ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញវីរុសកូរ៉ូណាដែលដូចទៅនឹង Covid-19 រហូតដល់ 91.5% នៅលើសត្វប្រចៀវក្នុងតំបន់អភិរក្សធម្មជាតិ ជាមួយនឹងអង្គបដិប្រាណដែលមានសមត្ថភាពទប់ស្កាត់ការឆ្លងវីរុស Covid-19។
ក្រុមអ្នកវិទ្យាសាស្ត្រដែលដឹកនាំដោយសាស្ត្រាចារ្យ Wang Linfa នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Duke នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) កំពុងសិក្សាស្រាវជ្រាវនៅតំបន់អាស៊ីអាគ្នេយ៍ទាក់ទងនឹងប្រភេទសត្វប្រចៀវ និងសត្វពង្រូល ដោយសារសត្វទាំងនេះត្រូវបានគេរកឃើញថា មានផ្ទុកវីរុស Covid-19 នាពេលកន្លង។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញវីរុសកូរ៉ូណាមួយប្រភេទដែលមានឈ្មោះថា RacCS203 នៅលើសត្វប្រចៀវក្រចកជើងសេះ (Horseshoe bat) នៅក្នុងរូងភ្នំសិប្បនិម្មិតក្នុងតំបន់អភិរក្សសត្វព្រៃដែលស្ថិតនៅភាគខាងត្បូងប្រទេសថៃ មានប្រព័ន្ធហ្សែនដូច Covid-19 ដល់ទៅ 91.5%។
វីរុស RacCS203 ក៏ជាសែស្រឡាយជិតជាមួយនឹង RmYN02 ដែលជាវីរុសកូរ៉ូណាមាននៅលើសត្វប្រចៀវក្នុងរូងភ្នំនៅខេត្ត Yunnan ភាគនិរតីប្រទេសចិន។ សាស្ត្រាចារ្យ Wang និយាយថា វីរុសនានានៅលើសត្វប្រចៀវនៅក្នុងប្រទេសថៃ និងចិន មានតួនាទីដូច «ច្បាប់ចម្លងដ៏ពេញលេញ អាចរួមផ្សំជាមួយនឹងវីរុសផ្សេងៗឡើងវិញ និងអាចមានវិវឌ្ឍន៍ទៅជាមេរោគថ្មី»។
ការរកឃើញនេះ បាននាំមកនូវតម្រុយបន្ថែមសម្រាប់ការស្វែងរកប្រភពពិតរបស់វីរុស Covid-19។ ក្រុមអ្នកវិទ្យាសាស្ត្រយល់ឃើញថា ប្រភេទវីរុសកូរ៉ូណាដែលមានហ្សែនដូចទៅនឹង Covid-19 នៅលើសត្វប្រចៀវគឺមានវត្តមាននៅក្នុងប្រទេស និងដែនដីជាច្រើននៅពាសពេញទ្វីបអាស៊ី រួមមាន ប្រទេសចិន ជប៉ុន និងប្រទេសថៃ។ ព័ត៌មានទាំងនេះត្រូវបានចុះផ្សាយនៅលើទំព័រទស្សនាវដ្ដី Nature Communications កាលពីថ្ងៃទី 9 កុម្ភៈ ឆ្នាំ 2021៕
ប្រភព៖ BBC