ក្រសួងការពារជាតិចិន ប្រកាសថា នឹងការពារអធិបតេយ្យភាពលើ កោះតៃវ៉ាន់ បន្ទាប់ពីប្រតិភូសហរដ្ឋអាមេរិក បានធ្វើទស្សនកិច្ចខ្លីមកកាន់កោះនេះ ដោយជិះយន្តហោះរបស់កងទ័ព។
«កងទ័ពរំដោះប្រជាជនចិន (PLA) នឹងឆ្លើយតប ដោយការប្ដេជ្ញាចិត្ត ការពារឯកភាពជាតិ និងបូរណភាពទឹកដី ដោយប្រើគ្រប់មធ្យបាយទាំងអស់ បើសិនជាមានគេមកបំបែក តៃវ៉ាន់ ចេញពីប្រទេសចិន» អ្នកនាំពាក្យក្រសួងការពារជាតិចិន Wu Qian បានឱ្យដឹងកាលពីម្សិលមិញ។
ការអធិប្បាយខាងលើ ត្រូវបានលើកឡើង បន្ទាប់ពីយន្តហោះដឹកជញ្ជូនផ្នែកយោធា C-17 នៃកងទ័ពអាកាសរបស់ សហរដ្ឋអាមេរិក បានដឹកប្រតិភូ ដែលរួមមាន តំណាងរាស្ត្រ 3រូបនៃសភាជាន់ខ្ពស់ ចុះចតលើទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ និងឈប់នៅទីនេះរយៈពេល 3ម៉ោង កាលពីថ្ងៃទី6 ខែមិថុនា។ ប្រតិភូអាមេរិកនេះ បានជួបពិភាក្សាជាមួយមេដឹកនាំកោះតៃវ៉ាន់ លោក Tsai Ing-wen និងបានសន្យាថា ផ្ដល់វ៉ាក់សាំងប្រឆាំង Covid-19 ចំនួន 750,000ដូស ដល់កោះនេះផងដែរ។
លោក Wu Qian ថ្លែងថា ដំណើរទស្សនកិច្ចរបស់តំណាងរាស្ត្រអាមេរិក បង្កការខូចខាតធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីងតោន ក៏ដូចជាស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ អ្នកនាំពាក្យរូបនេះ បានហៅសកម្មភាពខាងលើនេះថាជា ឥរិយាបថ «មិនប្រកបដោយការទទួលខុសត្រូវ»។ លោក Wu Qian បន្ថែមថា គណៈបក្សប្រជាធិបតេយ្យជឿនលឿន (Democratic Progressive Party) ដែលកំពុងកាន់អំណាចនៅ តៃវ៉ាន់ កំពុង «ប្រលែងលេងជាមួយភ្លើង» ហើយថា ប្រាកដជាទទួលបរាជ័យ។
កន្លងមក អ្នកនាំពាក្យនៃក្រសួងការបរទេសចិន Zhao Lijian ក៏បាននិយាយថា សហរដ្ឋអាមេរិក មិនគួរបញ្ជូនសារខុសឆ្គង ដល់កម្លាំងគាំទ្រឯករាជ្យនៅតៃវ៉ាន់ ហើយទន្ទឹមនឹងនេះ គួរតែបញ្ចប់រាល់សកម្មភាពផ្លូវការជាមួយកោះនេះ។
ប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលមិនអាចកាត់ផ្ដាច់បាន ហើយថា នឹងប្រើប្រាស់កម្លាំងបាយដើម្បីបង្រួបបង្រួម បើសិនចាំបាច់។ ចំណែក សហរដ្ឋអាមេរិក វិញ បើទោះជា ទទួលស្គាល់ប្រទេសចិនតែមួយ ប៉ុន្តែ អាមេរិក នៅតែសន្យាជួយដល់កោះតៃវ៉ាន់ ក្នុងការរក្សាសិទ្ធិការពារខ្លួន ដោយយោងទៅតាមសន្ធិសញ្ញាទំនាក់ទំនងជាមួយតៃវ៉ាន់ ឆ្នាំ1979 និងតែងផ្គត់ផ្គង់អាវុធដល់កោះនេះជាញឹកញាប់។
ភាពតានតឹងអាចនឹងកាន់តែអាក្រក់ជាងនេះ នៅពេលប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មសហរដ្ឋអាមេរិក-តៃវ៉ាន់ Rupert Hammond-Chambers បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីងតោន ជិតអនុម័តលើកិច្ចព្រមព្រៀងលក់អាវុធថ្មីមួយចំនួន ឱ្យកោះតៃវ៉ាន់។ នេះត្រូវបានគេមើលឃើញថាជា សកម្មភាពប្រឈមនឹង «បន្ទាត់ក្រហម» របស់ប្រទេសចិន ហើយអាចនាំឱ្យ «មហាយក្ស» អាស៊ីមួយនេះ ប្រតិកម្មខ្លាំងក្លាជាងមុន ចំពោះបញ្ហាកោះតៃវ៉ាន់៕
ប្រភព៖ SCMP
ប្រែសម្រួល៖ បុត្រា