កងទ័ពជើងទឹកសហរដ្ឋអាមេរិក កាលពីម្សិលមិញ(12មេសា) បានបញ្ជាក់ថា បានរកឃើញនាវិកចំនួន103នាក់នៅលើនាវាផ្ទុកយន្តហោះចម្បាំង USS Theodore Roosevelt មានផ្ទុកវីរុសCOVID-19 នាំឱ្យចំនួនអ្នកផ្ទុកវីរុសនៅលើនាវានេះកើនដល់585នាក់។
យោងតាមស្ថិតិពីកងទ័ពជើងទឹកអាមេរិកាំង សមាជិកក្រុមនាវិកប្រមាណជា90% នៃនាវា USS Theodore Roosevelt ត្រូវបានធ្វើតេស្តរកវីរុសCOVID-19 ក្នុងនោះមានលទ្ធផលវិជ្ជមានចំនួន585នាក់ និងអវិជ្ជមានចំនួន3,724នាក់។
តួលេខនៃនាវិកនៅលើនាវា USS Theodore Roosevelt ដែលបានឆ្លងវីរុស មានចំនួន75% ក្នុងចំណោមអ្នកជំងឺសរុបនៅក្នុងជួរកងទ័ពជើងទឹកសហរដ្ឋអាមេរិក។
នាវិកម្នាក់ដែលបានឆ្លងវីរុសនៅលើនាវា USS Theodore Roosevelt កាលពីថ្ងៃទី10មេសាបានសន្លប់ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកងទ័ពជើងទឹកនៅលើកោះ Guam។
កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានរាយការណ៍អំពីករណីឆ្លងវីរុសCOVID-19 នៅលើនាវាផ្ទុកយន្តហោះចំនួន4គ្រឿង រួមមាននាវា Nimitz នាវា Ronald Reagan នាវា Carl Vinson និងនាវា Theodore Roosevelt រួមនឹងនាវាចម្បាំងមួយចំនួនផ្សេងទៀតផងដែរ។
សហរដ្ឋអាមេរិក បច្ចុប្បន្នមានអ្នកជំងឺសរុប554,226នាក់ កើន29,323នាក់ធៀបនឹងម្សិលមិញ ក្នុងនោះអ្នកស្លាប់មានចំនួន21,994នាក់។ ប្រទេសនេះជាសម្បុកមេរោគធំជាងគេបង្អស់នៅក្នុងពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស