យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានបាញ់រ៉ុក្កែតជាច្រើនគ្រាប់ ធ្វើឱ្យអគារមួយកន្លែង មានកម្ពស់ 14ជាន់ ដែលត្រូវបានគេជឿថាជា ទីស្នាក់ការរបស់ទូរទស្សន៍ផ្កាយរណប Al-Aqsa របស់កងជីវពល ហាម៉ាស ត្រូវដួលរាបដល់ដី។
កាលពីថ្ងៃទី12 ខែឧសភា អ៊ីស្រាអែល បានវាយប្រហារតាមផ្លូវអាកាស សំដៅលើ Al-Shorouk ជាអគារមួយដែលត្រូវបាន ប៉ាលេស្ទីន និយាយថា មានក្រុមហ៊ុនជាច្រើន រួមទាំងការិយាល័យរបស់ទូរទស្សន៍ផ្កាយរណប Al-Aqsa របស់កងទ័ព ហាម៉ាស។ ប៉ុន្តែ អ៊ីស្រាអែល ជឿថា នេះគឺជាទីស្នាក់ការនៃអង្គភាពស៊ើបការណ៍សម្ងាត់របស់ ហាម៉ាស។ វាស្ថិតក្នុងតំបន់ក្រុងរ៉ូម៉ាំងបុរាណ ជាទីតាំងពាណិជ្ជកម្មធំបំផុតប្រចាំតំបន់ ហ្គាហ្សា។
អ្នករស់នៅក្នុងតំបន់នេះ បានឱ្យដឹងថា មុនការវាយប្រហារ អ៊ីស្រាអែល បានព្រមានដល់មនុស្សទាំងអស់ឱ្យចាកចេញពីអគារ ដោយការទម្លាក់គ្រាប់បែកក្លែងក្លាយមួយគ្រាប់ទៅលើដំបូលអគារ។ ភ្លាមនោះ ប្រជាជនក៏បានអំពាវនាវឱ្យមនុស្សម្នាចាកចេញពីអគារដែលជិតនឹងត្រូវបានកម្ទេច។
បន្ទាប់មក យន្តហោះចម្បាំង F-16 របស់អ៊ីស្រាអែល បានបាញ់រ៉ុក្កែត សរុប 9គ្រាប់ តម្រង់គោលដៅ បណ្ដាលឱ្យអគារត្រូវរបេះធ្លាក់ម្ដងមួយផ្ទាំងៗ ហើយរ៉ុក្កែងពីរគ្រាប់ចុងក្រោយ ក៏បានកម្ទេចអគារ Al-Shorouk នេះ ឱ្យរាបដល់ដីទាំងស្រុង។ នេះគឺជាអគារខ្ពស់ទីបីនៅតំបន់ ហ្គាហ្សា ដែលត្រូវបានយន្តហោះចម្បាំងរបស់់អ៊ីស្រាអែលវាយប្រហារ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ភាគីខាង ហាម៉ាស បានឱ្យដឹងថា ខ្លួនបានបាញ់រ៉ុក្កែត 130គ្រាប់ សំដៅប្រទេសអ៊ីស្រាអែល ដើម្បីជាការសងសឹកនឹងការវាយប្រហារលើអគារ Al-Shorouk នេះ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ គ្រាប់រ៉ុក្កែត របស់ក្រុម ហាម៉ាស បានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន 7នាក់ ក្នុងនោះមានកុមារអាយុ 6ឆ្នាំម្នាក់ និងទាហានម្នាក់ផងដែរ។
ក្រសួងសុខាភិបាលប៉ាលេស្ទីន ឱ្យដឹងថា ពលរដ្ឋប្រទេសនេះចំនួន 53នាក់បានស្លាប់ ក្នុងនោះមានកុមារចំនួន 14នាក់ផងដែរ ខណៈដែល 320នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារពីសំណាក់យន្តហោះចម្បាំងរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា នាសប្ដាហ៍នេះ។
មូលហេតុនៃការប៉ះទង្គិចនេះ កើតឡើង បន្ទាប់ពី អ៊ីស្រាអែល កាត់បន្ថយការចូលទៅកាន់តំបន់ទីក្រុងបុរាណ យេរូសាឡឹម ក្នុងរដូវបុណ្យ Ramadan និងគំរាមបណ្ដេញជនជាតិប៉ាលេស្ទីនចំនួន 4គ្រួសារ ដែលកំពុងរស់នៅភាគខាងត្បូងនៃតំបន់ យេរូសាឡឹម ដើម្បីទុកកន្លែងឱ្យជនជាតិជ្វីហ្វ។
បញ្ហាខាងលើ បាននាំឱ្យប្រជាជនប៉ាលេស្ទីន ធ្វើបាតុកម្មប្រឆាំងតវ៉ា ហើយក៏មានការប៉ះទង្គិចជាមួយប៉ូលិសអ៊ីស្រាអែល អស់ជាច្រើនថ្ងៃ នៅខាងក្រៅវិហារ Al-Aqsa នៅតំបន់ យេរូសាឡឹមខាងត្បូង ដែលជាកន្លែងពិសិដ្ឋរបស់សាសនិកអ៊ីស្លាម បណ្ដាលឱ្យមនុស្សរាប់រយនាក់ត្រូវរងរបួស។ តុលាការ អ៊ីស្រាអែល បានផ្អាកការជំនុំជម្រះលើការបណ្ដេញចេញខាងលើ ប៉ុន្តែ នៅតែមិនអាចកាត់បន្ថយភាពតានតឹងបាន៕
ប្រភព៖ Al Jazeera, AP
ប្រែសម្រួល៖ បុត្រា