ក្រុមប្រទេសឧស្សាហកម្មរីកចម្រើន (G7) នឹងបង្កើនការផលិតវ៉ាក់សាំងបង្ការ Covid-19 នៅទូទាំងពិភពលោក ដើម្បីផ្គត់ផ្គង់យ៉ាងតិច 1ពាន់លានដូស ដល់ពិភពលោក តាមរយៈកម្មវិធីចែករំលែក និងក្រោមរូបភាពនៃការផ្ដល់ជំនួយ។
«នៅក្នុងកិច្ចប្រជុំកំពូល G7 ក្រុមមេដឹកនាំពិភពលោក តាមគម្រោងនឹងប្រកាសឱ្យដឹងអំពីផែនការផ្ដល់វ៉ាក់សាំង Covid-19 យ៉ាងតិច 1ពាន់លានដូស ដល់ពិភពលោក និងរៀបគម្រោងបង្កើនការផលិតវ៉ាក់សាំង ដើម្បីសម្រេចបានគោលដៅនេះ» នៅក្នុងឆ្នាំ2023។ នេះបើតាមការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ដែលបានឱ្យដឹង កាលពីថ្ងៃទី10 ខែមិថុនា។
ដំណឹងខាងលើ ត្រូវបានលើកឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក Joe Biden ប្រកាសថា សហរដ្ឋអាមេរិក នឹងផ្ដល់វ៉ាក់សាំង Covid-19 ចំនួន 500លានដូស ដល់ប្រទេសចំនួន 92 ដែលជាប្រទេសក្រីក្រ និងមានចំណូលក្រោមមធ្យម។
ប្រទេសអង់គ្លេស ដែលជាកន្លែងប្រារព្ធកិច្ចប្រជុំកំពូល G7 បានឱ្យដឹងថា ប្រទេសនេះនឹងផ្ដល់ជំនួយយ៉ាងតិច 100លានដូស ដល់ពិភពលោក នៅក្នុងឆ្នាំ2022 ក្នុងនោះមាន 5លានដូសនឹងត្រូវបានផ្លល់ឱ្យនៅសប្ដាហ៍ក្រោយៗនេះ។
ការសន្យាខាងលើនេះ ត្រូវបានធ្វើឡើង ក្រោយពីមានការអំពាវនាវឱ្យបណ្ដាប្រទេសអ្នកមាន ចែករំលែកវ៉ាក់សាំង ដល់បណ្ដាប្រទេសក្រីក្រ។ អង្គការមនុស្សធម៌នានា បានព្រមានថា ស្ថានភាពចាក់វ៉ាក់សាំងដោយមិនស្មើភាពគ្នានេះ កំពុងតែនាំឱ្យមាន «ការរើសអើងពូជសាសន៍ ដោយប្រើប្រាស់វ៉ាក់សាំង»៕
ប្រភព៖ AFP, Guardian
ប្រែសម្រួល៖ បុត្រា