រដ្ឋនីវយ៉ក រងវិបត្តិធ្ងន់ធ្ងរ ចំនួនអ្នកឆ្លងមេរោគកូវីដ-19 នៅតែហក់ឡើងឥតឈប់ ដល់ជាង 1.6សែននាក់ហើយ គ្រងស្ថិតិជារដ្ឋតែមួយគត់ដែលមានអ្នកឆ្លងមេរោគច្រើនជាងប្រទេសអេស្ប៉ាញ និងអ៊ីតាលីទាំងមូលទៅទៀត។
នៅថ្ងៃទី10 មេសានេះ វេបសាយ ដឹ សាន់ បានឱ្យដឹងថា មហាវិទ្យាល័យ ចន ហប់គីនស៍ នៅក្នុងសហរដ្ឋអាមេរិក បានរាយការណ៍ពីស្ថានការណ៍មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 រាតត្បាត ដែលនៅក្នុងរដ្ឋនីវយ៉ក កំពុងរងវិបត្តិកាន់តែធ្ងន់ធ្ងរឡើង គ្រងស្ថិតិជារដ្ឋតែមួយ ដែលមានចំនួនអ្នកឆ្លងមេរោគច្រើនជាងប្រទេសណាៗទាំងអស់លើពិភពលោក ព្រោះរហូតមកដល់ខណៈពេលនេះ បានរកឃើញអ្នកឆ្លងមេរោគក្នុងរដ្ឋមួយនេះរួចហើយដល់ទៅ 160,000នាក់ និងស្លាប់ជាង 7,000នាក់ ដែលនៅពេលប្រៀបធៀបជាមួយនឹងប្រទេសអេស្ប៉ាញ ជាប្រទេសដែលមានអ្នកឆ្លងមេរោគច្រើនបំផុតលំដាប់លេខ2 របស់ពិភពលោក មានអ្នកឆ្លងមេរោគប្រមាណ 150,000នាក់ និងអ៊ីតាលី មានអ្នកឆ្លងមេរោគកូវីដ-19 ច្រើនលំដាប់លេខ3 ក្នុងពិភពលោក ក្នុងចំនួនប្រមាណជា 140,000នាក់។
លោក អ៊ែនឌ្រូវ៍ ខូអូម៉ូ អភិបាលរដ្ឋនីវយ៉ក ដែលកំពុងធ្វើការយ៉ាងធ្ងន់ធ្ងរ ដើម្បីរិះរកវិធីទប់ទល់នឹងការរាតត្បាតរបស់មេរោគកូវីដ-19 ក្នុងរដ្ឋនីវយ៉ក បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយបានរិះគន់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក និងលោក ប៊ីល ដឹ ប្លាស៊ីអូ អភិបាលទីក្រុងនីវយ៉ក ដែលប្រកាសក្នុងថាមឡាញ អំពីការវិលត្រឡប់មកបើកមហានគរនីវយ៉កឡើងជាថ្មីម្ដងទៀត។
លោក អ៊ែនឌ្រូវ៍ ខូអូម៉ូ អភិបាលរដ្ឋនីវយ៉ក“ហេតុអ្វីបានជាពួកគេទស្សន៍ទាយថា ពលរដ្ឋនីវយ៉ក អាចបញ្ឈប់ការឆ្លងរាតត្បាតរបស់មេរោគកូវីដ-19បាននៅពេលណានោះ? ខណៈដែលប្រធានាធិបតី ត្រាំ ថែមទាំងទស្សន៍ទាយថា ប្រទេសអាមេរិក នឹងអាចវិលមកដំណើរការធុរកិច្ចបានដូចកាលពីដើម ក្នុងអំឡុងពិធីបុណ្យអ៊ីស្ទើរ៍ទៀតផង…ហេតុអីបានពួកលោកនិយាយបែបហ្នឹង?” លោក ខូអូម៉ូ ថ្លែងរិះគន់លោកប្រធានាធិបតី ត្រាំ និងបានចង្អុលបង្ហាញថា សូម្បីតែអ្នកជំនាញការផ្នែករោគឆ្លង ក៏នៅមិនទាន់ហ៊ានទស្សន៍ទាយបានផងថា តើការឆ្លងរាតត្បាតរបស់កូវីដ-19 នឹងចប់នៅពេលណានោះ?! តើអ្នកណាអាចនៅរង់ចាំមើលស្ថានការណ៍ និងនិយាយបានថា ពួកយើងកំពុងតែឆ្ពោះទៅកាន់ចំណុចណានោះ?។
ក្រៅពីនោះ លោកខូអូម៉ូ អភិបាលរដ្ឋនីវយ៉ក នៅបានថ្លែងយ៉ាងត្រង់ទៅត្រង់មកទៀតផងថា សម្រាប់ខ្លួនលោក គ្មានការគិតថា ការរាតត្បាតរបស់មេរោគកូវីដ-19 នឹងចប់នៅពេលណាឡើយ…មិនដឹងថា ក្រាហ្វិករបស់អ្នកឆ្លងមេរោគថ្មីក្នុងរដ្ឋនីវយ៉ក នឹងនៅតែហក់ឡើងខ្ពស់តទៅទៀត ឬក៏ចាប់ផ្ដើមថយចុះ ឬយ៉ាងណានោះឡើយ? ព្រោះពេលនេះ ពួកយើងនឹងដឹង ក៏នៅពេលដែលទៅដល់ចំណុចនោះហើយប៉ុណ្ណោះ។ ពួកយើងតាមដានព័ត៌មានតួលេខរៀងរាល់ថ្ងៃ។ លោកខូអូម៉ូ នៅបានថ្លែងអះអាងពីចំនួនអ្នកស្លាប់ដោយសារមេរោគកូវីដ-19 ក្នុងរដ្ឋនីវយ៉ក ថា មានចំនួន 7,067ហើយ ដែលនេះគឺជាចំនួនដែលច្រើនជាងចំនួនអ្នកស្លាប់ដោយសារហេតុការណ៍វិនាសកម្ម 9/11(យន្តហោះភេរវករបើកបំបុកអគារ វើល ថ្រេត សេនធើរ កាលពីឆ្នាំ2001) ក្រៅពីនោះ តួលេខនៃអ្នកស្លាប់ថ្មីៗ ក្នុងអំឡុង 24ម៉ោង នៅតែកើនឡើងខ្ពស់ដល់ទៅ 799នាក់ម្ដងទៀតដដែល កាលពីថ្ងៃទី8 មេសា កន្លងទៅ។
ទាំងអស់នេះ ចំនួនសរុបនៃអ្នកឆ្លងមេរោគវីរុសកូវីដ-19 នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងដល់ចំនួន 452,135នាក់ និងមានអ្នកស្លាប់ 16,513នាក់ រហូតជាប់លំដាប់ជាប្រទេសដែលមានអ្នកឆ្លងមេរោគកូវីដ-19 ច្រើនបំផុតលំដាប់លេខ1 របស់ពិភពលោក រួមទាំងមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត លំដាប់លេខ2 ក្នុងពិភពលោក បន្ទាប់ពីអ៊ីតាលី ដែលមានអ្នកឆ្លងមេរោគ 143,626នាក់ និងស្លាប់ 18,279នាក់៕
ប្រភព៖ សារព័ត៌មានបរទេស