ក្រុមតាលីបង់ ដែលទើបដណ្ដើមបានជ័យជំនះលើ សហរដ្ឋអាមេរិក ក៏ដូចជារដ្ឋាភិបាល អាហ្វហ្គានីស្ថាន បានឱ្យដឹងថា «គំនុំគុំកួន ត្រូវបានបញ្ចប់» និងមិនចង់មានសត្រូវណាមួយទៀតនោះឡើយ ទន្ទឹមនឹងការបោះជំហានទៅរកការបង្កើតរដ្ឋាភិបាលថ្មី។
«យើងគ្មានបំណងវិលទៅរកសង្គ្រាម ឬជម្លោះអ្វីទៀតនោះទេ។ ការគុំកួននឹងគ្នា បានបញ្ចប់ ហើយយើងចង់រស់នៅក្នុងសន្តិភាព។ យើងមិនចង់មានសត្រូវណាមួយទេ ទាំងក្នុង និងក្រៅប្រទេស» អ្នកនាំពាក្យរបស់ តាលីបង់ Zabihullah Mujahid និយាយដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី 17 សីហា។
នេះគឺជាសន្និសីទសារព័ត៌មានដំបូងបង្អស់ រាប់ចាប់ពី តាលីបង់ ដណ្ដើមបានជ័យជំនះស្ទើរតែទាំងស្រុងនៅ អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី 15 សីហា។ លោក Zabihullah Mujahid បញ្ជាក់ថា «អាហ្វហ្គានីស្ថាន នឹងមានរដ្ឋាភិបាលអ៊ីស្លាម ដ៏ខ្លាំងក្លាមួយ»។
យោងតាម Zabihullah Mujahid មេដឹកនាំកំពូលរបស់ តាលីបង់ បានប្រកាសលើកលែងទោសរួមរួចហើយ និងសន្យាថា ធានាសុវត្ថិភាពដល់ក្រុមអ្នកម៉ៅការ អ្នកបកប្រែដែលធ្លាប់ធ្វើការឱ្យ អាមេរិក និងសម្ព័ន្ធមិត្តរបស់ អាមេរិក ក៏ដូចជាទាហានរបស់រដ្ឋាភិបាលដែលប្រឆាំងនឹង តាលីបង់ រួមទាំងគ្រួសាររបស់ពួកគេ ដែលព្យាយាមចាកចេញពី អាហ្វហ្គានីស្ថាន។
ទោះជាយ៉ាងនេះក្ដី អនុប្រធានាធិបតី អាហ្វហ្គានីស្ថាន លោក Amrullah Saleh បានប្រកាសដែរថា លោកគឺជាមេដឹកនាំបណ្ដោះអាសន្នស្របច្បាប់ បន្ទាប់ពីប្រធានាធិបតី Ashraf Ghani ចាក់ចេញពីប្រទេស។
«យោងតាមរដ្ឋធម្មនុញ្ញរបស់ អាហ្វហ្គានីស្ថាន នៅពេលប្រធានាធិបតីអវត្តមាន រត់គេចខ្លួន លាលែងពីតំណែង ឬទទួលមរណភាព អនុប្រធានាធិបតីទីមួយ ត្រូវក្លាយជាប្រធានាធិបតីបណ្ដោះអាសន្ន។ ខ្ញុំកំពុងមានវត្តមាននៅក្នុងប្រទេសរបស់ខ្ញុំ និងជាប្រធានាធិបតីបណ្ដោះអាសន្នស្របច្បាប់។ ខ្ញុំកំពុងទាក់ទងទៅកាន់មេដឹកនាំនានា ដើម្បីធានាចំពោះការគាំទ្រ និងការយល់ស្របរបស់ពួកគេ» លោក Amrullah Saleh សរសេរនៅលើ Twitter កាលពីម្សិលមិញដូច្នេះ។
ក្រុមតាលីបង់ ចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល បានយ៉ាងងាយស្រួល កាលពីព្រលប់ថ្ងៃទី 15 សីហា។ តាលីបង់ ដណ្ដើមបានជោគជ័យលើកងទ័ពរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ក្រោយពី សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានដកទ័ពភាគច្រើនរបស់ពួកគេ ចេញពី អាហ្វហ្គានីស្ថាន។
នៅពេល តាលីបង់ ជិតចូលដល់រដ្ឋធានី ប្រធានាធិបតី អាហ្វហ្គានីស្ថាន Ashraf Ghani ក៏បានរត់ចោលប្រទេស ដោយលើកឡើងថា «ដើម្បីបញ្ចៀសការបង្ហូរឈាម» បណ្ដាលឱ្យរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិច ត្រូវដួលរលំ។ ក្រុមតាលីបង់ បានចូលដល់វិមានប្រធានាធិបតី ហើយប្រកាសថានឹងបង្កើត រដ្ឋ Islamic Emirate of Afghanistan (បកប្រែក្រៅផ្លូវការថា រដ្ឋអ៊ីស្លាមរួបរួមនៃអាហ្វហ្គានីស្ថាន)៕