Skip to content

អា​ហ្វ​ហ្គា​នី​ស្ថាន៖ ជាង 600 នាក់ ប្រជ្រៀត​គ្នា​ក្នុង​យន្តហោះ អាមេរិក រង់ចាំ​ចាកចេញ​ពី​ប្រទេស

មនុស្ស​ប្រហែល 640 នាក់ អង្គុយ​ស្ទើរតែ​លើ​គ្នា​នៅក្នុង​បន្ទប់​ដាក់​ទំនិញ​របស់​យន្តហោះ អាមេរិក C-17 ដែល​កំពុង​ជម្លៀស​មនុស្ស​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នៅពេល​ក្រុម តា​លី​បង់ ចូល​កាន់កាប់​រដ្ឋធានី​កា​ប៊ុល។

ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់ពាន់នាក់ កាលពី​ថ្ងៃទី 15 សីហា បាន​សម្រុកចូល​ព្រលានយន្តហោះ​អន្តរជាតិ​នៅ​រដ្ឋធានី​កា​ប៊ុល ដើម្បី​រក​វិធី​ចាក​ចេញពី​ប្រទេស ក្នុងពេលដែល​ក្រុម​ឧទ្ទាម​តា​លី​បង់ គ្រប់គ្រង​ទឹកដី​បាន​ទាំងស្រុង។ មនុស្ស​រាប់រយ​នាក់ បាន​ព្យាយាម​ឡើងលើ​យន្តហោះ C-17 Globemaster III ដែល​កំពុង​ត្រៀម​ចេញដំណើរ​ទៅកាន់​ប្រទេស​កាតា បើ​ទោះ​ត្រូវ​ប្រជ្រៀត​គ្នា​យ៉ាង​ណែន​ក៏ដោយ។

រូបថត​មួយ​សន្លឹក​ដែល​សារព័ត៌មាន Defense One ថត​បាន​នៅលើ​យន្តហោះ បង្ហាញថា ហ្វូងមនុស្ស​ដែល​រួមមាន​ទាំង​ស្ត្រី និង​កុមារ​ផងដែរ កំពុង​អង្គុយ​ស្ទើរតែ​គរ​លើ​គ្នា​នៅក្នុង​យន្តហោះ រង់ចាំ​ចាក់​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន។

មនុស្ស​ប្រហែល 640 នាក់​នៅលើ​យន្តហោះ​នេះ គឺជា​ចំនួន​ដ៏​ច្រើន ពោលគឺ​ច្រើនជាង​ឆ្ងាយ​បើ​ធៀប​នឹង​ចំនួន​មនុស្ស​ដែល​ក្រុម​ហោះហើរ​គ្រោង​នឹង​ដឹក​ទៅទៀត នេះ​បើតាម​សម្ដី​របស់​មន្ត្រី​ការពារជាតិ​ម្នាក់។ ប៉ុន្តែ ក្រុម​ហោះហើរ​នៅតែ​សម្រេច​អនុញ្ញាតឱ្យ​ពួកគេ​ស្ថិតនៅលើ​យន្តហោះ ដើម្បី​ចាក​ចេញពី​រដ្ឋធានី​កា​ប៊ុល ដោយ​សុវត្ថិ​ភាព។

មន្ត្រី​មួយរូប​ខាងលើ​និយាយថា៖ «ក្រុម​ហោះហើរ បានសម្រេច​បើកបរ​យន្តហោះ​នេះ ដោយ​ដឹក​ពលរដ្ឋ​ទាំងនេះ​ចាកចេញ (ពី​អា​ហ្វ​ហ្គា​នី​ស្ថាន)» ទៅ។ យន្តហោះ​ដឹកជញ្ជូន​នេះ ស្ថិតក្នុង​អង្គភាព​លេខ436 ដែលមាន​មូលដ្ឋាន​នៅ​ប​ន្ទុ​យ Dover ក្នុង​រដ្ឋ Delaware សហរដ្ឋអាមេរិក។

ក្រុមហ៊ុន​ផលិត​យន្តហោះ​នេះ (Boeing) បានឱ្យដឹងថា យន្តហោះ​ដឹកជញ្ជូន C-17 នេះ អាច​ផ្ទុក​មនុស្ស​ច្រើន​បំផុត​ត្រឹម «134 នាក់​ប៉ុណ្ណោះ»។ ការដែល​យន្តហោះ​នេះ​ដឹក​មនុស្ស​រហូតដល់ 640 នាក់ គឺ​លើស​ចំណុះ​ដែល Boeing បានអនុញ្ញាត ប៉ុន្តែ នេះ​មិនមែនជា​ករណី​ដំបូង​នោះឡើយ។

កាលពី​ឆ្នាំ 2013 នៅពេល​ព្យុះ​មហា​កំណាច​បាន​វាយលុក​ចូល​ប្រទេស​ហ្វីលីពីន កងទ័ពអាកាស​អាមេរិក ក៏បាន​បញ្ជូន​យន្តហោះ C-17 មួយគ្រឿង ពី Hawaii សំដៅទៅ​ដឹក​មនុស្ស​ប្រមាណ 670 នាក់ ដើម្បី​ជម្លៀស​ទៅកាន់​ទី​សុវត្ថិភាព។

ព្រលានយន្តហោះ​នៅ កា​ប៊ុល គឺជា​កន្លែង​ចុងក្រោយ​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ត្រូវបាន​ការពារ​ដោយ សហរដ្ឋអាមេរិក ក្នុង​គ្រា​ដែល​ការជម្លៀស​កំពុង​ត្រូវបាន​ធ្វើឡើង។ នេះ​ក៏​ជា​ពេល​ដ៏​ច្របូកច្របល់ ហើយ​ទិដ្ឋភាព​មនុស្សម្នារ​ត់រក​យន្តហោះ ក្នុងនោះ​មាន​អ្នកខ្លះ​តោង​យន្តហោះ អ្នកខ្លះ​ត្រូវ​ធ្លាក់​ពី​យន្តហោះ ធ្វើ​ឱ្យគេ​នឹកឃើញ​ដល់​សម័យ​សង្គ្រាម​នៅ​អាស៊ីអាគ្នេយ៍ នៅពេលដែល អាមេរិក ដកទ័ព​ចេញពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​មួយចំនួន៕

Leave a Reply

Your email address will not be published. Required fields are marked *