ចំនួនអ្នកឆ្លងមេរោគCOVID-19 នៅប្រទេសសិង្ហបុរី បានកើន74នាក់បន្ថែមទៀតហើយ ក្នុងរយៈពេល24ម៉ោងកន្លងទៅ ធ្វើឱ្យចំនួនសរុបនៃអ្នកជំងឺនេះ កើនដល់1,000ករណី ក្នុងនោះមាន4នាក់បានបាត់បង់ជីវិត។
ក្រសួងសុខាភិបាលសិង្ហបុរីបានឱ្យដឹងថា ករណីឆ្លងមេរោគថ្មី ត្រូវបានរកឃើញនៅក្នុងតំបន់មេរោគចំនួន2កន្លែង ក្នុងនោះក៏មានមជ្ឈមណ្ឌលថែទាំមនុស្សចាស់ផងដែរ។ 54ករណី គឺជាអ្នកជំងឺក្នុងស្រុក ហើយក្រៅពីនេះគឺជាអ្នកជំងឺ “នាំចូល”។ លោកយាយវ័យ102ឆ្នាំម្នាក់ ត្រូវបានគេបញ្ជាក់ថា ជាអ្នកជំងឺCOVID-19 ដែលមានអាយុច្រើនជាងគេបំផុតនៅប្រទេសសិង្ហបុរី។
ប្រទេសនេះក៏ទើបតែមានអ្នកស្លាប់ថ្មីម្នាក់ទៀតដោយសារ COVID-19 នាំឱ្យចំនួនអ្នកស្លាប់សរុបដោយសារវីរុសនេះកើនដល់4ករណី។ អ្នកជំងឺដែលបានជាសះស្បើយនៅនៅសិង្ហបុរី មានចំនួន245ករណី ខណៈដែលអ្នកជំងឺ461នាក់ទៀតកំពុងទទួលការព្យាបាល ក្នុងនោះមាន24នាក់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់។
រដ្ឋាភិបាលសិង្ហបុរី បានប្រកាសថា មជ្ឈមណ្ឌលថែទាំមនុស្សចាស់ទាំងអស់ត្រូវផ្អាកទទួលភ្ញៀវមកសួរសុខទុក្ខ រហូតដល់ថ្ងៃទី30មេសា។ សិង្ហបុរី កំពុងតែអនុវត្តវិធានការកណ្ដាប់ដៃដែក ដើម្បីបន្ថយល្បឿននៃការឆ្លងវីរុសCOVID-19។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Straits Times។
វិធានការក្ដៅ1 ក្នុងចំណោមវិធានការដែលរដ្ឋាភិបាលកំពុងអនុវត្ត នោះគឺ “ការពិន័យ”។ ពលរដ្ឋទាំងអស់ត្រូវបានហាមមិនឱ្យឈរ ឬអង្គុយនៅក្បែរគ្នាក្រោម1ម៉ែត្រនៅទីសាធារណៈ។ បើសិនពលរដ្ឋណារំលោភបទបញ្ជានេះនឹងត្រូវទទួលពិន័យជាទឹកប្រាក់7,000ដុល្លារអាមេរិក ហើយត្រូវជាប់ព័ន្ធនាគារ6ខែ។ សម្រាប់ក្រុមហ៊ុនអាជីវកម្មនានា ក៏ត្រូវដាក់កៅអីឱ្យឆ្ងាយពីគ្នាយ៉ាងហោចត្រឹម1ម៉ែត្រ ដើម្បីជួយឱ្យភ្ញៀវមកទិញទំនិញ ឬបុគ្គលិក មានសុវត្ថិភាព ហើយក្រុមហ៊ុនណាដែលបំពានបទបញ្ជានេះ ក៏នឹងត្រូវទទួលពិន័យដូចខាងលើ។
COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន203 បណ្ដាលឱ្យមនុស្សប្រមាណជា936,045នាក់បានឆ្លងមេរោគ ក្នុងនោះមាន47,245នាក់បានបាត់បង់ជីវិត និង35,610នាក់កំពុងមានអាការធ្ងន់ធ្ងរ និងប្រមាណជា194,576នាក់បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស