ស្ត្រីជាម្ដាយម្នាក់ រួមនឹងកូន2នាក់ នៅក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក បានស្លាប់ដោយសារឆ្លងវីរុស COVID-19 ចំណែកកូនៗ4នាក់ផ្សេងទៀតក៏បានឆ្លងមេរោគនេះ។
លោកយាយ Grace Fusco អាយុ73ឆ្នាំ បានបាត់បង់ជីវិតកាលពីថ្ងៃទី18មីនាកន្លងទៅ 5ថ្ងៃក្រោយមក កូនស្រីច្បងរបស់លោកយាយ Grace Fusco ឈ្មោះ Rita Fusco-Jackson អាយុ55ឆ្នាំ ក៏បានស្លាប់ដោយសារមេរោគកូរ៉ូណានេះ។ ប៉ុន្មានម៉ោងមុនការស្លាប់របស់អ្នកស្រី Rita Fusco-Jackson កូនប្រុសម្នាក់របស់លោកយាយ Grace Fusco ឈ្មោះ Carmine Fusco នៅក្នុងរដ្ឋ Pennsylvania ក៏បានបាត់បង់ជីវិតដោយសារ COVID-19។
លោកយាយ Grace Fusco មានកូន11នាក់ និងចៅ27នាក់។ ដោយសារតែបានឆ្លង COVID-19 និងត្រូវព្យាបាលជំងឺ លោកយាយ Carmine Fusco មិនបានដឹងថា កូនរបស់គាត់2នាក់ បានស្លាប់សោះឡើយ។
អ្នកជិតខាងម្នាក់ បាននិយាយថា កូនៗ4នាក់ផ្សេងទៀតរបស់លោកយាយ Grace Fusco ក៏បានឆ្លងរោគកូរ៉ូណា និងកំពុងព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងនោះមាន3នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មនុស្សចំនួន20 ដែលជាសាច់ញាតិរបស់លោកយាយ Grace Fusco បច្ចុប្បន្ន ត្រូវគេដាក់ឱ្យនៅដាច់ដោយឡែកក្នុងផ្ទះ ហើយក៏មិនបានចូលរួមពិធីបុណ្យសពរបស់ពួកគេនោះដែរ។
COVID-19 ប្រហែលជាបានឆ្លងទៅក្នុងគ្រួសារលោកយាយ Grace Fusco តាំងពីពេលដែលពួកគេជួបជុំគ្នាកាលពីដើមខែនេះ។ ម្នាក់ដែលបានចូលរួមក្នុងពិធីជួបជុំគ្រួសារយប់នោះ ក៏ធ្លាប់បានទំនាក់ទំនងផ្ទាល់ជាមួយ John Brennan ដែលជាពលរដ្ឋដំបូងរបស់រដ្ឋ New Jersey ដែលបានស្លាប់កាលពីថ្ងៃទី10មីនា ដោយសារឆ្លង COVID-19។
Judith M. Persichilli មេដឹកនាំផ្នែកសុខាភិបាលនៃរដ្ឋ New Jersey យល់ថា សោកនាដកម្មរបស់គ្រួសារនេះ គឺភ័ស្តុតាងបញ្ជាក់ថា ការជួបជុំមនុស្សច្រើន គឺជាមូលហេតុដែលអាចនាំឱ្យមនុស្សស្លាប់បាន នៅក្នុងអំឡុងពេលវីរុស COVID-19 កំពុងរាតត្បាតពិភពលោក។
COVID-19 បានឆ្លងរាលដាលដល់ប្រទេស និងដែនដី ចំនួន176 ក្នុងពិភពលោក បណ្ដាលឱ្យមនុស្សជាង227,000នាក់ក្លាយជាអ្នកជំងឺរលាកសួតប្រភេទថ្មី និងជាង 9,300នាក់បានស្លាប់ និងជិត 86,000នាក់បានជាសះស្បើយ។ នៅសហរដ្ឋអាមេរិក បច្ចុប្បន្ន មានអ្នកឆ្លងរោគនេះចំនួនជាង 9,400នាក់ ក្នុងនោះមាន155នាក់បានស្លាប់។ រដ្ឋចំនួន50 និងរដ្ឋធានី Washington របស់សហរដ្ឋអាមេរិក សុទ្ធតែមានករណីឆ្លង COVID-19៕
ប្រភព៖ សារព័ត៌មានបរទេស