ក្រសួងការបរទេសសហរដ្ឋអាមេរិក ថ្ងៃនេះបានប្រកាសផ្អាកការផ្ដល់ទិដ្ឋាការធម្មតារបស់ខ្លួន នៅទូទាំងពិភពលោក ដោយសារ COVID-19 ប៉ុន្តែ ទិដ្ឋាការចាំបាច់បន្ទាន់នៅតែត្រូវបានពិចារណាដូចមុន។
“ដើម្បីទប់ទល់នឹងបញ្ហាធំនៅលើពិភពលោកដែលទាក់ទងនឹងរោគរាតត្បាត COVID-19 ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រកាសផ្អាកការផ្ដល់ទិដ្ឋាការធម្មតានៅគ្រប់ស្ថានទូត និងស្ថានកុងស៊ុល នៅទូទាំងពិភពលោក។ ទិដ្ឋាការប្រញាប់បន្ទាន់ នៅតែត្រូវបានទទួលយកមកពិចារណា បើសិនបណ្ដាស្ថានទូត និងស្ថានកុងស៊ុលសហរដ្ឋអាមេរិក មានបុគ្គលិកគ្រប់គ្រាន់” នេះបើតាមអនុសាសន៍ស្ដីអំពីការធ្វើដំណើរ ដែលត្រូវបានក្រសួងការបរទេសអាមេរិកាំងប្រកាសកាលពីថ្ងៃទី20មីនាកន្លងទៅ។
មុននេះ សហរដ្ឋអាមេរិក ក៏បានផ្អាកការផ្ដល់ទិដ្ឋាការនៅឯការិយាល័យតំណាងក្រសួងការបរទេសរបស់ខ្លួននៅក្រៅប្រទេសរួចទៅហើយដែរ។ ពលរដ្ឋបណ្ដាប្រទេសនៅអឺរ៉ុប និងប្រទេសមួយចំនួននៅអាស៊ី ដែលធ្លាប់មានសិទ្ធិធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដោយមិនចាំបាច់មានទិដ្ឋាការ នឹងមិនរងផលប៉ះពាល់នោះទេ។ ប៉ុន្តែ សហរដ្ឋអាមេរិក បានចេញបទបញ្ជាថ្មី ហាមធ្វើដំណើរទៅ-មក ចំពោះពលរដ្ឋចំនួន28ប្រទេសនៅអឺរ៉ុប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19។
មកដល់ពេលនេះ សហរដ្ឋអាមេរិក បានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាចំនួន 16.058នាក់ កើនជាង650នាក់ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ក្នុងនោះមាន 219នាក់បានស្លាប់ និងជាង125នាក់បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស