ការដែលក្រុមហ៊ុន Amazon នៅតែឱ្យបុគ្គលិករបស់ខ្លួនមកធ្វើការបន្តទៀត នៅក្នុងគ្រាដែលCOVID-19 រាតត្បាតខ្លាំងបែបនេះ នាំឱ្យក្រុមហ៊ុនត្រូវរងការរិះគន់ជាញឹកញាប់ថា បាននិងកំពុងរុញបុគ្គលិកឱ្យធ្លាក់ទៅក្នុងស្ថានភាពគ្រោះថ្នាក់។
កាលពីថ្ងៃទី1តុលា ក្រុមហ៊ុន Amazon បានប្រកាសថា នៅក្នុងចំណោមបុគ្គលិកជួរមុខចំនួន1.37លាននាក់នៅក្នុងហាង Amazon និង Whole Foods Market គឺមាន19,816នាក់ វិជ្ជមានជាមួយនឹងCOVID-19។ តួលេខនេះត្រូវបានរាប់ចាប់ពីថ្ងៃទី1មីនាដល់ថ្ងៃទី19កញ្ញា។
រយៈពេលច្រើនខែកន្លងមកនេះ គេឃើញមានបុគ្គលិក អ្នកនយោបាយ និងក្រុមសហជីពមួយចំនួន បានរិះគន់ទៅលើ Amazon ថា កំពុងតែរុញច្រានបុគ្គលិករបស់ខ្លួនឱ្យធ្លាក់ទៅក្នុងស្ថានភាពគ្រោះថ្នាក់ នៅពេលដែលក្រុមហ៊ុននេះនៅតែបន្តឱ្យបុគ្គលិកមកធ្វើការ ក្នុងពេលដែល COVID-19 កំពុងរាតត្បាតខ្លាំង។ អង្គការការពារពលករ Athena បានអំពាវនាវឱ្យមានការស៊ើបអង្កេតទៅលើក្រុមហ៊ុន Amazon ព្រមទាំងស្នើឱ្យក្រុមហ៊ុននេះ ផ្ដល់តួលេខនៃករណីឆ្លងវីរុស ឱ្យបានជាប្រចាំផងដែរ។
យ៉ាងណាក៏ដោយ ភាគីខាង Amazon បានអះអាងថា អត្រានៃការឆ្លងវីរុសរបស់បុគ្គលិកនៃក្រុមហ៊ុននេះ នៅតែទាបជាង42% បើធៀបនឹងការព្យាករ នៅក្នុងគ្រាដែល COVID-19 ឆ្លងរាលដាលទូទាំងពិភពលោក។
Amazon នៅតែបន្តសកម្មភាពរបស់ខ្លួននៅក្នុងសម័យCOVID-19 ដើម្បីផ្គត់ផ្គង់ទំនិញឱ្យគ្រប់តាមតម្រូវការរបស់អតិថិជន។ ពួកគេក៏បាន និងកំពុងអនុវត្តវិធានការសំខាន់ៗដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះផងដែរ។
សូមបញ្ជាក់ថា COVID-19 បានផ្ទុះឆ្លងរាលដាលចេញពីប្រទេសចិនចាប់ពីខែធ្នូ2019 និងបានរាលដាលទូទាំងពិភពលោក បណ្ដាលឱ្យមនុស្ស34,510,369នាក់បានឆ្លងវីរុស ក្នុងនោះមាន1,028,050នាក់បានបាត់បង់ជីវិត និង7,796,956កំពុងផ្ទុកវីរុស៕
ប្រភព៖ Reuters