Jude Walker អាយុ 11 ឆ្នាំ បានធ្វើដំណើរដោយថ្មើរជើងក្នុងចម្ងាយផ្លូវជាង 330 គីឡូម៉ែត្រ ពីភាគខាងជើងប្រទេសអង់គ្លេស ទៅកាន់ទីក្រុងឡុងដ៍ ដើម្បីអំពាវនាវឱ្យមានការគាំទ្រដល់ការយកពន្ធការបំភាយឧស្ម័នកាបូន។
ក្រោយទទួលបានការលើកទឹកចិត្តពីសកម្មជនបរិស្ថានម្នាក់ឈ្មោះ Greta Thunberg កុមារា Walker មកពីតំបន់ Hebden Bridge នៃស្រុក Yorkshire បានបង្ហាញភាពក្លាហានរបស់ខ្លួន តាមរយៈការធ្វើដំណើរថ្មើរជើង ក្នុងចម្ងាយផ្លូវជាង 330 គីឡូម៉ែត្រ ឆ្លងកាត់ភ្នំតូច ភ្នំធំ ឆ្លងវាល កាត់ព្រៃ ក្រោមកំដៅថ្ងៃ ភ្លៀង ខ្យល់ ដើម្បីសម្រេចគោលដៅដ៏អស្ចារ្យ នោះគឺការឆ្ពោះទៅកាន់វិមានសភាអង់គ្លេស ដែលស្ថិតនៅក្នុងតំបន់ Westminster នៃទីក្រុងឡុងដ៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
កុមាររូបនេះ យល់ថា ការយកពន្ធលើសកម្មភាពបំភាយឧស្ម័នកាបូន គឺជាជំហានសំខាន់ដើម្បីទប់ស្កាត់ដំណើរការរុញច្រានមនុស្សលោក ធ្លាក់ទៅក្នុងស្ថានភាពដែលកុមារនេះហៅថា «ផុតពូជ»។
«ពេលនេះ យើងគ្រប់គ្នាបានដឹងច្រើនអំពីការប្រែប្រួលអាកាសធាតុ ហើយខ្ញុំគិតថា ពន្ធលើកាបូន ប្រាកដជាវិធីមួយក្នុងចំណោមដំណោះស្រាយដ៏មានប្រយោជន៍បំផុតសម្រាប់បញ្ហានេះ» កុមារ Walker និយាយនៅពេលដើរកាត់ទីរួមស្រុក Woburn Sands ដែលមានចម្ងាយប្រហែល 80 គីឡូម៉ែត្រពីក្រុងឡុងដ៍។
Walker សង្ឃឹមថា ដំណើរយាត្រារបស់ខ្លួននឹងទាក់ទាញការគាំទ្រពីគ្រប់គ្នា ហើយចុះហត្ថលេខាលើញត្តិមួយដែលស្នើឱ្យមានការយកពន្ធលើការបំភាយឧស្ម័នកាបូន។ ញត្តិរបស់កុមារនេះ ទទួលបានហត្ថលេខាចំនួន 57,000 នាក់រួចហើយ។ នៅពេលញត្តិនេះ មានហត្ថលេខាគ្រប់ 100,000 នាក់ នោះវានឹងត្រូវបានយកទៅពិនិត្យ ដើម្បីលើកជារបៀបវារៈ ក្នុងកិច្ចប្រជុំនៅសភាអង់គ្លេស។
Walker បានឱ្យដឹងថា៖ «ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ បានបង្ហាញខ្លួនហើយ។ យើងពិតជាត្រូវការផ្លាស់ប្ដូរនៅពេលនេះ បើសិនជាចង់ចៀសវាងលទ្ធផលមហាសែនអាក្រក់នាពេលខាងមុខ»។
Walker ដើរដោយថ្មើរជើងប្រហែល 16 គីឡូម៉ែត្រ ក្នុង 1 ថ្ងៃ ជាមួយនឹងសមាជិកគ្រួសារ និងមិត្តភក្ដិ។ Walker នឹងបញ្ចប់ដំណើរយាត្រារយៈចម្ងាយជាង 330 គីឡូម៉ែត្រ របស់ខ្លួន នៅឯឧទ្យាន St James ក្នុងថ្ងៃទី 14 សីហា 2021៕