ប្រទេសជប៉ុនបានបើកកិច្ចប្រជុំពិភាក្សាជាផ្លូវការដើម្បីស្វែងរកវិធីសាស្ត្រនានាក្នុងបំណងធានាលើបញ្ហាស្នងរាជបល្ល័ង្ក ក្នុងនោះក៏មានទាំងការអនុញ្ញាតឱ្យក្សត្រីមានសិទ្ធិឡើងគ្រងរាជផងដែរ ក្នុងគ្រាដែលប្រទេសនេះមានបេក្ខភាពស្នងរាជតិចទៅ។
យោងតាមសារព័ត៌មាន Kyodo News ដើម្បីធានានូវអនាគតនៃរបបរាជានិយមយូរអង្វែងជាងគេក្នុងពិភពលោក ក្រុមប្រឹក្សារាជបល្ល័ង្កមួយដែលមានសមាជិក 6រួប បានបើកកិច្ចពិភាក្សាដំបូងកាលពីថ្ងៃទី 23មីនា ក្រោមការដឹកនាំរបស់ Atsushi Seike អតីតនាយកសាកលវិទ្យាល័យ Keio។ ក្រុមប្រឹក្សានេះបានសន្យាថា នឹងបើកកិច្ចពិភាក្សាយ៉ាងប្រុងប្រយ័ត្ន និងមិនប្រញាប់ប្រញាល់ ជាបន្តបន្ទាប់នាពេលខាងមុខ។
ឆ្លើយតបនឹងក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំដំបូង លោក Seike ឱ្យដឹងថា៖ «មានការយល់ឃើញខុសៗគ្នាជាច្រើន ហើយយ៉ាងហោចណាស់ យើងក៏អាចពិនិត្យមើលភាពវិជ្ជមាន និងអវិជ្ជមាននៃវិធីសាស្ត្រនីមួយ»។
ប៉ុន្តែ ជាក់ស្ដែងគឺមិនមានពេលច្រើនទៀតនោះទេសម្រាប់រាជរង្ស នៅពេលដែលបច្ចុប្បន្ននេះ បេក្ខភាពស្នងរាជផ្លូវការជាក្សត្រាមានតែ3អង្គប៉ុណ្ណោះ រីឯក្សត្រីទាំងឡាយបានរៀបការជាមួយពលរដ្ឋសាមញ្ញ ត្រូវបោះបង់ឋានៈជាសមាជិករាជរង្ស ទៅតាមគោលការណ៍ច្បាប់។
អតីតមន្ត្រីជាន់ខ្ពស់មួយរូបបានព្រមានថា ការស្នងរាជរបស់រាជវង្សដែលមានអាយុកាលជាង 2,600ឆ្នាំមកនេះនៅប្រទេសជប៉ុន អាចត្រូវបញ្ចប់នាពេលអនាគតដ៏ខ្លីខាងមុខ បើសិនជារដ្ឋាភិបាលមិនមានអន្តរាគមន៍ទាន់ពេល។
បច្ចុប្បន្ន មានបេក្ខភាពស្នងរាជស្របច្បាប់បន្ទាប់ពីមហាក្សត្រ Naruhito (ព្រះជន្ម 61វស្សា) មានចំនួនតែ 3អង្គគត់ រួមមាន អនុជ (ប្អូនប្រុស) Fumihito (55 វស្សា), រាជនត្តា (ចៅ) Hisahito (ព្រះជន្ម 14វស្សា) និងបិតុលា (មា) Hitachi (ព្រះជន្ម 85វស្សា)។ ព្រះរាជបុត្រតែមួយអង្គគត់របស់មហាក្សត្រ Naruhito និងមហេសី Masako គឺព្រះនាង Aiko ព្រះជន្ម 19វស្សា។
គោលការណ៍បេក្ខភាពស្នងរាជត្រូវតែជាក្សត្រា ត្រូវបានលើកយកមកពិភាក្សាកាលពីមុននេះរួចមកហើយ ពិសេសគឺនៅពេលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Junichiro Koizumi កាលពីឆ្នាំ2005 នៅពេលដែលក្រុមប្រឹក្សានៃអ្នកជំនាញមួយបានស្នើឱ្យមានការអនុញ្ញាតឱ្យក្សត្រីមានសិទ្ធិស្នងរាជ។ ក៏ប៉ុន្តែ ការពិភាក្សាត្រូវបានពន្យារពេល បន្ទាប់ពីព្រះអង្គម្ចាស់ Hisahito បានប្រសូត្រកាលពីខែកញ្ញា2006 ក្នុងនាមជាសមាជិក (សមាជិកភេទប្រុស) ដំបូងរបស់រាជរង្ស ក្នុងអំឡុង41ឆ្នាំមកនេះ។
កាលពីខែតុលា2012 រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Yoshihiko Noda បានស្នើឱ្យមានការអនុញ្ញាតឱ្យសមាជិកាក្នុងរាជវង្ស មានសិទ្ធិបង្កើតសាខារាជវង្សដោយឡែក សូម្បីតែនៅពេលបានរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋសាមញ្ញ។ ប៉ុន្តែ ប្រធានបទនេះក៏ត្រូវបំភ្លេចចោល នៅពេលលោក Shinzo Abe ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
ប្រភពព័ត៌មានដែលស្និទ្ធនឹងមន្ត្រីរដ្ឋាភិបាល បានឱ្យដឹងថា នាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់ជប៉ុន គឺលោក Yoshihide Suga ក៏មិនសូវយកចិត្តទុកដាក់អំពីបញ្ហាខាងលើ និងមានការប្រុងប្រយ័ត្ននៅចំពោះការប្ដូរផ្លាស់ដែលអាចកើតមាន។
មានការលើកថា ក្រុមប្រឹក្សារាជបល្ល័ង្កថ្មីនឹងមិនសម្រេចចិត្តអ្វីមួយនៅមុនការបោះឆ្នោតសភាជាន់ទាបនារដូវស្លឹកឈើជ្រុះក្នុងឆ្នាំនេះ។ ប៉ុន្តែ បើទោះជាចង់ ឬមិនចង់ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Suga ក៏ត្រូវធ្វើការសម្រេចចិត្តចាំបាច់មួយដើម្បីរក្សាស្ថិរភាពនៃរាជបល្ល័ង្ករបស់ប្រទេសនេះ។
យោងតាមលទ្ធផលនៃការស្ទង់មតិរបស់ Kyodo News ដែលត្រូវបានធ្វើឡើងកាលពីរដូវផ្ការីកឆ្នាំមុន ពលរដ្ឋជប៉ុនចំនួន 85% គាំទ្រឱ្យក្សត្រីមានសិទ្ធិឡើងគ្រងរាជ និង 79% គាំទ្របេក្ខភាពស្នងរាជអាចប្រើប្រាស់ត្រកូលខាងម្ដាយ៕
ប្រភព៖ Kyodo News
ប្រែសម្រួល៖ បុត្រា