Skip to content

តា​លី​បង់៖ សង្គ្រាម​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន បានបញ្ចប់! តា​លី​បង់ ត្រៀម​ជាស្រេច​ក្នុង​ការចរចា​ជាមួយ​គ្រប់ភាគី

អ្នកនាំពាក្យ​ការិយាល័យ​នយោបាយ​របស់ តា​លី​បង់ កាលពី​ថ្ងៃទី 15 សីហា បាន​អះអាង​ប្រាប់​ទូរទស្សន៍ Al-Jazeera Mubasher ថា សង្គ្រាម​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន បានបញ្ចប់ ហើយ​របៀបរបប​ដឹកនាំ​របស់​រដ្ឋាភិបាល នឹង​ត្រូវបាន​មើលឃើញ​ច្បាស់​ក្នុងពេលឆាប់។

អ្នកនាំពាក្យ​នៃ ការិយាល័យ​នយោបាយ​របស់ តា​លី​បង់ Mohammad Naeem ឱ្យដឹងថា ស្ថាប័ន​ការទូត ឬ​ការិយាល័យ​ទាំងឡាយណា​ដែល​ត្រូវបាន​កំណត់​ជា​គោលដៅ តា​លី​បង់ សូម​ធានាថា នឹង​ការពារ​សន្តិសុខ​គ្រប់បែប​សព្វ​យ៉ាង។

លោក Naeem ក៏បាន​បញ្ជាក់ថា ក្រុម​នេះ ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការចរចា​ជាមួយ​គ្រប់ភាគី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ថា នឹង​ធានា​សន្តិសុខ​ដែល​ចាំបាច់។ អ្នកនាំពាក្យ​រូបនេះ​ក៏​សង្កត់ធ្ងន់ថា កងកម្លាំង​របស់ខ្លួន «នឹងធ្វើ​សកម្មភាព​ប្រកបដោយ​ការទទួលខុសត្រូវ​តាម​ដំណាក់កាល និង​ធានា​សន្តិភាព​ជាមួយ​គ្រប់​ប្រទេស»។ តា​លី​បង់ ត្រៀម​ជាស្រេច​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ដែលនាំឱ្យ​សហគមន៍​អន្តរជាតិ​មានការ​ព្រួយបារម្ភ តាមរយៈ​ការចរចា»។

ក្រុម​ប្រដាប់​អាវុធ តាលីបង់ កំពុង​គ្រប់​គ្រង​រដ្ឋធានីកាប៊ុល

ការប្រកាស​របស់ តា​លី​បង់ នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​កងកម្លាំងប្រដាប់អាវុធ​របស់​ក្រុម​ឧទ្ទាម​នេះ បាន​ចូល​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល ចំណែកឯ​ប្រធានាធិបតី Ashraf Ghani ក៏បាន​ចាក​ចេញពី​ប្រទេស ដោយ​មូល​ហេតុថា «ដើម្បី​បញ្ចៀស​ការបង្ហូរ​ឈាម»។

តា​លី​បង់ បានចាប់ផ្ដើម​យុទ្ធនាការ​វាយ​សម្រុក​តាំងពី​ខែឧសភា បន្ទាប់ពី សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ដកទ័ព​ភាគច្រើន​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ទៅតាម​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី Joe Biden ក្នុងការ​បញ្ចប់​វត្តមាន​យោធា​អាមេរិក រយៈពេល 20 ឆ្នាំ​នៅក្នុង​ប្រទេស​នេះ។

កាលពី​ម្សិលមិញ (15 សីហា) តា​លី​បង់ បាន​សម្រុកចូល​រដ្ឋធានី​កា​ប៊ុល ដោយ​ពុំ​ជួបប្រទះ​ការរារាំង​ណាមួយ​គួរឱ្យកត់សម្គាល់។ ដូច្នេះ តា​លី​បង់ ប្រាកដជា​នឹង​ស្ដារឡើងវិញ​នូវ​អំណាច​ដែល​ត្រូវបាន​ផ្ដួលរំលំ​កាលពី 20 ឆ្នាំមុន បាន​លឿន​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ការ​ព្យាករ 90 ថ្ងៃ របស់​ក្រុម​ស៊ើបការណ៍​សម្ងាត់ សហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *