ក្រុមនាវិករបស់នាវាផ្ទុកយន្តហោះចម្បាំង USS Theodore Roosevelt ចំនួន416នាក់ វិជ្ជមានជាមួយវីរុសCOVID-19 គឺប្រមាណជាជាងពាក់កណ្ដាលនៃករណីឆ្លងវីរុសសរុបនៅក្នុងជួរកងទ័ពជើងទឹកសហរដ្ឋអាមេរិក។
កងទ័ពជើងទឹកអាមេរិកាំង កាលពីថ្ងៃទី8មេសា បានឱ្យដឹងថា នៅក្នុងជួរកងទ័ពជើងទឹកទាំងមូល មានអ្នកឆ្លងវីរុសCOVID-19 យ៉ាងតិច714ករណី។ ក្នុងនោះក្រុមនាវិកនៃនាវាផ្ទុកយន្តហោះ USS Theodore Roosevelt មានចំនួនជាងពាក់កណ្ដាល ពោលគឺមាន416ករណី។
USS Theodore Roosevelt បានរកឃើញអ្នកផ្ទុកមេរោគCOVID-19 ដំបូងចំនួន3ករណីកាលពីថ្ងៃទី25មីនា នាំឱ្យនាវានេះត្រូវផ្អាកដំណើរការ និងចូលចតក្នុងកំពង់ផែ Guam ដើម្បីធ្វើតេស្តរកមេរោគទៅលើបុគ្គលិកជិត5,000នាក់។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ Jonathan Hoffman កាលពីសប្ដាហ៍មុនបានឱ្យដឹងថា បុគ្គលិកជាង2,300នាក់ក្នុងចំណោម2,700នាក់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីនាវា ហើយពួកគេក៏បានឡើងលើកោះ Guam។
នាវាផ្ទុកយន្តហោះអាមេរិកាំងចំនួន4គ្រឿង រួមមាន នាវា Nimitz នាវា Ronald Reagan នាវា Carl Vinson និងនាវា Theodore Roosevelt រួមនឹងនាវាចម្បាំងមួយចំនួនទៀត សុទ្ធតែបានរាយការណ៍ថា មានករណីឆ្លងវីរុសCOVID-19។
មេបញ្ជាការរបស់នាវាផ្ទុកយន្តហោះ Theodore Roosevelt លោក Brett E. Crozier ធ្លាប់បានសរសេរសំបុត្រសុំជំនួយ និងស្នើឱ្យជម្លៀសក្រុមនាវិកចំនួន4,000នាក់ចេញពីនាវានេះ ប៉ុន្តែ លោកត្រូវបានគេដកហូតចេញពីតំណែង ដោយចោទថាបានធ្វើឱ្យមានការភ័យស្លន់ស្លោដល់ក្រុមគ្រួសាររបស់ក្រុមនាវិកទាំងនោះ។
Covid-19 បានបង្ហាញខ្លួនដំបូងនៅប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2019។ បច្ចុប្បន្ន វីរុសនេះបានសម្លាប់មនុស្សយ៉ាងតិច 91,828នាក់ និងអ្នកជំងឺកំពុងប្រឈមនឹងការស្លាប់មានចំនួន48,510នាក់ ក្នុងចំណោមអ្នកជំងឺសរុប1,554,960នាក់៕
ប្រភព៖ សារព័ត៌មានបរទេស