រាជរដ្ឋាភិបាលនៃប្រទេសថៃ កាលពីថ្ងៃទី1 ខែមិថុនា ឆ្នាំ2021 បានអនុម័តកញ្ចប់ថវិកាជំរុញកំណើនសេដ្ឋកិច្ច ដែលមានទំហំទឹកប្រាក់ 140ពាន់លានបាត (ប្រហាក់ប្រហែលនឹង 4.5ពាន់លានដុល្លារអាមេរិក) ដើម្បីកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចដែលបង្កឡើងដោយវិបត្តិ Covid-19។
អ្នកនាំពាក្យនៃក្រសួងហិរញ្ញវត្ថុ លោកស្រី Kulaya Tantitemit បានឱ្យដឹងថា កញ្ចប់ថវិកានេះ មានតួនាទីជួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពី Covid-19 និងដើម្បីជំរុញការចាយវាយក្នុងស្រុក។ វិធានការនេះ តាមគម្រោង នឹងត្រូវផ្ដល់ជូន ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ2021 តាមរយៈសាច់ប្រាក់សុទ្ធ ប័ណ្ណទូទាត់អេឡិចត្រូនិច (e-voucher) ឬតាមទម្រង់ទូទាត់រួម។
ទំហំទឹកប្រាក់ប្រមាណ 93ពាន់លានបាត ដែលទូទាត់ក្រោមរូបភាពទូទាត់រួម នឹងជួយដល់ពលរដ្ឋចំនួន 31លាននាក់ ខណៈ 16.4ពាន់លានបាត និង 3ពាន់លានបាតទៀត នឹងត្រូវបែងចែកក្រោមរូបភាពប្រគល់ប្រាក់ដល់ដៃ សម្រាប់ពលរដ្ឋដែលកំពុងស្ថិតក្នុងរបបនៃគោលនយោបាយសន្តិសុខសង្គម និងជនពិការ។ ទន្ទឹមនឹងនេះ ខ្ទង់ប្រាក់ 28ពាន់លានបាត នឹងត្រូវបែងចែកតាមទម្រង់ ប័ណ្ណទូទាត់អេឡិចត្រូនិច សម្រាប់ក្រុមពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម និងខ្ពស់។
ប្រទេសថៃ គិតត្រឹមព្រឹកថ្ងៃទី2 ខែមិថុនា ឆ្នាំ2021 បានរកឃើញអ្នកឆ្លង Covid-19 សរុបចំនួន 162,022នាក់ ក្នុងនោះមាន អ្នកស្លាប់ 1,069នាក់ អ្នកជាសះស្បើយចំនួន 111,735នាក់ និងកំពុងព្យាបាលចំនួន 49,218នាក់៕
ប្រភព៖ Xinhuanet
ប្រែសម្រួល៖ បុត្រា