ថវិកាខាងយោធារបស់ពិភពលោក បានកើនឡើងដល់ជិត 2លានលានដុល្លារអាមេរិក កាលពីឆ្នាំកន្លងទៅ ផ្ទុយគ្នាស្រឡះពីខាងវិបត្តិសេដ្ឋកិច្ច ដែលជាផលប៉ះពាល់ពីស្ថានការណ៍ជំងឺរាតត្បាតកូវីដ-19។
ទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានរាយការណ៍ពីទីក្រុងស្តុកហូម ប្រទេសស៊ុយអែត នៅថ្ងៃទី26 មេសា ថា សេចក្ដីរាយការណ៍ដោយស្ថាប័នស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម ពាក់ព័ន្ធនឹងការចាយវាយខាងយោធាទូទាំងពិភពលោកកាលពីឆ្នាំ2020 បានកើនឡើង 2.6% ពីស្ថិតិកាលពីឆ្នាំមុន ឬ 1,981លានដុល្លារអាមេរិក ទៅជាជិត 2លានលានដុល្លារអាមេរិក ផ្ទុយគ្នាស្រឡះពី GDP ទូទាំងពិភពលោក ដែលជាមធ្យមថយចុះ 4.4% កាលពីឆ្នាំទៅ ដោយសារតែវិបត្តិកូវីដ-19។
ទាំងអស់នេះ លោក ឌីអេហ្គោ ឡូប៉េហ្ស ដា ស៊ីលវ៉ា អ្នករៀបចំធ្វើរបាយការណ៍ម្នាក់ បានទទួលស្គាល់ថា តួលេខការចំណាយដែលចេញមក “ហួសពីការនឹកស្មាន” និងអាចធ្វើឱ្យក្រុមអ្នករៀបចំធ្វើរបាយការណ៍ សរុបបានថា វិបត្តិការឆ្លងរាលដាលរបស់កូវីដ-19 “ស្ទើរតែគ្មានផលប៉ះពាល់អ្វីឡើយ” ចំពោះការដំណើរការនយោបាយខាងយោធារបស់ប្រទេសជាច្រើន ជាពិសេសបណ្ដាប្រទេសមហាអំណាច។
សហរដ្ឋអាមេរិក និងប្រទេសចិន ជាប្រទេសមហាអំណាចខាងយោធាលំដាប់លេខ1 និង2 របស់ពិភពលោក នៅតែជាប្រទេស2 ដែលមានការចំណាយខាងយោធាច្រើនបំផុត ដោយនៅក្នុងចំណែករបស់សហរដ្ឋអាមេរិក មានចំណែកគិតជាភាគរយ 39% តាមដោយប្រទេសចិន មានចំណែក 13% តែយ៉ាងណាក្ដី នៅពេលវិភាគស៊ីជម្រៅក្នុងសេចក្ដីលម្អិត គេបានរកឃើញថា ទោះជាថវិកាខាងយោធារបស់ប្រទេសចិន នៅតែជាតួលេខ តិចជាងខាងសហរដ្ឋអាមេរិកច្រើនក៏ដោយ តែចំពោះចំនួនទឹកប្រាក់វិញ បានកើនឡើងជាបន្តបន្ទាប់រហូតរយៈពេលពេល 26ឆ្នាំកន្លងមក រហូតមកនៅត្រឹម 252,000លានដុល្លារអាមេរិក កាលពីឆ្នាំទៅ ចំណែកសហរដ្ឋអាមេរិកវិញ មានថវិកាខាងយោធា កើនឡើងរហូត 3ឆ្នាំចុងក្រោយ មកដល់ឆ្នាំទៅ ក្រោយពីថយចុះពេញមួយរយៈពេល 7ឆ្នាំមុនហ្នឹង។
ម្យ៉ាងទៀត ថវិកាខាងយោធា និងការចាយវាយដែលពាក់ព័ន្ធវិស័យនេះរបស់សហរដ្ឋអាមេរិក គឺជារឿងដែលគួរឱ្យតាមសង្កេតមើលបំផុត ពេញមួយរយៈពេល 4ឆ្នាំបន្ទាប់ពីនេះទៅ តាមរយៈការដែលរដ្ឋបាលក្រុងវ៉ាស៊ីនតោនបច្ចុប្បន្ន របស់លោកប្រធានាធិបតី ចូ បៃដិន នៅមិនទាន់មានឥរិយាបថថា នឹងកាត់បន្ថយថវិកាក្នុងរឿងនេះនៅឡើយ ទោះជាមានការត្រៀមដកកងទ័ព ដែលនៅសេសសល់ប្រមាណជា 2,500នាក់ទៀត ចេញពីអាហ្វហ្គានីស្ថានក្នុងអំឡុងថ្ងៃទី11 កញ្ញាខាងមុខនេះក្ដី ដែលផ្ទុយពីថ្ងៃគម្រប់ខួប 20ឆ្នាំ នៃហេតុការណ៍វិនាសកម្ម 911៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា