Htet ស្តីស្អាតរបស់ប្រទេសភូមា ដែលធ្លាប់បានចូលរួមប្រលងបវរកញ្ញាអន្តរជាតិ បានបង្ហោះរូបថតស្ពាយកាំភ្លើង និងប្រកាសចូលរួមជាមួយកងកម្លាំងឧទ្ទាម ដើម្បីប្រឆាំងរបបសឹករបស់ឧត្តមសេនីយ៍ Min Aung Hlaing។
Htar Htet Htet អតីតបវរកញ្ញា វ័យ 32ឆ្នាំ របស់ប្រទេសភូមា កាលពីថ្ងៃទី11 ខែឧសភា បានបង្ហោះរូបថតរបស់ខ្លួននៅលើបណ្ដាញសង្គម Facebook។ ក្នុងរូបថតនេះ នាងស្លៀកឯកសណ្ឋានពណ៌ខ្មៅ និងស្ពាយកាំភ្លើងវែងនៅលើស្មា ជាមួយនឹងសំនេរមួយឃ្លា «ដល់ពេលដែលត្រូវប្រយុទ្ធប្រឆាំងនឹង» របបយោធាហើយ។
«បើទោះជាអ្នក កាន់កាំភ្លើង កាន់ប៊ិក ចុចកុំព្យូទ័រ ឬផ្ដល់ជំនួយជាប្រាក់កាសដល់ចលនាប្រជាធិបតេយ្យ យើងទាំងអស់គ្នាក៏សុទ្ធតែត្រូវប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីដណ្ដើមបានជោគជ័យ។ ខ្ញុំនឹងប្រយុទ្ធឱ្យអស់ពីសមត្ថភាព តាមដែលអាចធ្វើទៅបាន។ ខ្ញុំបានត្រៀមខ្លួនជាស្រេចក្នុងការបោះបង់គ្រប់យ៉ាង សូម្បីតែជីវិត» នាង Htar Htet Htet បានសរសេរដូច្នេះ។
ស្រីស្អាតរបស់មីយ៉ានម៉ា រូបនេះ ធ្លាប់បានធ្វើជាតំណាងរបស់ប្រទេស ទៅចូលរួមប្រលងបវរកញ្ញាសន្តិភាពអន្តរ ជាតិ នៅប្រទេសថៃ កាលពីឆ្នាំ2013។ នាងត្រូវបានគេជឿថា បានចូលរួមជាមួយទ័ពព្រៃ និងកំពុងស្ថិតនៅក្នុងតំបន់ព្រំដែន ដែលគ្រប់គ្រងដោយក្រុមបះបោរ។
គួររំលឹកថា ស្រីស្អាត Han Lay អាយុ 22ឆ្នាំ តំណាងឱ្យប្រទេសមីយ៉ានម៉ា នៅព្រឹត្តិការណ៍ប្រលងបវរកញ្ញាសន្តិភាពអន្តរជាតិនាឆ្នាំនេះ កន្លងមកក៏បាន «អំពាវនាវឱ្យសហគមន៍អន្តរជាតិ ជួយដល់ប្រទេសនេះ ក្នុងគ្រាដែលមនុស្សរាប់រយនាក់បានស្លាប់ ក្រោយរដ្ឋប្រហារយោធា របស់ឧត្តមសេនីយ៍ Min Aung Hlaing។
សារព័ត៌មាន Global New Light ដែលគ្រប់គ្រងដោយយោធាមីយ៉ានម៉ា ក្រោយមកក៏បានចុះផ្សាយដំណឹងតាមចាប់ខ្លួន Han Lay រួមនឹងបុគ្គលល្បីឈ្មោះប្រហែល 100នាក់ផ្សេងទៀត ដែលបានបញ្ចេញមតិគាំទ្របាតុកម្មប្រឆាំងរដ្ឋប្រហារ។ Han Lay ត្រូវបានគេដឹងថា កំពុងស្ថិតនៅប្រទេសថៃ ក្រោយការប្រលងបវរកញ្ញា។
រដ្ឋប្រហារយោធានៅប្រទេសភូមា បានកើតឡើងជាង 100ថ្ងៃមកហើយ ប៉ុន្តែ ស្ថានការណ៍នៅតែតានតឹងដដែល។ សមាគមគាំពារអ្នកទោសនយោបាយ (AAPP) បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធនៃរបបយោធាភូមា បានបាញ់សម្លាប់បាតុករយ៉ាងតិច 781នាក់ ក្នុងនោះមាន 52នាក់ជាក្មេងតូចៗ និងបានចាប់ឃុំខ្លួនមនុស្សប្រមាណ 3,843នាក់។ ក៏ប៉ុន្តែ ភាគីរបបសឹកភូមា និយាយថា តួលេខអ្នកស្លាប់ ទាបជាងនេះឆ្ងាយ៕
ប្រភព៖ AFP
ប្រែសម្រួល៖ បុត្រា