ក្រសួងសុខាភិបាល នៅព្រលប់ថ្ងៃទី 5 កុម្ភៈ ឆ្នាំ 2021 នេះ បានប្រកាសឱ្យដឹងអំពីការប្រើប្រាស់វ៉ាក់សាំង Covid-19 ជាជំនួយរបស់ចិន ដែលនឹងមកដល់កម្ពុជានៅថ្ងៃទី 7 កុម្ភៈខាងមុខ។
សេចក្ដីប្រកាសថ្មីដែលយោងទៅតាមសេចក្ដីប្រកាសចាស់ចុះនៅថ្ងៃទី 3 កុម្ភៈ ឆ្នាំ 2021 បានបញ្ជាក់ថា វ៉ាក់សាំងចំនួន 3 សែនដូស និងសេរ៉ាំងចំនួន 300,800 ដើម នឹងមកដល់កម្ពុជានៅថ្ងៃទី 7 កុម្ភៈ ឆ្នាំ 2021។ ចំណែកអាយុដែលអាចចាក់វ៉ាក់សាំងនេះបាន គឺត្រូវមានចាប់ពី 18 ដល់ 59 ឆ្នាំ ខណៈអ្នកដែលមានអាយុលើសពី 60 ឆ្នាំ នឹងត្រូវរង់ចាំលទ្ធផលនៃការសិក្សាជាបន្តទៀត។
ក្រសួងបានបញ្ជាក់ថា គម្រោងចាក់វ៉ាក់សាំងជូន សម្ដេចតេជោ និងឥស្សរជនជាន់ខ្ពស់អមដំណើរដែលមានអាយុលើសពី 60 ឆ្នាំ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 10 ខាងមុខ ក៏ត្រូវបានលុបចោល និងត្រូវចាក់ជូនអ្នកដែលមានអាយុចាប់ពី 18 ឆ្នាំដល់ 59ឆ្នាំ ទៅតាមអាទិភាពដែលបានចែងនៅក្នុងពិធីសារសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង Covid-19។
ក្រុមមនុស្សអាទិភាពនឹងត្រូវបានជ្រើសរើសចេញពីបញ្ជីឈ្មោះអ្នកស្ម័គ្រចិត្តដែលបានចុះឈ្មោះតាមប្រព័ន្ធអនឡាញដែលនឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅសប្ដាហ៍ក្រោយ។ ការចាក់វ៉ាក់សាំងនឹងត្រូវបានធ្វើឡើងនៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ ខេត្ត និងស្រុក។ សម្រាប់កាលបរិច្ឆេទនៃការចាក់វ៉ាក់សាំង និងព័ត៌មានលម្អិតផ្សេងទៀត ក្រសួងសុខាភិបាលនឹងជម្រាមជូននៅពេលក្រោយ៕