ចំនួនមនុស្សដែលបានឆ្លងវីរុស COVID-19 នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី1,000នាក់ហើយ នេះបើតាមស្ថិតិថ្មីបំផុត។
យោងតាមស្ថិតិរបស់ទីភ្នាក់ងារសារព័ត៌មាន CNN និងសកលវិទ្យាល័យ Johns Hopkins ចំនួនអ្នកបានឆ្លងមេរោគ COVID-19 នៅសហរដ្ឋអាមេរិក គិតមកដល់ពេលនេះ បានកើនលើសពី1,000នាក់។ ចំនួនអ្នកជំងឺដែលត្រូវបានទទួលស្គាល់ដោយអាជ្ញាធរ បានកើនទ្វេដង ចាប់ពីថ្ងៃទី8មីនា ឆ្នាំ2020។
តួលេខនៃអ្នកស្លាប់ដោយសារវីរុស COVID-19 នៅសហរដ្ឋអាមេរិក មកដល់ពេលនេះ ក៏បានកើនដល់31នាក់។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់រោគរបស់សហរដ្ឋអាមេរិក វីរុសបង្កជំងឺរលាកសួតប្រភេទថ្មីនេះ បានបង្ហាញខ្លួននៅក្នុងរដ្ឋចំនួន35 នៅទូទាំងសហរដ្ឋអាមេរិក។ ជិតពាក់កណ្ដាលនៃអ្នកជំងឺ គឺស្ថិតនៅក្នុងរដ្ឋចំនួន3 គឺ រដ្ឋ Washington រដ្ឋ California និងរដ្ឋ New York។
Washington បច្ចុប្បន្ន នៅតែជារដ្ឋដែលទទួលរងផលអាក្រក់បំផុតពីរោគរាតត្បាត COVID-19 នៅសហរដ្ឋអាមេរិក ដោយមានអ្នកជំងឺចំនួន273នាក់ និងអ្នកស្លាប់ចំនួន24នាក់។ ចំណែក California និង New York វិញ គឺមានអ្នកជំងឺជាង100នាក់ដូចគ្នា ខណៈដែល Massachusetts មានអ្នកជំងឺ 92នាក់។
យ៉ាងហោចណាស់ មានរដ្ឋចំនួន8 នៅសហរដ្ឋអាមេរិក បានប្រកាសភាពអាសន្ន ដោយសារវីរុស COVID-19។ ការ ប្រកាសអាសន្ននេះនឹងអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋាន ប្រើប្រាស់រាល់មធ្យោបាយបន្ទាន់ទាំងអស់ ដើម្បីទប់ទល់នឹងរោគរាតត្បាត។ ក្រៅពីនេះ ទីក្រុង និងតំបន់មួយចំនួនរបស់សហរដ្ឋអាមេរិក ក៏បានប្រកាសអាសន្នដោយខ្លួនឯង ទាក់ទិននឹងផ្នែកវេជ្ជសាស្ត្រ ដើម្បីទប់ស្កាត់ COVID-19។
លោកវេជ្ជបណ្ឌិត Anthony Fauci អគ្គនាយកនៃវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (National Institute of Allergy and Infectious Diseases) កាលពីថ្ងៃទី8មីនា បានឱ្យដឹងថា ប្រទេសនេះអាចនឹងពិចារណាក្នុងការរឹតត្បិតទៅលើការដើរហើររបស់ប្រជាជន ទៅកាន់តំបន់ដែលមានមនុស្សច្រើន បើសិនរោគរាតត្បាតនេះ នៅតែបន្តឆ្លងរាលដាល។ លោកបានបដិសេធចំពោះការប្រើវិធានការដាក់បម្រាមគោចរទ្រង់ទ្រាយធំដូចនៅប្រទេសចិន និងប្រទេសអ៊ីតាលី ក៏ប៉ុន្តែ លោកក៏បានសង្កត់ធ្ងន់ថា សេណារីយ៉ោ ណា ក៏អាចកើតមានឡើងនោះដែរ៕
ប្រភព៖ សារព័ត៌មានបរទេស