ខ្ទឹមស ជារុក្ខជាតិឱសថបុរាណដែលត្រូវបានគេនាំយកមកធ្វើជាអាហារ និងថ្នាំជាយូររាប់ពាន់ឆ្នាំហើយ ប្រាកដណាស់ថាពេលមនុស្សយើងម្នាក់ៗកើតមក ក៏ដឹងរួចស្រេចទៅហើយថា ខ្ទឹមសត្រូវបានគេយកមកធ្វើជាគ្រឿងទេសផ្សំអាហារនោះ។
ក្នុងពេលបច្ចុប្បន្ននេះ ខ្ទឹមសត្រូវបាននាំយកមកប្រើក្នុងការការពាររោគជាច្រើនយ៉ាង ជួយកាត់បន្ថយកម្រឹតជាតិខ្លាញ់ Cholesterol បញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់ និងបង្កើនប្រព័ន្ធប្រឆាំងជំងឺឱ្យល្អឡើង។
ជំងឺផ្សេងៗដែលខ្ទឹមសអាចការពារបាន ៈ
1 – ជំងឺបេះដូង ( Heart disease )
មានភស្តុតាងមួយចំនួនបានគាំទ្រថា ខ្ទឹមសអាចការពារមិនឱ្យកើតជំងឺបេះដូងបាន ដោយអាចកាត់បន្ថយការកើតសរសៃឈាមឡើងរឹង និងបញ្ចុះកម្រឹតសម្ពាធឈាមបានបន្តិចបន្តួច(ចន្លោះពី 7 ដល់ 8%)។
ក្រៅពីនោះ ខ្ទឹមសថែមទាំងជាសារធាតុប្រឆាំងនឹងការបង្រួមខ្លួនជាដុំៗរបស់ឈាម ដោយការធ្វើឱ្យគ្រាប់ឈាមស្តើងចុះដែលអាចការពារមិនឱ្យកើតសភាវបេះដូងខ្វះឈាម ឬខួរក្បាលខ្វះឈាមបាន។
2 – ជំងឺផ្តាសាយ( Common Cold )
តាមរយៈលទ្ធផលនៃការស្រាវជ្រាវមួយបានរកឃើញថា ខ្ទឹមសអាចជួយការពារជំងឺផ្តាសាយបាន ដោយបានធ្វើការប្រៀបធៀបការបរិភោគខ្ទឹមសក្នុងអំឡុងពេលដែលជំងឺផ្តាសាយកំពុងឆ្លងរាលដាល លទ្ធផលបានបង្ហាញថា អ្នកបរិភោគខ្ទឹមសនឹងកើតជំងឺផ្តាសាយតិចជាងអ្នកដែលមិនបានទទួលទានខ្ទឹមសសោះ ហើយក្រៅពីនោះក្នុងអំឡុងពេលកើតជំងឺផ្តាសាយ ខ្ទឹមសអាចធ្វើឱ្យអាការរបស់ជំងឺផ្តាសាយឆាប់ជាសះស្បើយទៀតផង។
3 – មហារីក( Cancer )
ខ្ទឹមសអាចជំរុញឱ្យប្រព័ន្ធប្រឆាំងជំងឺរឹងមាំឡើង អាចជួយរាងកាយឱ្យតស៊ូជាមួយជំងឺមហារីកបាន ដោយលទ្ធផលពីបន្ទប់សាកល្បងបានបង្ហាញថា ខ្ទឹមសមានឬទ្ធិក្នុងការប្រឆាំងជំងឺមហារីក។
លទ្ធផលពីការស្រាវជ្រាវនៅលើមនុស្សក្នុងរយៈពេលយូរបានរកឃើញថា ក្រុមមនុស្សដែលទទួលទានខ្ទឹមសឆៅ ឬខ្ទឹមសដែលផ្សំក្នុងអាហារធ្វើឱ្យមានសញ្ញាថា នឹងមិនកើតជំងឺមហារីកទេ ជាពិសេសមហារីកពោះវៀនធំ និងមហារីកក្រពះ។
រឿងដែលត្រូវប្រយ័ត្នសម្រាប់ខ្ទឹមស
ទោះជាខ្ទឹមសជាមើមរុក្ខជាតិដែលមានគុណសម្បត្តិដ៏ច្រើនមែនក៏ដោយ តែខ្ទឹមសក៏មានផលដែលមិនគួរឱ្យប៉ងប្រាថ្នាជាច្រើនដូចគ្នាដែរ ដូចជា ធ្វើឱ្យឈឺពោះ ឆ្អល់ហើមពោះ មានក្លិនមាត់ រាងក្រហាយក្តៅ និងមានក្លិននៅលើដៃ(នៅពេលប៉ះពាល់) ក្រៅពីនោះ វានៅធ្វើឱ្យកើតមានអាការវឹលមុខ ឈឺក្បាល នឿយល្វើយ ឈឺចាប់ក្នុងសាច់ដុំ និងអ្នកខ្លះអាចនឹងកើតមានប្រតិកម្មចាញ់ខ្ទឹមសធ្វើឱ្យអាការហឺត និងកន្ទួលរមាស់ ជាដើម ៕