯក»។
កម្មវិធីស្រដៀងគ្នានេះ ធ្លាប់ត្រូវបាន អង់គ្លេស ធ្វើឡើងនៅប្រទេស ស៊ីរី រួចហើយ ដោយបានទទួលយកជនភៀសខ្លួន 20,000 នាក់ ទៅរស់នៅប្រទេស អង់គ្លេស ចាប់ពីឆ្នាំ 2014 ដល់ឆ្នាំ 2021។ ប៉ុន្តែ ក្រុមរដ្ឋមន្ត្រីទទួលស្គាល់ថា ការនាំមនុស្សចេញពី អាហ្វហ្គានីស្ថាន ជាក់ស្ដែង នឹងស្មុគស្មាញ ដោយសារកម្រិតនៃការត្រួតត្រារបស់ តាលីបង់។ បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា តាលីបង់ នឹងអនុញ្ញាតឱ្យពលរដ្ឋរបស់ពួកគេចាកចេញទៅបរទេសក្នុងកម្រិតណានៅឡើយ។
សហរដ្ឋអាមេរិក និង អង់គ្លេស សន្យាថា នឹងបន្តសកម្មភាពជម្លៀសជនភៀសខ្លួនចេញពី អាហ្វហ្គានីស្ថាន។ អង់គ្លេស គឺជាប្រទេសសកម្មទីពីរ បន្ទាប់ពី សហរដ្ឋអាមេរិក នៅក្នុងការប្រយុទ្ធប្រឆាំងនឹង តាលីបង់ ក្រោយពីមានអំពើភេរវកម្មនៅ សហរដ្ឋអាមេរិក កាលពីថ្ងៃទី 11 កញ្ញា 2021។ ទាហានរបស់ អង់គ្លេស ជាង 450 នាក់ ក៏បានបាត់បង់ជីវិត នៅក្នុងសង្គ្រាម អាហ្វហ្គានីស្ថាន៕