Skip to content

វេជ្ជបណ្ឌិត​ប្រចាំ​សេត​វិមាន ព្រមាន​អំពី COVID-19 បំប្លែង​ខ្លួន​ថ្មី​ផ្សេងទៀត ដែល​សាហាវ​ជាង Delta

វេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សា​ផ្នែក​សុខាភិបាល​របស់ សេត​វិមាន បាន​ព្រមាន​ថា COVID-19 នឹង​បន្ត​កើតមាន​វ៉ា​រ្យ៉​ង់ថ្មីៗ ដើម្បី​គេច​ពី​វ៉ាក់សាំង បើសិន​មនុស្ស​ជាច្រើន​នៅតែ​មិន​ព្រម​ចាក់​វ៉ាក់សាំង​បង្ការ។

«ប្រការ​នោះ​នឹង​កើតឡើង បើសិន​យើង​មិនអាច​គ្រប់គ្រង​ការឆ្លង​រាលដាល​ក្នុង​សហគមន៍។ នោះ​ក៏​ជា​មូល​ហេតុដែល​ខ្ញុំ និង​សហការី តែង​និយាយថា អ្វីដែល​សំខាន់​ជាទីបំផុត នោះ​គឺ​យើង​ត្រូវតែ​ចាក់​វ៉ាក់សាំង​ឱ្យបាន​កាន់តែច្រើន កាន់តែ​ល្អ» លោក Anthony Fauci ព្រមាន​ដូច្នេះ កាលពី​ថ្ងៃទី 05 សីហា ឆ្នាំ 2021។

វេជ្ជបណ្ឌិត​ប្រចាំ​សេត​វិមាន​រូបនេះ និយាយថា សហរដ្ឋអាមេរិក «មានសំណាង» នៅពេល​មាន​វ៉ាក់សាំង​ទប់ទល់​នឹង​វីរុស​បំប្លែង​ថ្មី ប៉ុន្តែ ប្រការ​នោះ​អាច​ក្លាយជា​រឿង​ឥតប្រយោជន៍ បើសិន​វ៉ា​រ្យ៉​ង់ថ្មីៗជាច្រើន​ផ្សេងទៀត ដែលមាន​ភាពកាចសាហាវ​ជាង​នេះ បង្ហាញខ្លួន។

«បើ​វីរុស​បំប្លែង​ថ្មី​ផ្សេងទៀត​កើតឡើង និង​មានលទ្ធភាព​ឆ្លង​រាលដាល​ប្រហាក់ប្រហែល​បច្ចុប្បន្ន ប៉ុន្តែ សាហាវ​ជាង នោះ​យើង​ពិតជា​អាច​ជួប​បញ្ហា​ធំ។ ការដែល​មិន​ចាក់​វ៉ាក់សាំង នឹង​នាំឱ្យ​វីរុស​ស្ថិតនៅក្នុង​សហគមន៍» លោក Anthony Fauci បន្ថែម។

យោងតាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins គិត​ត្រឹម​ថ្ងៃទី 04 ខែសីហា សហរដ្ឋអាមេរិក រកឃើញ​ជា​មធ្យម​ជិត 94,000 ករណី/ថ្ងៃ រយៈពេល 7 ថ្ងៃ​ជាប់​គ្នា កើន 48% ធៀប​នឹង 1 សប្ដាហ៍​មុន។ Fauci ព្យាករ​ថា ករណី​ឆ្លង​ថ្មី​អាច​ឡើងដល់​ពី 100,000 ទៅ 200,000 នាក់ នៅពេល​វ៉ា​រ្យ៉​ង់ Delta ឆ្លង​រាលដាល​ខ្លាំង។

លោក Fauci ឱ្យដឹងថា ទូទាំង សហរដ្ឋអាមេរិក នៅមាន​ពលរដ្ឋ​ប្រហែល 93 លាន​នាក់​ទៀត​ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់ មិនទាន់បាន​ចាក់​វ៉ាក់សាំង។

កាលពី​ខែ​មុន វេជ្ជបណ្ឌិត Stephen Morse សាស្ត្រាចារ្យ​នៃ​មជ្ឈមណ្ឌល​សុខាភិបាល Irving នៃ​សាកលវិទ្យាល័យ Columbia ក៏មាន​ការព្រួយបារម្ភ​អំពី​ការកើតមាន​វ៉ា​រ្យ៉​ង់ថ្មីៗបន្ថែមទៀត។ សាស្ត្រ​ចា​រ្យ​រូបនេះ ឱ្យដឹងថា «វដ្ដ​របស់​វ៉ា​រ្យ៉​ង់​ថ្មី​នានា បន្ត​កើតមាន ឱ្យតែ​វីរុស​ឆ្លង​រាលដាល​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ និង​រស់នៅក្នុង​សហគមន៍ វា​នឹង​បន្ត​វិវឌ្ឍន៍»។ លោក​បណ្ឌិត​បន្ថែមថា «ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់ បើសិនជា Delta គឺជា​វ៉ា​រ្យ៉​ង់​ចុងក្រោយ»។

វេជ្ជបណ្ឌិត Barbara Taylor ជា​ប្រធាន និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ជំងឺឆ្លង​ប្រចាំ​សាកលវិទ្យាល័យ UT Health San Antonio និយាយថា បណ្ដា​វីរុស​បំប្លែង​ខ្លួន​​ថ្មី​ក្នុង​ពេល​​អនាគត «ដែលមាន​លទ្ធភាព​ឆ្លង​រាលដាល​ខ្ពស់ជាង» កំពុង​តែមាន​លក្ខខណ្ឌ​អំណោយផល​ក្នុង​ការវិវឌ្ឍ»។

វ៉ា​រ្យ៉​ង់ Delta ថ្វីបើ​មិនទាន់​ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ​ថា បង្ក​ជំងឺ​ធ្ងន់ធ្ងរ​ជាង COVID-19 ដំបូង និង​វ៉ា​រ្យ៉​ង​ដទៃ​មុន​នោះ​ក៏ពិតមែន ប៉ុន្តែ វា​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់ថា មានលទ្ធភាព​ឆ្លង​រាលដាល​បាន​លឿន​ជាង​ឆ្ងាយ​ណាស់។ ក្រុម​អ្នកស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Yale បាន​រកឃើញថា Delta ឆ្លង​រាលដាល​លឿន​ជាង 50% ធៀប​នឹង​វីរុស​បំប្លែង​ថ្មី ប្រភេទ Alpha៕

Leave a Reply

Your email address will not be published. Required fields are marked *