មន្ទីរពិសោធន៍របស់នាយកដ្ឋានពេទ្យសត្វជាតិនៅតំបន់ Iowa បានបញ្ជាក់ថា មានសត្វខ្លាម៉ាឡេ (Malayan tiger) ញីមួយក្បាលមានអាយុ4ឆ្នាំ នៅឯសួនសត្វ Bronx ក្នុងរដ្ឋ New York ដែលបានឆ្លងវីរុសCOVID-19 ពេលនេះពួកវាបានធូរស្រាលខ្លះហើយ។
ថ្មីៗនេះ សត្វខ្លាញី Nadia និងខ្លាញីឈ្មោះ Azul មួយក្បាលដែលជាបងបង្កើតរបស់វា រួមនឹងខ្លា Amur 2ក្បាល និងតោអាហ្វ្រិក3ក្បាលទៀត សុទ្ធតែមានរោគសញ្ញក្អកស្ងួត។ ខ្លា និងតោទាំងនេះ ស៊ីចំណីតិចជាងមុន ប៉ុន្តែពួកវានៅតែមានសុខភាពល្អ ដោយមានការថែទាំរបស់ក្រុមគ្រូពេទ្យសត្វ។ ក្រុមគ្រូពេទ្យសត្វ មិនទាន់ដឹងច្បាស់ថា COVID-19 នឹងមានការវិវឌ្ឍន៍យ៉ាងណានៅលើសត្វខ្លា និងតោនោះទេ ព្រោះថាសត្វប្រភេទខុសគ្នា នឹងមានប្រតិកម្មខុសគ្នាជាមួយនឹងមេរោគ។
ក្រុមគ្រូពេទ្យបានប្រើថ្នាំផ្សះ (អង់ទីប្យូទិក) ដើម្បីព្យាបាលសត្វទាំងនេះ។ អ្នកមន្ត្រីនៅសួនសត្វខាងលើបានឱ្យដឹងថា ពួកមានសុខភាពល្អឡើងវិញហើយ ប៉ុន្តែ ពួកគេនៅតែតាមដានយ៉ាងយកចិត្តទុកដាក់។
សួនសត្វចំនួន4ដែលគ្រប់គ្រងដោយសមាគមអភិរក្សសត្វព្រៃនៅឯទីក្រុង New York រួមទាំងសួន Bronx ផងដែរ សុទ្ធតែបានបិទទ្វារចាប់ពីថ្ងៃទី16មីនា។ ក្រុមអ្នកជំនាញការបានព្រមានថា វីរុសអាចបង្កគ្រោះថ្នាក់ដល់បណ្ដាថនិកសត្វ និងត្រូវតែអនុវត្តវិធានការនានាដើម្បីកាត់បន្ថយហានិភ័យចំពោះស្វាក្រហម(Orangutan) រួមនឹងស្វាឪ(chimpanzees) និងស្វាហ្គោរីឡា(Gorilla)៕
ប្រភព៖ BBC