ក្រុមអាជ្ញាធរទីក្រុងនីវយ៉ក កាលពីថ្ងៃព្រហស្បតិ៍(ទី30មេសា) បានបើកការស៊ើបអង្កេតជាផ្លូវការ 1ថ្ងៃក្រោយពីប៉ូលិសបានរកឃើញសាកសពជាងកន្លះរយនាក់ស្ថិតក្នុងសភាពហើមរលួយ បញ្ចេញក្លិនស្អុយពេញក្នុងរថយន្តដឹកទំនិញ និងរថយន្តទេសចរណ៍(ឡានតួរីស) ដែលចតចោលនៅក្នុងបរិវេណផ្នែកខាងមុខកន្លែងប្រកបពិធីបុណ្យមួយកន្លែង ក្រោមស្ថានការណ៍វិបត្តិឆ្លងរាតត្បាតរបស់មេរោគវីរុសកូវីដ-19។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP។
បណ្ដាក្រុមអាជ្ញាធរ បានប្រទះឃើញទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលនេះកាលពីថ្ងៃពុធ(ទី29មេសា) ក្រោយពីពួកអ្នកស្រុកបានប្ដឹងទៅអាជ្ញាធរអំពីក្លិនស្អុយគម្រង់ ដែលសាយភាយចេញមកពីរថយន្តទាំង 2គ្រឿង ដែលចតនៅក្នុងបរិវេណផ្នែកខាងមុខកន្លែងប្រកបពិធីបុណ្យសព Andrew T.Cleckley ក្នុងតំបន់ប្រ៊ូគ្លីន រដ្ឋនីវយ៉ក។
“យើងកំពុងតែស៊ើបអង្កេតលើរឿងនេះ” លោក ហាវើដ សាក់ឃើរ គណៈកម្មការសាធារណៈសុខាភិបាលនៃរដ្ឋនីវយ៉ក បានប្រាប់ទៅអ្នកយកព័ត៌មាន ព្រមទាំងបានបញ្ជាក់ទៀតថា ខាងក្រសួងរបស់លោក មិនដែលបានទទួលពាក្យបណ្ដឹងណាមួយដែលពាក់ព័ន្ធនឹងកន្លែងប្រកបពិធីបុណ្យសពមួយនេះឡើយ តាំងពីដើមមក។
តាមរយៈការត្រួតពិនិត្យរយៈដំបូងរបស់ក្រុមអាជ្ញាធរ បានរកឃើញថា ប្រព័ន្ធម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់ក្លាស្សេនៅផ្នែកខាងក្រោយរបស់រថយន្តដឹកសាកសពទាំង 2គ្រឿងនោះមិនដំណើរការ ទើបធ្វើឱ្យសាកសពដែលត្រូវបានផ្ទុកនៅក្នុងនោះស្ថិតក្នុងស្ថានភាពគ្មានធាតុត្រជាក់ រហូតធ្វើឱ្យកើតមានក្លិនសាកសពសាយភាយចេញមកក្នុងអំឡុងពេលរង់ចាំនាំយកទៅប្រកបពិធីបញ្ចុះតាមសាសនា ខណៈដែលកន្លែងប្រកបពិធីបុណ្យសពនានានៅក្នុងទីក្រុងនីវយ៉កស៊ីធី ត្រូវទទួលរងបន្ទុកដ៏ធ្ងន់ធ្ងរក្នុងការចាត់ការសាកសពក្នុងចំនួនដ៏ច្រើន ដែលបានស្លាប់ដោយសារការឆ្លងមេរោគកូវីដ-19។
លោក ប៊ីល ដឺ ប្លាស៊ីអូ អភិបាលក្រុងនីវយ៉ក បានបញ្ជាក់ថា ការប្រតិបត្តិលើអ្នកស្លាប់របៀបនេះ គឺជារឿងដែលមិនអាចទទួលយកបានឡើយ។ លោកនិយាយថា “ទីកន្លែងប្រកបពិធីបុណ្យសព ត្រូវមានតួនាទីប្រតិបត្តិចំពោះសាកសពយ៉ាងមានកិត្តិយស”។
ចំណែកលោក Andrew Cleckley ដែលជាម្ចាស់កន្លែងប្រកបពិធីបុណ្យសពនោះ បានប្រាប់សារព័ត៌មាននីវយ៉ក ថាមស៍ថា ដូចជាអ្នកចាត់ការសាកសពដទៃទៀតទូទាំងទីក្រុងដែរ លោកត្រូវជួបនឹងចំនួនសាកសពដ៏ច្រើនហូរហៀរក្នុងអំឡុងការឆ្លងរាលដាលនៃមេរោគកូវីដ-19 ដូច្នេះហើយទើបយើងត្រូវប្រើរថយន្ត ផ្ទុកសាកសពដែលលើសចំណុះរបស់កន្លែងប្រកបពិធីរបស់យើងទុកមួយរយៈសិន ដោយសារតែក្នុងអំឡុងពេលនេះ កន្លែងប្រកបពិធីបុណ្យសពរបស់យើង ពេញហូរហៀរដោយសាកសពជាង 100សាកសពទៅហើយ។ លោកបន្ថែមថា “ខ្ញុំលែងមាននៅសល់កន្លែងសម្រាប់បញ្ចុះសាកសពទៀតហើយ”។
សារព័ត៌មាននៅក្នុងសហរដ្ឋអាមេរិក បានរាយការណ៍ដោយយោងលើប្រភពព័ត៌មានដែលបានបញ្ជាក់ថា មានសាកសពប្រមាណជា 60 ស្ថិតនៅក្នុងរថយន្តទាំង 2គ្រឿងនោះ។
មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ បានប្រហារជីវិតមនុស្សនៅក្នុងទីក្រុងនីវយ៉ករួចហើយចំនួនជាង 18,000នាក់ ក្នុងអំឡុងពេលមិនដល់ 2ខែផង ខណៈដែលដែនដីមួយនេះបានរងផលប៉ះពាល់ពីមេរោគកូវីដ-19 ធ្ងន់ធ្ងរជាងគេបំផុតនៅក្នុងប្រទេសអាមេរិក។
មានរបាយការណ៍ថា រោងតម្កល់សព, វាលបញ្ចុះសពទូទាំងទីក្រុងនីវយ៉ក សុទ្ធតែជួបនឹងបញ្ហាធ្ងន់ធ្ងរក្នុងការទប់ទល់នឹងចំនួនអ្នកស្លាប់ដែលកើនឡើងយ៉ាងលឿន បណ្ដាលឱ្យរថយន្តដឹកសាកសពដែលមានម៉ាស៊ីនត្រជាក់ បានក្លាយជារឿងមួយដែលគេមើលឃើញជាទូទៅនៅផ្នែកខាងក្រៅនៃមន្ទីរពេទ្យនានា ដែលពេញណែនដោយអ្នកជំងឺកូវីដ-19៕
ប្រភពៈ សារព័ត៌មានបរទេស