ភាពគ្មានស្ថិរភាពខាងស្បៀង កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនេះជាផលប៉ះពាល់បណ្ដាលមកពីរដ្ឋប្រហារ និងវិបត្តិហិរញ្ញវត្ថុ ដែលមានភាពធ្ងន់ធ្ងរទ្វេឡើង ដោយអង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា នឹងមានមនុស្សជាច្រើនលាននាក់ ប្រឈមនឹងភាពអត់ឃ្លាន ក្នុងអំឡុងពេលប៉ុន្មានខែខាងមុខនេះ។
អង្គការចំណីអាហារពិភពលោក ឬ WFP បានវិភាគថា មនុស្សម្នាច្រើនដល់ 3.4លាននាក់ នឹងត្រូវតស៊ូ ដើម្បីរកទិញស្បៀងអាហារ ក្នុងរយៈពេល 3-6ខែខាងមុខ ដោយទីប្រជុំជននឹងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បណ្ដាលមកពីអត្រាគ្មានការងារធ្វើ ដែលកើនឡើងក្នុងវិស័យផលិតកម្ម ការសាងសង់ និងសេវាកម្ម រួមទាំងតម្លៃម្ហូបអាហារដែលកើនឡើងខ្ពស់ដូចគ្នា។
“អ្នកក្រ ចំនួនដ៏ច្រើន លែងមានការងារធ្វើ និងមិនអាចរកទិញចំណីអាហារបានឡើយ ដូច្នេះចាំបាច់ត្រូវមានការតបស្នងយ៉ាងព្រមព្រៀងគ្នា ដើម្បីសម្រាលការលំបាកលំបិនភ្លាមៗ និងការពារមិនឱ្យកើតមានភាពចុះខ្សោយខាងស្ថិរភាពចំណីអាហារ” លោក ស្ទីហ្វេន អ៊ែនដឺសុន ប្រធានអង្គការចំណីអាហារពិភពលោក ប្រចាំប្រទេសមីយ៉ាន់ម៉ា បានថ្លែងបែបនេះនៅក្នុងសេចក្ដីថ្លែងព័ត៌មាន។
WFP បានបញ្ជាក់ថា តម្លៃទីផ្សារអង្ករ និងប្រេងឆា កើនឡើង 5% និង 18% តាមលំដាប់ ចាប់តាំងពីដំណាច់ខែកុម្ភៈមក និងមានសញ្ញាថា ក្រុមគ្រួសារជនជាតិមីយ៉ាន់ម៉ាមួយចំនួន ក្នុងទីក្រុងយ៉ាំងហ្គោន កំពុងរំលងពេលបាយចោលខ្លះ ហូបអាហារដែលមានគុណតម្លៃខាងភោជនាហារទាប និងកំពុងមានបំណុលច្រើន។
ក្រុមការងារ បានរៀបផែនការក្នុងការពង្រីកប្រតិបត្តិការផ្ដល់ការជួយសង្គ្រោះមនុស្ស កើនឡើង 3ដង ស្មើនឹង 3.3លាននាក់ និងកំពុងប្រមូលផ្ដុំថវិកា ដើម្បីប្រើប្រាស់ក្នុងការជួយសង្គ្រោះឱ្យបានដល់ 106លានដុល្លារ។ នេះបើតាមការឱ្យដឹងពីស្ថាប័នខាងលើ។
ទាំងអស់នេះ អ្នកនាំពាក្យរដ្ឋបាលទាហានមីយ៉ាន់ម៉ា មិនបានឆ្លើយតបទូរស័ព្ទដែលទីភ្នាក់ងារព័ត៌មាន Reuters ទំនាក់ទំនង ដើម្បីសុំការអធិប្បាយឡើយ៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Reuters
ប្រែសម្រួលដោយ តាវ៉ែនតា