សហរដ្ឋអាមេរិកបានរកឃើញអ្នកជំងឺCOVID-19ថ្មីជិត24,000នាក់ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ធ្វើឱ្យតួលេខអ្នកជំងឺកូរ៉ូណាសរុបឡើងដល់ជាង1.4លាននាក់ ក្នុងនោះមានជាង83,000នាក់បានបាត់បង់ជីវិត។
តួលេខនៃអ្នកជំងឺសរុប និងអ្នកស្លាប់សរុបដោយសារវីរុសCOVID-19នៅសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្នគឺ 1,407,928នាក់ និង83,357នាក់ បន្ទាប់ពីប្រទេសនេះទើបបានរកឃើញអ្នកជំងឺថ្មី23,895នាក់ និងអ្នកស្លាប់ថ្មី1,654នាក់បន្ថែមទៀតក្នុងថ្ងៃនេះ។ អ្នកជំងឺដែលបានជាសះស្បើយនៅសហរដ្ឋអាមេរិកក៏បានកើនឡើងដល់293,074នាក់។ នេះបើតាម Worlddometer ជាគេហទំព័រដែលធ្វើបច្ចុប្បន្នភាពនៃស្ថានភាពវីរុសCOVID-19 លឿនជាងគេបំផុត។
អភិបាលរដ្ឋនូវយ៉ក លោក Andrew Cuomo កាលពីថ្ងៃទី12ឧសភា(13ឧសភានៅកម្ពុជា) បានប្រកាសថា មានអ្នកស្លាប់ថ្មីចំនួន195នាក់នៅក្នុងរដ្ឋនីវយ៉ក ធ្វើឱ្យអ្នកស្លាប់សរុបដោយសារវីរុសកូរ៉ូណាក្នុងរដ្ឋនេះឡើងដល់21,835នាក់ ក្នុងគ្រាដែលតំបន់ចំនួន3របស់នីវយ៉ក ជិតបើកដំណើរការសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីបានបំពេញគ្រប់លក្ខខណ្ឌដែលលោក Cuomo បានដាក់ចេញ។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសុខាភិបាលរបស់សេតវិមាន លោក Anthony Fauci បានព្រមានថា បើសិនជាតំបន់នានាប្រញាប់ប្រញាល់បើកទ្វារសេដ្ឋកិច្ចឡើងវិញ នោះអាចនឹងមាន “ផលវិបាកធ្ងន់ធ្ងរ”។ លោកថា បណ្ដារដ្ឋដែលមើលស្រាលការព្រមានរបស់ក្រុមអ្នកជំនាញការ ពួកគេនឹងមាន “ហានិភ័យខ្ពស់ក្នុងការធ្វើឱ្យវីរុសនេះផ្ទុះឆ្លងរាលដាលជាលើកទីពីរដោយមិនអាចគ្រប់គ្រងបាន”៕
ប្រភព៖ សារព័ត៌មានបរទេស