ប្រធានាធិបតីសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចទំហំ2.2លានលានដុល្លារ ដើម្បីជួយដល់បណ្ដាក្រុមហ៊ុន និងកម្មករអាមេរិកាំងដែលជួបការលំបាកដោយសារវីរុសCOVID-19។
“ខ្ញុំសូមថ្លែងអំណរគុណចំពោះតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដែលបានសាមគ្គីគ្នា និងយកប្រទេសជាតិជាធំ” ប្រធានាធីបតីសហរដ្ឋអាមេរិក Donald Trump មានប្រសាសន៍កាលពីថ្ងៃទី27មីនាកន្លងទៅ បន្ទាប់ពីបានចុះហត្ថលេខាលើកញ្ចប់ថវិកាជំនួយខាងលើ។ លោកបន្ថែមថា “យើងត្រូវបានវាយប្រហារយ៉ាងខ្លាំងក្លាដោយសត្រូវលាក់មុខ។ ក៏ប៉ុន្តែ ខ្ញុំគិតថា យើងនឹងងើបឡើងវិញបានយ៉ាងឆាប់រហ័ស”។
នៅមុនពេលចុះហត្ថលេខា លោក Trump បានលើកតម្កើងអំពីទំហំនៃកញ្ចប់ជំនួយដែលមានទឹកប្រាក់ជាង2លានលានដុល្លារនេះ។ “កន្លងមក ខ្ញុំមិនដែលបានចុះហត្ថលេខាលើអ្វីមួយដែលមានអក្សរលានលានដូច្នេះនោះទេ”។
មុននេះ កញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចដែលមានទំហំទឹកប្រាក់ធំជាងគេបង្អស់់ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកនាសម័យនេះ ក៏ត្រូវបានអនុម័តយល់ព្រមដោយសភាជាន់ខ្ពស់អាមេរិកាំងរួចហើយ។ កញ្ចប់ថវិកានេះនឹងផ្ដល់ជំនួយរាប់ពាន់លានដុល្លារ ទៅឱ្យបណ្ដាក្រុមហ៊ុនឧស្សាហកម្មដែលកំពុងជួបការលំបាក និងជួយកាត់បន្ថយអត្រាបាត់បង់ការងារ ព្រមទាំងផ្ដល់ជំនួយជាសាច់ប្រាក់សុទ្ធដល់ពលរដ្ឋដែលត្រូវរងគ្រោះព្រោះវីរុសCOVID-19។
អ្វីដែលពលរដ្ឋអាមេរិកាំងមានការសប្បាយចិត្តជាងគេនោះគឺ គម្រោងជំនួយផ្ទាល់ដល់ប្រជាជន។ ក្នុងគម្រោងជំនួយនេះ ពលរដ្ឋណាដែលមានចំណូលទាបជាង75,000ដុល្លារក្នុង1ឆ្នាំ នឹងទទួលបានប្រាក់សុទ្ធ 1,200ដុល្លារក្នុងមនុស្សម្នាក់។
មន្ទីរពេទ្យនានានឹងទទួលបានជំនួយសរុប 100ពាន់លានដុល្លារពីកញ្ចប់ជំនួយខាងលើ។ ចំណែកក្រុមហ៊ុនតូចៗនឹងទទួលបានទឹកប្រាក់សរុប 350ពាន់លានដុល្លារ។ ក្រុមហ៊ុនធំៗដែលរួមទាំងក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុននាវាទេសចរណ៍ នឹងទទួលបានជំនួយសរុប 500ពាន់លានដុល្លារ។ ចំណែក150ពាន់លានដុល្លារផ្សេងទៀតទុកសម្រាប់ជួយជំរុញសេដ្ឋកិច្ចរបស់រដ្ឋនីមួយៗ រួមនឹងតំបន់មូលដ្ឋានផងដែរ។
យោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopskins ចំនួនអ្នកឆ្លងវីរុសCOVID-19 នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី27មីនាបានកើន16,961ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងមេរោគសរុបឡើងដល់ 102,936ករណី ក្នុងនោះអ្នកស្លាប់សរុបបានកើនដល់ 1,607ករណី ពោលគឺកើន312ករណី បើធៀបនឹងមុននេះមួយថ្ងៃ។ បច្ចុប្បន្ន សហរដ្ឋអាមេរិក បានក្លាយជាសម្បុកមេរោគCOVID-19 ធំជាងគេបង្អស់នៅទូទាំងពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស