New York Times ដកស្រង់ឯកសារសម្ងាត់មួយឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានព្យាករថា តួលេខនៃអ្នកស្លាប់ដោយសារវីរុសCOVID-19 នៅប្រទេសនេះអាចកើនឡើងមកវិញនៅក្នុងខែឧសភានេះ។
យោងតាមទិន្នន័យពីទំព័រ Worldomerter គិតត្រឹមរសៀលថ្ងៃទី4ឧសភា(ម៉ោងនៅអាមេរិក) ចំនួនអ្នកស្លាប់ដោយសារកូរ៉ូណានៅសហរដ្ឋអាមេរិក គឺមាន69,589នាក់ កើន992នាក់បើធៀបនឹងមុននេះមួយថ្ងៃ។ សហរដ្ឋអាមេរិកក៏បានរកឃើញអ្នកជំងឺថ្មីជាង23,000នាក់ ដែលនាំឱ្យតួលេខនៃអ្នកជំងឺសរុបបានកើនលើសពី1.2លាននាក់។
ទីភ្នាក់ងារសារព័ត៌មាន New York Times កាលពីថ្ងៃទី4ឧសភា បានដកស្រង់ប្រភពព័ត៌មានសម្ងាត់មួយឱ្យដឹងថា រដ្ឋាភិបាលរបស់លោក Trump បានព្យាករថា តួលេខនៃអ្នកជំងឺ និងអ្នកស្លាប់នៅក្នុងប្រទេសនេះនឹងកើនខ្លាំងឡើងវិញនៅក្នុងខែឧសភានេះ។ ឯកសារសម្ងាត់សរសេរថា នៅចុងខែឧសភា COVID-19 នឹងសម្លាប់មនុស្សប្រហែលជា3,000នាក់នៅ1ថ្ងៃៗនៅសហរដ្ឋអាមេរិក ដែលនេះជាតួលេខខ្ពស់បំផុតបើធៀបនឹងចំនួនអ្នកស្លាប់ជាមធ្យមជិត1,800នាក់ក្នុង1ថ្ងៃ នាបច្ចុប្បន្ន។
យោងតាមការព្យាករខាងលើ ជារៀងរាល់ថ្ងៃ សហរដ្ឋអាមេរិកអាចរកឃើញអ្នកជំងឺថ្មីក្នុង1ថ្ងៃប្រហែល200,000នាក់ ខណៈតួលេខមធ្យមនាបច្ចុប្បន្នគឺ 25,000នាក់/ថ្ងៃ។
ការព្យាករនេះត្រូវបានគេជឿថា បានធ្វើឡើងដោយយោងទៅលើការវិភាគរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺនៃសហរដ្ឋអាមេរិក CDC (Centers for Disease Control and Prevention)។ ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យរបស់សេតវិមាន លោក Judd Deere បានថ្លែងថា “នេះមិនមែនជាឯកសារដែលប្រកាសនៅក្នុងសេតវិមានទេ ហើយក៏មិនបានដាក់ជូនគណកម្មធិការប្រយុទ្ធប្រឆាំងនឹង COVID-19 ព្រមទាំងមិនទាន់មានការត្រួតពិនិត្យដោយអន្តរក្រសួងនោះដែរ”។
កាលពីចុងសប្ដាហ៍មុន ប្រធានាធិបតី Donald Trump បានព្យាករថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក អាចឡើងដល់100,000នាក់ ខ្ពស់ជាងការព្យាករដែលលោកបានលើកឡើងកន្លងមកដែលថា អ្នកស្លាប់នឹងមានចំនួនពី60,000ទៅ70,000នាក់។ លោក Trump ថ្លែងប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃទី3ឧសភាថា “យើងនឹងបាត់បង់មនុស្សប្រមាណពី80,000-100,000នាក់។ នោះគឺជារឿងដ៏អាក្រក់ខ្លាំងណាស់”។
ចំណែក CNN វិញ ក៏បានដកស្រង់ប្រភពព័ត៌មានពីវិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខភាព IHME (Institute for Health Metrics and Evaluation) នៃសាកលវិទ្យាល័យ Washington បានព្យាករថា តួលេខអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិក អាចឡើងដល់134,000នាក់ គិតត្រឹមដើមខែសីហា៕
ប្រភព៖ សារព័ត៌មានបរទេស