Skip to content

រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន ដួលរលំ៖ Trump ស្នើឱ្យ Biden ចុះ​ចេញពី​តំណែង ព្រោះតែ​ស្ថានការណ៍​នៅ​កា​ប៊ុល

នៅពេល​ក្រុម តា​លី​បង់ ចូល​កាន់កាប់​រដ្ឋធានី​កា​ប៊ុល បានសម្រេច អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trump បាន​ស្នើឱ្យ​ប្រធានាធិបតី Joe Biden ចុះ​ចេញពី​តំណែង ដោយសារតែ​បាន​បណ្ដោយឱ្យ​ក្រុម​ឧទ្ទាម តា​លី​បង់ មានឱកាស​ក្ដោប​ក្ដាប់ អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​អាមេរិក ដកទ័ព​ទៅតាម​បំណង​របស់ Biden។

«ដល់ពេល​ដែល Joe Biden គួរតែ​លាលែង​ពី​តំណែង​ក្នុង​ភាពអាម៉ាស់ ព្រោះតែ​អ្វីដែល​គាត់​បាន​បណ្ដោយឱ្យ​កើតមានឡើង​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន» លោក Donald Trump ប្រកាស​ក្នុង​ថ្ងៃទី 16 សីហា។ ទន្ទឹមនឹងនេះ លោក Trump ក៏បាន​រិះគន់ លោក Biden អំពី​តួលេខ COVID-19 ដែល​បាន​កើនឡើង​នៅ សហរដ្ឋអាមេរិក រួមទាំង​គោលនយោបាយ​អន្តោប្រវេសន៍ សេដ្ឋកិច្ច និង​ថាមពល​ជាដើម ដែល​លោក Biden កំពុងតែ​អនុវត្ត។

តា​លី​បង់ បានចាប់ផ្ដើម​យុទ្ធនាការ​វាយ​សម្រុក​តាំងពី​ខែឧសភា បន្ទាប់ពី សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ដកទ័ព​ភាគច្រើន​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ទៅតាម​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី Joe Biden ក្នុងការ​បញ្ចប់​វត្តមាន​យោធា​អាមេរិក រយៈពេល 20 ឆ្នាំ​នៅក្នុង​ប្រទេស​នេះ។

កាលពី​ម្សិលមិញ (15 សីហា) ក្រុម​ តា​លី​បង់ បាន​សម្រុកចូល​រដ្ឋធានី​កា​ប៊ុល ដោយ​ពុំ​ជួបប្រទះ​ការរារាំង​ណាមួយ​គួរ​ឱ្យ​កត់​សម្គាល់។ ដូច្នេះ តា​លី​បង់ ប្រាកដជា​នឹង​ស្ដារឡើងវិញ​នូវ​អំណាច​ដែល​ត្រូវបាន​ផ្ដួលរំលំ​កាលពី 20 ឆ្នាំមុន បាន​លឿន​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ការ​ព្យាករ 90 ថ្ងៃ របស់​ក្រុម​ស៊ើបការណ៍​សម្ងាត់ សហរដ្ឋអាមេរិក។ សមាជិក​របស់​ក្រុម​ឧទ្ទាម តា​លី​បង់ បានប្រកាសថា នឹង​បង្កើត​រដ្ឋ Islamic Emirate of Afghanistan (បកប្រែ​បណ្ដោះ​អាសន្ន​​ថា «រដ្ឋ​អ៊ីស្លាម​រួបរួម​នៃ​អា​ហ្វ​ហ្កា​នី​ស្ថាន» នាពេលឆាប់ៗខាងមុខ។

ប្រធានាធិបតី​អាមេរិក​ លោក​ Joe Biden

ជាក់ស្ដែង ក្នុងសម័យ​លោក Donald Trump សហរដ្ឋអាមេរិក ក៏​ធ្លាប់បាន​ធ្វើជា​អាជ្ញាកណ្ដាល​សម្រាប់​ការបង្កើត​កិច្ចព្រមព្រៀង​មួយ​រវាង​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន និង​ក្រុម​ឧទ្ទាម តា​លី​បង់ នៅ Doha កាលពី​ឆ្នាំ 2020។ តាម​ការចរចា​នោះ សហរដ្ឋអាមេរិក នឹង​ដកទ័ព​ទាំងស្រុង​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន​នៅក្នុង​ខែឧសភា ឆ្នាំ 2021 ដើម្បី​ជា​ថ្នូរ​នឹង​ការធានា​សន្តិសុខ​មួយចំនួន​ពី តា​លី​បង់។

នៅពេល Biden ឡើងកាន់​អំណាច​កាលពី​ដើមឆ្នាំ លោក​បាន​ពន្យារពេល​នៃ​ការដក​ទ័ព និង​ពុំបាន​លើកឡើង​អំពី​លក្ខខណ្ឌ​អ្វី​ទាំងអស់​សម្រាប់​កិច្ចការ​នេះ។

លោក Donald Trump បាន​រិះគន់​លោក Biden ជា​បន្តបន្ទាប់​អំពី​បញ្ហា​ខាងលើ​នេះ​ ហើយ​លោក​ក៏​ធ្លាប់បាន​និយាយថា គ្រប់យ៉ាង «នឹង​ខុស​ពីនេះ ហើយ​ការ​ដកទ័ព (ពី អា​ហ្វ​ហ្គា​នី​ស្ថាន) នឹង​ជោគជ័យ​ច្រើនជាង​នេះ​ឆ្ងាយ» បើសិនជា​លោក​នៅតែ​ជា​ប្រធានាធិបតី។

«ទង្វើ​ដែល Joe Biden ធ្វើ​ចំពោះ អា​ហ្វ​ហ្គា​នី​ស្ថាន គឺ​ពី​ជា​រឿង​ចម្លែក។ វា​នឹង​ក្លាយជា​បរាជ័យ​មួយ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក!» លោក Trump សង្កត់ធ្ងន់​ដូច្នេះ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយនា​ថ្ងៃ​ដដែល​នេះ។

ប្រតិកម្ម​នឹង​សេចក្ដីថ្លែងការណ៍​របស់​លោក Trump រដ្ឋាភិបាល​របស់លោក Biden ក៏បាន​វាយបក​ថា រដ្ឋាភិបាល​របស់លោក Trump ឯណោះ​ទេ ជា​អ្នក​ដែល​បាន​ចរចា​នៅ​ទីក្រុង Doha ស្ដីអំពី​ការដក​ទ័ព​នេះ ហើយ​សាធារណជន​អាមេរិក ក៏​សុទ្ធតែ​គាំទ្រ​ចំពោះ​ការបញ្ចប់ «សង្គ្រាម​ទាំងឡាយ​ដែល​អូស​បន្លាយពេល​យូរ»។

លោក Biden បានការពារចំពោះការសម្រេចដកទ័ពរបស់ សហរដ្ឋអាមេរិក

លោក Biden បាន​ការពារ​ចំពោះ​ការសម្រេច​ដកទ័ព​រប​ស់ សហរដ្ឋអាមេរិក ដោយ​និយាយថា ប្រទេស​នេះ​បាន​ចំណាយ​ប្រា​ក់ជាង 1 លាន​លាន​ដុល្លារ (1 ទ្រី​លាន) អំឡុង 20 ឆ្នាំ ក្នុងការ​បណ្ដុះបណ្ដាល និង​បំពាក់​សព្វាវុធ​ទាន់សម័យ​ដល់​ទាហាន​ជាង 300,000 នាក់ របស់ អា​ហ្វ​ហ្គា​នី​ស្ថាន។ លោក Biden ថ្លែងថា ជនជាតិ​អាមេរិក រាប់ពាន់នាក់​បាន​ស្លាប់ និង​របួស​ក្នុង​សង្គ្រាម​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ពេលនេះ​ជា​ពេលដែល​អាជ្ញាធរ​ក្រុង​កា​ប៊ុល ត្រូវ​តស៊ូ​ដើម្បី​ប្រទេសជាតិ​របស់​ពួកគេ៕

Leave a Reply

Your email address will not be published. Required fields are marked *