រដ្ឋចំនួន50របស់សហរដ្ឋអាមេរិកបានបន្ធូរបន្ថយការរឹតត្បិតលើការដើរហើរដើម្បីចាប់ផ្ដើមបើកដំណើរការសេដ្ឋកិច្ចទាំងស្រុងឡើងវិញ បើទោះជាមានការព្រមានពីក្រុមអ្នកជំនាញផ្នែកសុខាភិបាលក៏ដោយ។
យោងតាមស្ថិតិរបស់គេហទំព័រ Worldometer គិតមកដល់បច្ចុប្បន្ន តួលេខអ្នកស្លាប់ដោយសារវីរុសCOVID-19 នៅសហរដ្ឋអាមេរិកបានកើនដល់ជាង99,200នាក់ គឺកើនជិត600នាក់បើធៀបជាមួយនឹងម្សិលមិញ។ ក្នុងរយៈពេល24ម៉ោងមកនេះ សហរដ្ឋអាមេរិកក៏បានរកឃើញអ្នកផ្ទុកមេរោគCOVID-19 ជិត18,000នាក់បន្ថែមទៀត ធ្វើឱ្យតួលេខនៃអ្នកជំងឺកូរ៉ូណាសរុបឡើងដល់ជិត1.7លាននាក់។
សហរដ្ឋអាមេរិកបច្ចុប្បន្នគឺជាប្រទេសដែលមានអ្នកជំងឺ និងអ្នកស្លាប់ដោយសារវីរុសCOVID-19ច្រើនជាងគេបង្អស់ក្នុងពិភពលោក។ តួលេខនៃអ្នកស្លាប់ដោយសារ COVID-19 នៅប្រទេសនេះ ត្រូវបានគេព្យាករថានឹងកើនដល់147,000នាក់ នៅដើមខែសីហាខាងមុខ។
គិតមកដល់បច្ចុប្បន្ន រដ្ឋចំនួន50របស់សហរដ្ឋអាមេរិកបានបន្ធូរបន្ថយបម្រាមគោចរ ខណៈដែលកាលពីសប្ដាហ៍មុន រដ្ឋចំនួន11បានរកឃើញអ្នកផ្ទុកមេរោគCOVID-19ច្រើនបំផុតមិនធ្លាប់មានពីមុនមក ក្នុងនោះរួមមានរដ្ឋ Alabama, Arkansas, Minnesota, North Dakota, New Hampshire, Maryland, Maine, Nevada, Utah, Virginia និងរដ្ឋ Wisconsin។
ក្រុមមន្ត្រីរដ្ឋការនៃសហរដ្ឋអាមេរិកបានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនពាក់ម៉ាស់នៅពេលចេញទៅទីសាធារណៈ ក៏ប៉ុន្តែមានមនុស្សជាច្រើនបានប្រឆាំងនឹងការអំពាវនាវនេះ។ កាលពីចុងសប្ដាហ៍កន្លងទៅ គេឃើញមានមនុស្សតិចតួចណាស់ដែលបានពាក់ម៉ាស់នៅពេលដើរលម្ហែកាយនៅតំបន់ឆ្នេរសមុទ្រនៃទីក្រុង Ocean City ក្នុងរដ្ឋ Maryland៕
ប្រភព៖ សារព័ត៌មានបរទេស