បុគ្គលិកម្នាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យា “ខ្នាតយក្ស” Apple នៅឯទីក្រុង Cork ក្នុងប្រទេសអៀរឡង់ ត្រូវបានរកឃើញថា មានផ្ទុកវីរុស COVID-19 ហើយបានក្លាយជាអ្នកឆ្លងមេរោគកូរ៉ូណាដំបូងគេក្នុងក្រុមហ៊ុននេះ។
“ម្នាក់ក្នុងចំណោមបុគ្គលិករបស់យើង ដែលធ្វើការនៅក្នុងទីក្រុង Cork ត្រូវបានរកឃើញថាមានផ្ទុក COVID-19។ យើងកំពុងសហការជាមួយក្រុមមន្ត្រីសុខាភិបាលមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហានេះ។ ចំណែកអ្នកជំងឺវិញ កំពុងបង្ខាំងខ្លួនឯងនៅឯផ្ទះរបស់គាត់” នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យនៃក្រុមហ៊ុន Apple ដែលចុះផ្សាយដោយសារព័ត៌មាន CNBC។
Apple យល់ថា ការឆ្លងរោគពីអ្នកជំងឺនេះ គឺមានហានិភ័យទាប។ យ៉ាងណាក៏ដោយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ក្រុមហ៊ុននេះក៏បានស្នើឱ្យសមាជិកមួយចំនួនក្នុងក្រុមដែលមានជាប់ទាក់ទិននឹងអ្នកជំងឺខាងលើ ធ្វើការនៅឯផ្ទះ ហើយក្រុមហ៊ុន Apple ក៏កំពុងតែធ្វើការជាមួយរដ្ឋបាលសុវត្ថិភាព និងសុខភាពដើម្បីវាយតម្លៃស្ថានភាពនៃករណីនេះ។
តំណាងក្រុមហ៊ុន Apple បានអះអាងថា “យើងកំពុងអនុវត្តវិធានការទប់ស្កាត់ចាំបាច់នានា ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល”។
មុននេះ Apple ក៏បានណែនាំឱ្យបុគ្គលិករបស់ខ្លួន ធ្វើការនៅឯផ្ទះ “បើសិនមានលក្ខខណ្ឌអំណោយផល” ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏កំពុងតែ “កាត់បន្ថយចំនួនមនុស្សនៅក្នុងការិយាល័យ” និង “ធានាចំពោះបុគ្គលិកដែលមកធ្វើការក្នុងការិយាល័យ ដើម្បីឱ្យពួកគេទទួលបានសុវត្ថិភាព និងស្ងប់ចិត្តក្នុងពេលធ្វើការ” ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃវីរុស COVID-19។
យោងតាមស្ថិតិនាថ្ងៃទី11មីនា វីរុសកូរ៉ូណា COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន119 នៅទូទាំងពិភពលោក បណ្ដាលឱ្យមនុស្សចំនួន 119,027នាក់ បានឆ្លងជំងឺនេះ ក្នុងនោះមាន 4.284នាក់បានបាត់បង់ជីវិត។ ដោយឡែកនៅអៀរឡង់ មានអ្នកជំងឺកូរ៉ូណាចំនួន 34នាក់ ប៉ុន្តែ មិនទាន់មានករណីស្លាប់ដោយសារវីរុសនេះនៅឡើយ៕
ប្រភព៖ សារព័ត៌មានបរទេស