(វីដេអូ)-ទិដ្ឋភាព​រ៉ុ​ក្កែត​អ៊ីស្រាអែល បាញ់​ស្ទាក់​កាំជ្រួច​ហ្វូង​រាប់រយដើម​របស់​ក្រុម​ហា​ម៉ាស ដែល​កំពុង​សំដៅ​មកលើ​តំបន់​យេ​រូ​សា​ឡិ​ម

ប្រព័ន្ធ​ការពារ​ដែនអាកាស​អ៊ីស្រាអែល បាន​ដំណើរការ​ស្រុះគ្នា នៅពេល​រ៉ុ​ក្កែត​ចំនួន 150គ្រាប់ ត្រូវបាន​កម្លាំងប្រដាប់អាវុធ​ហា​ម៉ាស (Hamas) បាញ់​សំដៅ​មកកាន់​ប្រទេស​នេះ ក្នុងអំឡុង​ភាព​តានតឹង​រវាង​អ៊ីស្រាអែល និង​ប៉ា​លេ​ស្ទី​ន កំពុង​កើនឡើង​ខ្ពស់។

ក្រសួងការពារជាតិ​អ៊ីស្រាអែល បានប្រកាសថា កងកម្លាំងប្រដាប់អាវុធ​ប៉ា​លេ​ស្ទី​ន បាន​បាញ់​កាំជ្រួច​ហ្វូ​ល​ចំនួន 150គ្រាប់ ស្រោច​មកលើ​ទឹកដី​រប​ស់​អ៊ីស្រាអែល ក្នុង​យប់​ថ្ងៃទី10 ខែឧសភា ក្នុងនោះ រាប់សិប​គ្រាប់​ត្រូវបាន​ប្រព័ន្ធ​ការពារ​ដែនអាកាស Iron Dome របស់​អ៊ី​ស្រា​អេ​ល រាំងខ្ទប់។

រូបភាព​ដែល​ត្រូវបាន​សារព័ត៌មាន​នានា​ចុះផ្សាយ បង្ហាញថា រ៉ុ​ក្កែត​ជាច្រើន​គ្រាប់ ត្រូវបាន​បាញ់​ចេញពី​ប្រព័ន្ធ Iron Dome ផ្សេងៗគ្នា តម្រង់​ទៅកាន់​គ្រាប់​កាំជ្រួច​ហ្វូង នាពេល​រាត្រី ដើម្បី​ទប់ស្កាត់​កាំជ្រួច​ហ្វូង​របស់​សត្រូវ ដែល​កំពុង​សំដៅ​មក។ Iron Dome ជាធម្មតា តែង​បាញ់​កម្ទេច​រ៉ុ​ក្កែត​ទាំងឡាយណា​ដែល​សំដៅ​មកកាន់​តំបន់​ទីក្រុង និង​បោះបង់​គ្រាប់​រ៉ុ​ក្កែ​ត​ដែល​ត្រូវ​បានកំណត់​ដឹងថា នឹង​ធ្លាក់​ទៅលើ​តំបន់​ដាច់ស្រយាល។

Abu Ubaida អ្នកនា​ពាក្យ​របស់​ក្រុម​ហា​ម៉ាស បានឱ្យដឹងថា កម្លាំង​របស់ខ្លួន​បាន​បាញ់​រ៉ុ​ក្កែ​ត​សំដៅលើ​សត្រូវ​ដែល​កំពុង​គ្រប់គ្រង​តំបន់ យេ​រូ​សា​ឡិ​ម (Jerusalem) ដើម្បី​ឆ្លើយតប​នឹង​អំពើ​ឧក្រិដ្ឋ និង​ភាព​កោងកាច​សំដៅលើ​តំបន់​ពិសិដ្ឋ ក៏ដូចជា​ប្រជាជន​នៅ​វិហារ Sheikh Jarrah និង Al-Aqsa»។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បានប្រកាសថា កងកម្លាំង​ប៉ា​លេ​ស្ទី​ន បាន​ឆ្លងកាត់ «បន្ទាត់​ក្រហម» នៅពេល​បាញ់​រ៉ុ​ក្កែ​ត ស្រោច​មកលើ​តំបន់​យេ​រូ​សា​ឡិ​ម ជា​លើកដំបូង ចាប់តាំងពី​ឆ្នាំ2014។ កងទ័ព​អ៊ីស្រាអែល ក្រោយមក​ក៏បាន​វាយប្រហារ​តាមផ្លូវ​អាកាស សំដៅលើ​ទីតាំង​ជាច្រើន​នៅ​ទីក្រុង​ហ្គា​ហ្សា (Gaza) របស់​ប៉ា​លេ​ស្ទី​ន បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 20នាក់ បាន​បាត់​បង់ជីវិត។

ហេតុការណ៍​បាញ់ប្រហារ​គ្នា​នេះ កើតឡើង​នៅពេល​ប្រជាជន​ប៉ា​លេ​ស្ទី​ន ប៉ះទង្គិច​ជាមួយ​ក្រុមប៉ូលិស​អ៊ីស្រាអែល អស់​ជាច្រើន​ថ្ងៃ នៅ​ខាងក្រៅ​វិហារ Al-Aqsa ភាគ​ខាងកើត​តំបន់​យេ​រូ​សា​ឡិ​ម ជាទី​តាំង​ពិសិដ្ឋ​របស់​សាសនិក​អ៊ីស្លាម ដែលនាំឱ្យ​មាន​អ្នករងរបួស​រាប់រយ​នាក់។

ការប៉ះទង្គិច​ខាងលើ ដែល​បាន​នាំឱ្យមាន​ភាព​តានតឹង ក្រោយពី​អ៊ីស្រាអែល បាន​រឹតបន្តឹង​លើ​ការចូល​ទៅកាន់​តំបន់ យេ​រូ​សា​ឡិ​ម នៅក្នុង​រដូវ Ramadan និង​គំរាម​បណ្ដេញ​ជនជាតិ​ប៉ា​លេ​ស្ទី​ន​ចំនួន 4គ្រួសារ ដើម្បី​ទុក​ទីតាំង​ឱ្យ​ជនជាតិ​ជ្វី​ហ្វ​រស់នៅ។

ការបាញ់ប្រហារ​ដាក់គ្នា រវាង​អ៊ីស្រាអែល និង​ប៉ា​លេ​ស្ទី​ន កំពុង​ធ្វើឱ្យ​ប្រទេស​ជាច្រើន​មានការ​ព្រួយបារម្ភ។ សហរដ្ឋ អាមេរិក បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការបាញ់​ផ្លោង​រ៉ុ​ក្កែ​ត មកលើ​អ៊ីស្រាអែល និង​ស្នើឱ្យ​គ្រប់ភាគី បន្ថយ​ភាព​តានតឹង​ជាបន្ទាន់។ អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី7 ខែឧសភា ក៏បាន​អំពាវនាវ​ឱ្យមាន​ការអត់ធ្មត់ ខណៈ​រុស្ស៊ី និង​បណ្ដា​ប្រទេស​នៅ​មជ្ឈិមបូព៌ា ថ្កោលទោស​លើ​ការបណ្ដេញ​ជនជាតិ​ប៉ា​លេ​ស្ទី​ន ពី​សំណាក់​រដ្ឋាភិបាល​អ៊ីស្រាអែល៕

ប្រភព៖ Reuters
ប្រែសម្រួល​៖ បុត្រា

Advertisement