Skip to content

ស្ថានទូត អាមេរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កម្ទេច​ឯកសារ​សម្ងាត់ ក្នុង​គ្រា តា​លី​បង់ វាយ​សម្រុក​ជិត​ដល់​រដ្ឋធានី

អា​ហ្វ​ហ្គា​នី​ស្ថាន៖ ស្ថានទូត​របស់ សហរដ្ឋអាមេរិក នៅ​រដ្ឋធានី កា​ប៊ុល បានចេញ​បញ្ជា​ឱ្យ​បុគ្គលិក កម្ទេចចោល​ឯកសារ​សម្ងាត់ ដែល​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ឃោសនា ក្នុង​គ្រា​ដែល​កម្លាំង​នៃ​ចលនា តា​លី​បង់ កំពុង​វាយ​សម្រុកចូល​ជិត​ដល់​រដ្ឋធានី។

ក្នុង​កំណត់ហេតុ​មួយ អ្នកគ្រប់គ្រង​មួយរូប​ប្រចាំ​ស្ថានទូត អាមេរិក កាលពី​ថ្ងៃទី 13 សីហា បាន​បញ្ជា​ឱ្យ​បុគ្គលិក​ស្ថានទូត យក​ឯកសារ​ទៅកាន់​ឡ​នានា ដើម្បី​ដុត​កម្ទេច​ឯកសារ និង​ឧបករណ៍​មួយចំនួន។ «ចូរ​យក​វត្ថុ​នានា​ដែលមាន​ស្ថា​ក​សញ្ញា​នៃ​ស្ថានទូត ឬ​ស្ថាប័ន ទង់ជាតិ​អាមេរិក ឬ​វត្ថុ​ទាំងឡាយ​ដែល​អាច​ត្រូវបាន​ប្រើប្រាស់​ក្នុង​បំណង​ឃោសនា» កំណត់ហេតុ​បានឱ្យដឹង​ដូច្នេះ។ នេះ​បើតាម​សារព័ត៌​មានបារាំង AFP។

កំណត់​ហេតុនេះ​គឺជា​សញ្ញា​ថ្មី​បំផុត​ដែល​ស្ដែង​អំពី​ការព្រួយបារម្ភ​កាន់តែខ្លាំង​ចំពោះ​សុវត្ថិភាព​របស់​ស្ថានទូត​មួយ​ក្នុងចំណោម​ស្ថានទូត​ធំ​បំផុត​ក្នុង​ពិភពលោក បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក Joe Biden បានចេញ​បញ្ជា​ឱ្យ​ដង​កងទ័ព​អាមេរិក ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​រយៈ 20 ឆ្នាំ ដែល​បាន​គ្រប់គ្រង​ប្រទេស​នេះ។

ស្ថានទូត អាមេរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន

រដ្ឋាភិបាល​របស់លោក Biden គ្រោង​នឹង​អនុវត្ត​វិធានការ​ការពារ​ពិសេស ដើម្បី​ការពារ​ក្រុម​អ្នកការទូត​អាមេរិក ប្រចាំ​រដ្ឋធានី កា​ប៊ុល ដោយសារ​ធ្លា​ប់រង​ការវាយប្រហារ​ពី​ក្រុម​ប្រដាប់អាវុធ​អ៊ីស្លាម​ជ្រុលនិយម នៅឯ​ស្ថាន​កុងស៊ុល ក្នុង​ទីក្រុង Benghazi នៃ​ប្រទេស​លី​ប៊ី កាលពី​ឆ្នាំ 2012។

តា​លី​បង់ បានចាប់ផ្ដើម​វាយប្រហារ​ខ្លាំងក្លា​កាលពី​ខែឧសភា ក្រោយពី សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត បាន​ដកទ័ព​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន នៅពេល​ប្រធានាធិបតី Joe Biden ប្ដេជ្ញាចិត្ត បញ្ចប់​យុទ្ធនាការ​យោធា​រយៈពេល 20 ឆ្នាំ នៅ​ប្រទេស​អាស៊ី​កណ្ដាល​មួយ​នេះ។

កងទ័ព​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន បច្ចុប្បន្ន នៅ​គ្រប់គ្រង​រដ្ឋធានី កា​ប៊ុល និង​តំបន់​មួយចំនួនទៀត​ប៉ុណ្ណោះ។ ក្រុមមន្ត្រី និង​អ្នកស្រុក Kandahar បានឱ្យដឹងថា កងទ័ព​រដ្ឋាភិបាល បាន​ដកថយ​ទៅកាន់​មូលដ្ឋាន​យោធា​នៅ​ជាយ​ភាគខាងត្បូង​នៃ​ទីក្រុង មុនពេល តា​លី​បង់ បាន​ចូលមក​គ្រប់គ្រង Kandahar។

បរិវេណ​មួយ​កន្លែង​នៅ​ខាង​ក្នុង​ស្ថាន​ទូត​អាមេរិក​ ប្រចាំ​ អាហ្វហ្គានីស្ថាន

តា​លី​បង់ ទំនងជា​មានបំណង​ប្រើប្រាស់​កម្លាំង​ទ័ព ដើម្បី​ស្ការ​អំណាច​ដែល​ត្រូវបាន​ផ្ដួលរំលំ​កាលពី 20 ឆ្នាំមុន ក្រោយពី សហរដ្ឋអាមេរិក និង​កម្លាំង​បរទេស បាន​ដកទ័ព។ មន្ត្រី​ការពារជាតិ​អាមេរិក​ម្នាក់ កាលពី​ថ្ងៃទី 11 សីហា បាន​បង្ហើប​ឱ្យដឹងថា ចារកម្ម​របស់ អាមេរិក បាន​វាយតម្លៃថា តា​លី​បង់ អាច​ចូលមក​ឡោមព័ទ្ធ​រដ្ឋធានី​កា​ប៊ុល ក្នុង​រយៈពេល 30 ថ្ងៃ​ទៀត ហើយ​អាច​ដណ្ដើមបាន​រដ្ឋធានី​នេះ ក្នុង​រង្វង់ 90 ថ្ងៃ​ទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *