តា​លី​បង់ ចូល​កាន់តែ​ជិត​រដ្ឋធានី​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន មែនទែន​ហើយ!

ទាហាន​ តាលីបង់​ នៅ​ Farah កាល​ពី​ថ្ងៃទី 11 សីហា

អា​ហ្វ​ហ្គា​នី​ស្ថាន៖ ក្រុម​ប្រដាប់អាវុធ តា​លី​បង់ គ្រប់គ្រង​បាន​ទី​រួម​ខេត្ត​របស់ Logar ចម្ងាយ 50 គីឡូម៉ែត្រ ពី​រដ្ឋធានី កា​ប៊ុល ដែល​នេះ​ត្រូវបាន​គេ​ជឿថា បាន​បើកផ្លូវ​សម្រាប់​ការ​ឆ្ពោះ​ត្រង់​ទៅកាន់​រដ្ឋធានី​ដោយ​ចំណាយពេល​ខ្លី​បំផុត។

«តា​លី​បង់ គ្រប់គ្រង​ខេត្ត Logar បាន 100% និង​ពុំមាន​ការប្រយុទ្ធ​គ្នា​ទៀត​ទេ នៅក្នុង​ខេត្ត​នេះ។ ក្រុមមន្ត្រី​រដ្ឋាភិបាល​ភាគច្រើន បាន​រត់​ទៅកាន់​រដ្ឋធានី កា​ប៊ុល» នេះ​បើតាម​សម្ដី​របស់​តំណាងរាស្ត្រ អា​ហ្វ​ហ្គា​នី​ស្ថាន Saeed Qaribullah Sadat ដែល​បានឱ្យដឹង​កាលពី​ម្សិលមិញ។ តំណាងរាស្ត្រ​នេះ​បាន​បញ្ជាក់ថា ទី​រួម​ខេត្ត Puli Alam ក៏បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់​ក្រុម តា​លី​បង់។

កងទ័ព​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន បច្ចុប្បន្ន នៅ​គ្រប់គ្រង​រដ្ឋធានី កា​ប៊ុល និង​តំបន់​មួយចំនួនទៀត​ប៉ុណ្ណោះ។ ក្រុមមន្ត្រី និង​អ្នកស្រុក Kandahar បានឱ្យដឹងថា កងទ័ព​រដ្ឋាភិបាល បាន​ដកថយ​ទៅកាន់​មូលដ្ឋាន​យោធា​នៅ​ជាយ​ភាគខាងត្បូង​នៃ​ទីក្រុង មុនពេល តា​លី​បង់ បាន​ចូលមក​គ្រប់គ្រង Kandahar។

ក្រោយ​ដណ្ដើមបាន Kandahar ក្រុម តា​លី​បង់ ក៏បាន​ប្រកាសថា ដណ្ដើមបាន​ក្រុង Lashkar Gah ដែល​ជាទី​រួម​ខេត្ត​របស់ Helmand។

កងទ័ព​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន បានធ្វើឱ្យ​បាត់បង់​ទឹកដី​ភាគច្រើន​ទៅក្នុង​ដៃ​ក្រុម​ប្រដាប់អាវុធ តា​លី​បង់ បន្ទាប់ពី​រយៈ​ពេល​ 8 ថ្ងៃ ដែល​ក្រុម​នេះ​បានចាប់ផ្ដើម​វាយប្រហារ​លើ​ទីក្រុង​នានា ក្រោយ​ការសម្រេច​ដកទ័ព​រប​ស់ សហរដ្ឋអាមេរិក កាលពី​ខែឧសភា ដើម្បី​បញ្ចប់​វត្តមាន​ 20 ឆ្នាំ​នៃ​កង​ទ័ព​អាមេរិក​ នៅ​លើ​ទឹក​ដី​នេះ​៕

Advertisement