សភាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានអនុម័តច្បាប់ប្រឆាំងការរើសអើងជាតិសាសន៍ដែលសំដៅលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី នៅក្នុងគ្រាដែលអំពើប្រកាន់ជាតិសាសន៍លើជនជាតិអាមេរិកាំងដើមកំណើតអាស៊ី កំពុងរាលដាលពាសពេញសហរដ្ឋអាមេរិក។
សេចក្ដីព្រាងច្បាប់ខាងលើ ត្រូវបានអនុម័តកាលពីថ្ងៃទី22 ខែមេសា ឆ្នាំ2021 ដោយមានសន្លឹកឆ្នោតគាំទ្រចំនួន 94សំឡេង និងប្រឆាំង 1សំឡេង។ តំណាងរាស្ត្រនៃសភាជាន់ខ្ពស់មកពីបក្សសាធារណរដ្ឋ លោក Josh Hawley គឺជាអ្នកបោះឆ្នោតប្រឆាំងនឹងសេចក្ដីព្រាងច្បាប់នេះ។
សេចក្ដីព្រាងច្បាប់នេះ ត្រូវបានស្នើឡើងដោយតំណាងរាស្ត្រសភាជាន់ខ្ពស់ Mazie Hirono, Tammy Duckworth និងតំណាងរាស្ត្រសភាជាន់ទាប Grace Meng មកពីគណបក្សប្រជាធិបតេយ្យ ដើម្បីស្នើឱ្យក្រសួងយុត្តិធម៌បង្កើតការិយាល័យស៊ើបអង្កេតលើអំពើល្មើសច្បាប់ទាក់ទងនឹងការស្អប់ខ្ពើមជាតិសាសន៍ដែលត្រូវបានរាយការណ៍នៅក្នុងវិបត្តិ Covid-19។ សេចក្ដីព្រាងច្បាប់នេះក៏ណែនាំឱ្យក្រុមមន្ត្រីអនុវត្តច្បាប់នៅមូលដ្ឋាន រាយការណ៍អំពីអំពើល្មើសច្បាប់រើសអើងជាតិសាសន៍ ពង្រីកការអប់រំដល់សហគមន៍នានា និងប្រឆាំងនឹងពាក្យស្អប់ខ្ពើមទាក់ទងនឹងវិបត្តិ Covid-19។
Hirono និង Duckworth គឺជាជនជាតិអាមេរិកាំងដើមកំណើតអាស៊ីតែពីរនាក់គត់ នៅក្នុងសភាជាន់ខ្ពស់សហរដ្ឋអាមេរិក ក្នុងចំណោមតំណាងរាស្ត្រសរុបចំនួន 100នាក់។
សេចក្ដីព្រាងច្បាប់នេះនឹងត្រូវការការអនុម័តនៅសភាជាន់ទាប ជាកន្លែងដែលកៅអីភាគច្រើនត្រូវបានកាន់កាប់ដោយបក្សប្រជាធិបតេយ្យ ហើយបន្ទាប់មកទៀត វានឹងត្រូវបញ្ជូនទៅកាន់សេតវិមានដើម្បីឱ្យប្រធានាធិបតី Joe Biden ចុះហត្ថលេខា។
សូមរំលឹកថា អំពើហិង្សាប្រឆាំងនឹងពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី បានកើនឡើងខ្ពស់ ចាប់តាំងពី Covid-19 បានផ្ទុះឡើង។ ក្រុមសកម្មជន និងប៉ូលិសបានឱ្យដឹងថា គំនិតស្អប់ខ្ពើមជនជាតិអាស៊ី ត្រូវបានញុះញង់ដោយវោហាសាស្ត្រចោទប្រកាន់ចិនអំពីបញ្ហា Covid-19។ អតីតប្រធានាធិបតី Donald Trump ធ្លាប់បានប្រើពាក្យពេចន៍ដូចជា «វីរុសចិន» ជាដើម ដើម្បីហៅ Covid-19។
យោងតាមក្រុមសកម្មជនប្រឆាំងនឹងអំពើស្អប់ខ្ពស់លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី និងបណ្ដាកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក (AAPI) អំពើរើសអើងជាតិសាសន៍ជិត 3,800ករណី បានកើតឡើងនៅសហរដ្ឋអាមេរិក រាប់ចាប់ពីខែមីនា ឆ្នាំ2020 ដល់ខែកុម្ភៈ ឆ្នាំ2021។ ចំណែកមជ្ឈមណ្ឌលស្រាវជ្រាវអំពីលទ្ធិស្អប់ខ្ពើម និងជ្រុលនិយម នៃសាកលវិទ្យាល័យរដ្ឋ California បានបញ្ជាក់ថា អំពើល្មើសដែលប្រឆាំងនឹងពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី កើនជិត 150% ក្នុងឆ្នាំ2020 បើធៀបនឹងឆ្នាំ2019៕
ប្រភព៖ Reuters, Financial Times
ប្រែសម្រួល៖ បុត្រា