មន្ទីរបញ្ចកោណ (Pentagon) ធ្វើការបញ្ជាក់អំពីខ្លឹមសារវីដេអូ ដែលត្រូវបានថតពីនាវាចម្បាំង USS Omaha កាលពីឆ្នាំ2019 ក្នុងនោះបង្ហាញថា UFO (Unidentified flying object / វត្ថុហោះ មិនស្គាល់អត្តសញ្ញាណ) ចំនួន 14គ្រឿង បានឡោមព័ទ្ធនាវាចម្បាំងរបស់សហរដ្ឋអាមេរិក។
«ខ្ញុំអាចបញ្ជាក់បានថា វីដេអូនេះ ត្រូវបានថតដោយទាហានជើងទឹក។ ក្រុមការងារពិសេសទទួលបន្ទុកស្រាវជ្រាវបាតុភូតអាកាស (Unknown Airborne Phenomena Task Force/UAPTF) បានបញ្ចូលរូបភាពទាំងនេះទៅក្នុងបញ្ជីស៊ើបអង្កេត។ យើងមិនមានព័ត៌មានបន្ថែមអ្វីផ្សេងក្រៅពីនេះ» អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ និយាយកាលពីថ្ងៃទី29 ខែឧសភា ឆ្នាំ2021។
ការលើកឡើងខាងលើ ត្រូវបានធ្វើឡើង បន្ទាប់ពី Jeremy Corbell ផលិតករភាពយន្តស៊ើបអង្កេត បានប្រកាសបង្ហាញរូបភាពដែលត្រូវបានថតពីនាវាចម្បាំង USS Omaha ពេលវាកំពុងផ្លាស់ទីនៅលើលម្ហសមុទ្រ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី15 ខែកក្កដា ឆ្នាំ2019។ «វីដេអូ ដែលត្រូវបានថតពីមជ្ឈមណ្ឌលព័ត៌មានប្រយុទ្ធរបស់ USS Omaha បង្ហាញថា រ៉ាដា រកឃើញការប្រឈមមុខដ៏ធំមួយ ជាមួយនឹង UFO» Corbell និយាយដូច្នេះ កាលពីថ្ងៃទី28 ខែឧសភា។
នៅក្នុងវីដេអូនោះ យ៉ាងហោចណាស់ មាន UFO ចំនួន 14គ្រឿង ផ្លាស់ទីក្នុងល្បឿនយ៉ាងលឿន និងឡោមព័ទ្ធនាវាចម្បាំងសហរដ្ឋអាមេរិក។ ក្រុមនាវិកមានការភ្ញាក់ផ្អើលខ្លាំងនៅពេលរកវិធីកំណត់ល្បឿន និងទិសដៅហោះរបស់ពួកវា។ Corbell បានឱ្យដឹងថា UFO 1គ្រឿង ក្នុងចំណោម 14គ្រឿង បានហោះចូលក្នុងទឹកសមុទ្រ ហើយនាវាមុជទឹកក៏ត្រូវបានបញ្ជាឱ្យតាមរកដានរបស់វា ប៉ុន្តែមិនអាចរកឃើញ។
នេះគឺជាវីដេអូទីពីរដែលត្រូវបាន Corbell ប្រកាសបង្ហាញ នៅក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ផលិតករភាពយន្តនេះ បានឱ្យដឹងថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រឈមមុខនឹង UFO ជាង 100គ្រឿង នៅក្នុងអំឡុងឆ្នាំ2019 ដោយយោងតាមទិន្នន័យដែលលោកប្រមូលបាន។
សភាអាមេរិក កាលពីខែមករា បានកំណត់យកថ្ងៃទី1 ខែមិថុនា ជាថ្ងៃដែលអង្គភាពស៊ើបការណ៍សម្ងាត់ និងក្រសួងការពារជាតិ ត្រូវប្រកាសឯកសារទាក់ទងនឹង UFO និងបាតុភូតដែលមិនអាចកំណត់អត្តសញ្ញាណបាន។ ដូច្នេះ សូមរង់ចាំតាមដានទាំងអស់គ្នា។
ប្រភព RT
ប្រែសម្រួល៖ បុត្រា