នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី8 ខែមិថុនា នៅឯក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បានជាប់ឆ្នោតអាណត្តិទីពីរ ជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។
បុគ្គលប្រមាណជា 10រូបផ្សេងទៀត ក៏មានបំណងប្រជែងឆ្នោតសម្រាប់តំណែងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) នេះដែរ ប៉ុន្តែ សុទ្ធតែមិនបានក្លាយជាបេក្ខភាពផ្លូវការ ព្រោះថា មិនទទួលបានការគាំទ្រពីប្រទេសណាមួយ ក្នុងចំណោមសមាជិកចំនួន 193ប្រទេស នៃអង្គការនេះ។ ដូច្នេះ នៅក្នុងការបោះឆ្នោតខាងលើ អតីតនាយករដ្ឋមន្ត្រី នៃប្រទេសព័រទុយហ្គាល វ័យ 72ឆ្នាំ លោក Antonio Guterres ពុំមានគូប្រជែងនោះទេ។ លោក Antonio Guterres បានកាន់តំណែងនេះ តាំងពីឆ្នាំ2017។ អាណត្តិ 5ឆ្នាំលើកទីពីររបស់លោក Antonio Guterres នឹងចាប់ផ្ដើមពីថ្ងៃទី1 ខែមករា ឆ្នាំ2022។
នៅក្នុងអាណត្តិដំបូងរបស់ខ្លួន លោក Antonio Guterres ត្រូវផ្ដោតទៅលើការកាត់បន្ថយហានិភ័យ នៃការខូចខាតដែលកើតឡើងដោយសារគោលនយោបាយការបរទេសឯកតោភាគី បញ្ហាជាតិនិយមជ្រុល របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលកាលណោះគឺលោក Donald Trump ជាបុគ្គលដែលតែងដាក់ជាសំណួរស្ដីពីតម្លៃរបស់អង្គការសហប្រជាជាតិ និងពហុភាគីនិយម។
សហរដ្ឋអាមេរិក គឺជាប្រទេសដែលផ្ដល់វិភាគទានច្រើនជាងគេដល់អង្គការសហប្រជាជាតិ ពោលគឺប្រហាក់ប្រហែលនឹង 22% នៃថវិកាសរុបប្រចាំឆ្នាំ និង ¼ នៃថវិកាសរុបសម្រាប់កម្លាំងរក្សាសន្តិភាព។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចាប់ផ្ដើមបំពេញខ្ទង់វិភាគទានខាងលើ ដែលត្រូវបានលោក Trump កាត់បន្ថយសម្រាប់ស្ថាប័នខ្លះនៃអង្គការសហប្រជាជាតិ ទន្ទឹមនឹងការសន្យាជាថ្មី ចំពោះអង្គការពិភពលោកមួយនេះ៕
ប្រភព៖ NY Times
ប្រែសម្រួល៖ បុត្រា