ឡារ៉ែនជឿថា នារីៗយើងទាំងអស់ អ្នកណាៗក៏ត្រូវតែមានគ្រួសារ(ស្វាមី) និងត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះដូចគ្នា ដូច្នេះដើម្បីជាចំណេះដឹងសម្រាប់ត្រៀមខ្លួនក្នុងការមានគភ៌ និងដើម្បីថែរក្សាសុខភាពរបស់ខ្លួនឯង និងកូនក្នុងផ្ទៃក្នុងអំឡុងពេលតាំងគភ៌នោះ ខាងក្រោមនេះគឺជាសំណួររបស់ស្ត្រីមានគភ៌ និងចម្លើយរបស់គ្រូពេទ្យជំនាញ ដែលឡារ៉ែនសូមលើកយកមកជម្រាបជូនសម្រាប់ស្ត្រីដែលកំពុងត្រៀមខ្លួនធ្វើជាម្ដាយថ្មោងថ្មីទុកជាចំណេះដឹង…។
បារម្ភ កូនមិនសូវរើ
Q . មានផ្ទៃពោះបាន 20សប្តាហ៍ហើយ តែគ្មានទទួលអារម្មណ៍ថា កូនរើបន្តិចសោះ។ ពេលខ្លះមានអារម្មណ៍រាងទុលៗ តែក៏មិនប្រាកដក្នុងចិត្តធាកូនកំពុងរើដែរ ព្រោះស្រាលៗមែនទែន។ ខំព្យាយាមសង្កេតមើលក្រោយពេលញ៉ាំបាយហើយ តែក៏ស្ងាត់ឈឹង ចង់សួរថា តើបែបហ្នឹងខុសប្រក្រតី ឬក៏អត់?
A . ជាប្រក្រតីស្ត្រីមានគភ៌ នឹងមានអារម្មណ៍ដឹងថា កូនរើលើកតំបូងបង្អស់ នៅក្នុងអំឡុងពេលដែលផ្ទៃពោះមានអាយុពី 16 – 20សប្តាហ៍ តែអារម្មណ៍របស់ស្ត្រីមានផ្ទៃពោះម្នាក់ៗ តែងខុសប្លែកពីគ្នា ដូច្នេះមិនចាំបាច់ថា ត្រូវតែមានអារម្មណ៍ដឹងពីអាការកូនរើឱ្យត្រឹមត្រូវតាមពេលវេលា និងម៉ោងពេលនៃការធ្វើចលនារបស់ទារកនៅក្នុងផ្ទៃរបស់អ្នកនោះទេ។
មានកង្វល់រឿងថ្នាំហ្វូលេត សម្រាប់អ្នកមានផ្ទៃពោះ
Q . ពេលមានគភ៌កូនដំបូង លោកគ្រូពេទ្យចែកថ្នាំហ្វូលេតឱ្យញ៉ាំរៀងរាល់ខែ(គ្រាប់ពណ៌លឿង)ហើយជាប្រក្រតីនឹងទទួលបាន កាល់ស្យូម វិតាមីនរួម និងហ្វូលេត តែខែកន្លងទៅនេះ បានទទួលតែកាល់ស្យូម និងវិតាមីនរួម អត់មានហ្វូលេតទៀតទេ ធ្វើឱ្យខ្ញុំមានកង្វល់ក្នុងចិត្តជាខ្លាំង ខ្លាចកូនក្នុងពោះមានសុខភាពមិនល្អ ព្រោះតែខ្វះខាតជាតិហ្វូលេត។
A . ហ្វូលេតសម្រាប់អ្នកមានផ្ទៃពោះ មានតួនាទីក្នុងការផលិតគ្រាប់ឈាមក្រហម និងមានប្រយោជន៍ក្នុងការការពារភាពខុសប្រក្រតីនៃការសាងប្រព័ន្ធសរសៃប្រសាទខួរក្បាល និងសសៃប្រសាទឆ្អឹងកងខ្នងរបស់ទារកនៅក្នុងគភ៌ ដែលមានដូចជា សភាវបំពង់ប្រសាទបើក ( Neural Tube Defect ឬ NTD ) សភាវគ្មានខួរក្បាល ( Anencephaly ) ឆ្អឹងកងខ្នងបិទមិនជិតល្អ ( Spina Bifida )ជាដើម ហើយបរិមាណហ្វូលេតដែលត្រូវទទួលទាននោះ ចែកចេញជា៖
- ករណីដែលស្ត្រីមានគភ៌លើកដំបូង ឬគ្មានប្រវត្តិធ្លាប់ប្រសូតបុត្រដែលមានរោគបំពង់ប្រសាទបើក សភាវគ្មានខួរក្បាល ឬឆ្អឹងកងខ្នងបិទមិនជិតល្អទេនោះ សូមណែនាំឱ្យទទួលទានមុនពេលមានគភ៌រយៈពេល 3ខែ រហូតដល់គភ៌មានអាយុ 12 សប្តាហ៍ ក្នុង 1ថ្ងៃ 400មីល្លីក្រាម។
- ក្នុងករណីដែលស្រ្តីមានគភ៌ ធ្លាប់មានប្រវត្តិប្រសូតបុត្រមកមានរោគបំពង់ប្រសាទបើក ឬសភាវគ្មានខួរក្បាល ឬឆ្អឹងកងខ្នងបិទមិនជិតល្អនោះ សូមណែនាំឱ្យទទួលទានមុនពេលមានគភ៌រយៈពេល 3ខែ រហូតដល់គភ៌មានអាយុ 12សប្តាហ៍ ក្នុង1ថ្ងៃ 400មីល្លីក្រាម។
- ក្នុងករណីស្រ្តីមានគភ៌មានភាពខុសប្រក្រតីរបស់រោគមិនសូវមានឈាមក្រហម ថាឡាស់ស៊ិមៀ អាចទទួលទានបានក្នុង 1ថ្ងៃ 400មីល្លីក្រាម រហូតក្នុងរយៈពេលនៃការមានគភ៌ ក្រៅពីនេះនៅអាចជ្រើសរើសបរិភោគអាហារដែលបរិមាណហ្វូលេតខ្ពស់ ដែលមានដូចជា បន្លែស្លឹកបៃតង ឈីស ថ្លើម សាច់សត្វ ទឹកដោះ សណ្តែក ទំពាំង ផ្សឹត និងដំឡូងបារាំង ។
ធ្វើលំហាត់ប្រាណដង្ហើម ដើម្បីឱ្យប្រសូតបុត្របានងាយស្រួល
Q . ចង់ឱ្យមាត់ស្បូនងាយបើកក្នុងថ្ងៃឆ្លងទន្លេ គួរធ្វើយ៉ាងណា?
A . ជាប្រក្រតី អ្នកម្តាយមានផ្ទៃពោះគ្រប់រូប រយៈតំបូងបំផុតនៃការប្រសូតបុត្រ គឺជារយៈពេលដែលមានការបើកធំឡើងរបស់មាត់ស្បូន ចាប់ផ្តើមតាំងពីការឈឺពោះប្រសូតមែនទែន មាត់ស្បូននឹងចាប់ផ្តើមបើក និងបើករហូតដល់អាចប្រសូតបុត្របាន។ រយៈពេលនេះ នឹងត្រូវបញ្ចប់ដោយប្រើពេលវេលាប្រមាណជា 8 – 12ម៉ោង ក្នុងការឆ្លងទន្លេលើកដំបូង និង 6 – 8ម៉ោងក្នុងការឆ្លងទន្លេកូនបន្ទាប់(កូនទី2)។
ការហ្វឹកហាត់បញ្ជាខ្យល់ដង្ហើមយ៉ាងទៀងទាត់ តាំងពីស្រ្តីចាប់ផ្តើមតាំងគភ៌ នឹងជួយឱ្យស្ត្រីមានគភ៌មានអារម្មណ៍ធូរស្រាល ហើយពេលដល់ពេលប្រសូត នឹងជួយឱ្យប្រសូតបានងាយស្រួល។ វិធីហ្វឹកហាត់ដោយការគេងផ្ងាររាបស្មើនឹងដី យកខ្នើយទ្រក្បាលឱ្យខ្ពស់បន្តិច បិទភ្នែក និងកំណត់ខ្យល់ដង្ហើមចូល-ចេញឱ្យវែងៗយ៉ាងទៀងទាត់ រួមទាំងការបន្ធូរសម្រួលសាច់ដុំ ក្បាល ក ផ្ទៃមុខ និងថ្ងាស ដោយយកដៃអង្អែលស្រាលៗដើម្បីបណ្តេញភាពធុញថប់តានតឹង។
ហាត់ប្រាណក្រោយពេលប្រសូតបុត្ររួច
Q . ប្រសូតបុត្រដោយការវះ តើអាចធ្វើលំហាត់ប្រាណបានឡើងវិញនៅពេលណាទៅ? ហើយខ្សែឆ្នូតៗពណ៌ក្រហមៗនៅលើក្បាលពោះ និងក្លៀកឡើងខ្មៅនោះ តើពេលណាទើបរលុបបាត់ទៅវិញ? តើត្រូវធ្វើយ៉ាងណាខ្លះទៅ?
A . ស្ត្រីដែលឆ្លងទន្លេតាមបែបធម្មតា ក្រោយពេលប្រសូតរួចអាចធ្វើលំហាត់ប្រាណបានភ្លាមនៅពេលបាត់ឈឺមុខរបួសហើយនោះ តែបើស្ត្រីដែលឆ្លងទន្លេដោយការវះកាត់វិញ គួររង់ចាំយ៉ាងតិចពី 4 – 6សប្តាហ៍ក្រោយពេលប្រសូតរួច បន្ទាប់មកសឹមចាប់ផ្តើមធ្វើលំហាត់ប្រាណសន្សឹមៗ ដោយសារតែបញ្ហាស្នាមរបួសវះហ្នឹងឯង។ ចំណែកឯស្នាមខ្សែពណ៌ក្រហមៗនៅចំកណ្តាលពោះ ស្នាមខ្មៅនៅក្រោមក្លៀក និងជុំវិញក្បាលសុដន់នោះ កើតឡើងដោយសារអ័រម៉ូននៅក្នុងរាងកាយមានការប្រែប្រួលក្នុងអំឡុងពេលមានគភ៌ តែក្រោយពេលប្រសូតបុត្ររួច ស្នាមជាំខ្មៅផ្សេងៗ នឹងរលុបបាត់អស់ទៅវិញជាបណ្តើរៗមិនខាន ៕